ខេត្តកំពង់ចាម ៖ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ បុរសម្នាក់បានទាញកាំបិតពូថៅដេញកាប់សម្លាប់ប្រពន្ធកូន ធ្វើឱ្យស្ត្រីជាប្រពន្ធភ័យបាននាំកូនរត់គេចខ្លួន ស្រាប់តែបុរសជាប្តីមួម៉ៅក្តៅចិត្ត ក៏ចូលទៅសម្ងំក្នុងផ្ទះចាក់សោទ្វារជាប់ រួចចាក់សាំងដុតផ្ទះចោល ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះជួយអន្តរាគមន៍ ពន្លត់ភ្លើងទាន់ពេល និងព្យាយាមលួងលោមឱ្យបុរសរូបនោះចុះមកដីដែរ ប៉ុន្តែមិនបានសម្រេច ទើបឈានដល់ការប្រើវិធានការណ៍ក្តៅ ទម្លុះដំបូល ទម្លាយជញ្ជាំងផ្ទះ ចូលចាប់ឃាត់ខ្លួនតែម្តង ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង នៅចំណុចភូមិតាអុង ឃុំបឹងណាយ ស្រុកព្រៃឈរ។

ជនបង្កហេតុជាប្តី មានឈ្មោះនួន ទីលុន អាយុ៣៨ឆ្នាំ (មានជម្ងឺសរសៃប្រសាទ) ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ប្រភពដដែលបន្តថា វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ ទំនងជាអាការជំងឺរើឡើង ទើបធ្វើឱ្យជនសង្ស័យ ចាប់ផ្តើមបង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏ស្ទុះទៅទាញកាំបិត ពូថៅបំណងកាប់សម្លាប់ប្រពន្ធកូនចោល ធ្វើឱ្យ ស្ត្រី ជាប្រពន្ធ ប្រញាប់នាំកូនជញ្ជូនចៅ រត់ចុះចេញពីផ្ទះ គេចទៅសម្ងំលាក់ខ្លួន បន្ទាប់ពីដេញកាប់ប្រពន្ធកូនខ្លួនឯងអត់បាន ធ្វើឱ្យជនសង្ស័យកាន់តែឆេះឆួលកំហឹង ក៏ឡើងទៅលើផ្ទះ រើយកដំបង ចម្ពាមកៅស៊ូ កាំបិត ពូថៅ មកកាន់ រួចក៏បិទខ្ទប់ទ្វារចាក់សោពីក្នុងជាប់ បន្ទាប់មកក៏ធ្វើសកម្មភាពចាក់សាំងដុតផ្ទះខ្លួនឯង តែភ្លាមនោះត្រូវស្ត្រីជាប្រពន្ធ រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ជួយពន្លត់ភ្លើងបានទាន់ពេលវេលា។

សមត្ថកិច្ចបានបញ្ជាក់ប្រាប់ថា ក្រោយពីចុះអន្តរាគមន៍ពន្លត់ភ្លើង ដែលជនសង្ស័យប៉ុនប៉ងដុតផ្ទះខ្លួនឯងចោលរួចហើយ សមត្ថកិច្ចបានព្យាយាមប្រើវិធីសាស្ត្រត្រជាក់ លួងលោម ចរចាឱ្យជនសង្ស័យខាងលើជុះមកដោះស្រាយគ្នា តាំងពីថ្ងៃត្រង់ រហូតដល់យប់ ប៉ុន្តែមិនបានសម្រេចសោះឡើយ ដោយជនសង្ស័យនៅតែសម្ងំលើផ្ទះ ចាក់សោទ្វារពីខាងក្នុង និងកាន់កាំបិតខ្វែវ ពូថៅ ដាវ ព្រមទាំងយកចម្ពាមកៅស៊ូបាញ់គ្រាប់ដែក មកលើសមត្ថកិច្ច បណ្តាលឱ្យរងរបួស៣នាក់ និងត្រូវប្រជាពលរដ្ឋរងរបួស២នាក់ទៀតផង។ លុះដល់ម៉ោង៩ និង ០៨នាទីយប់ថ្ងៃដដែលនោះ សមត្ថកិច្ខក៏សម្រេចសុំគោលការណ៍ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ដោយសម្រេចប្រើវិធានការណ៍ក្តៅ គាស់ដំបូល និងជញ្ជាំងផ្ទះ រួចសម្រុកុចូលទៅបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ បានដោយជោគជ័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដើម្បីសួរនាំ និងរៀបចំកសាងសំណុំរឿងបពាន្ជូទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕