ខេត្តកណ្តាល ៖ បុរស២នាក់ ក្រោយពីផឹកស្រាស្រវឹងស្រឿងៗ បើករថយន្តត្រឡប់ទៅផ្ទះវិញ នៅតាមផ្លូវជួបស្ថានភាពចង្អៀត និងត្រូវយុវជនជាអ្នកបើករថយន្តដឹកសិស្សសាលាម្នាក់ ចុចស៊ីផ្លេច្រើនដងពេក ស្រាប់តែផ្ទុះកំហឹងស្ទុះទៅរករឿង ដាល់ជនរងគ្រោះ១ដៃ បណ្តាលឱ្យប៉ោងមុខ ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានម្នាក់ នាំយកទៅចាត់ការតាមច្បាប់ ខណៈម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ករណីហិង្សាផ្តើមចេញពីរឿងស៊ីផ្លេរថយន្តដាក់គ្នានេះ បានកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុច ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល។

យុវជនរងគ្រោះដែលត្រូវជនបង្កដាល់ប៉ោងមុខ ព្រោះតែចុចស៊ីផ្លេច្រើនដងពេក មានឈ្មោះឈុន ដារ៉ាវិសាល អាយុ២១ឆ្នាំ មុខរបរជា អ្នកបើកបររថយន្តដឹកសិស្សសាលាឯកជន NIC ធ្វើការនិងស្នាក់នៅក្នុងសាលាខាងលើ ស្ថិតក្នុងភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល។ ចំណែកជនសង្ស័យមានគ្នា២នាក់ ទី១-ឈ្មោះខៀវ ប៊ុនសែន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរប្រធានសហព័ន្ធសហជីពសម្លេងកម្មករ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (ឃាត់ខ្លួន) និងទី២-ឈ្មោះរីដេត ដាំរិន ហៅដូ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មានមុខរបរជាមន្ត្រីសហព័ន្ធសហជីពសន្តិភាពដើម្បីកម្មករ (កំពុងរត់គេចខ្លួន)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យទាំង២នាក់ខាងលើ បានមកដឹកនាំកម្មករធ្វើបាតុកម្មនៅរោងចក្រ QMI ហើយពួកគេក៏នាំគ្នាទៅផឹកស៊ីនៅចំណុចកើតហេតុ ក្រោយមកជនសង្ស័យទាំង២នាក់ ក៏បានសុំត្រឡប់ទៅផ្ទះមុន លុះពេលបើករថយន្តចេញផ្លូវតូចចង្អៀត ស្របពេលនោះ ជនរងគ្រោះបើករថយន្តដឹកសិស្សមកដល់ ដោយស្ទះចរាចរណ៍ ទើបជនរងគ្រោះបានចុចស៊ីផ្លេជាច្រើនដង ធ្វើឱ្យជនសង្ស័យគិតថា ជនរងគ្រោះស៊ីផ្លេឌឺដងដាក់ខ្លួន ទើបកើតជាកំហឹង ក៏ស្ទុះចេញទៅរករឿង និងបានវាយជនរងគ្រោះ ចំភ្នែកខាងឆ្វេង១ដៃ ឃើញដូច្នេះបក្ខពួកគេម្នាក់ទៀតបានស្ទះចេញពីកន្លែងស៊ីផឹក មកវាយជនរងគ្រោះជាច្រើនដៃ ធ្វើឱ្យសិស្សនៅក្នុងរថយន្តភ័យ រត់ចេញពីរថយន្តស្រែកពេញផ្លូវ។ ស្ថិតក្នុងសភាពបែបនេះ ជនសង្ស័យទី១ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកជនរងគ្រោះដឹកសិស្សទៅសិន ហើយចាំដោយស្រាយគ្នាជាក្រោយ។ លុះក្រោយពេលដឹកសិស្សដាក់តាមផ្ទះរួច ជនរងគ្រោះក៏ប្តឹងនគរបាលប៉ុស្តិ៍ឱ្យចុះទៅឃាត់ខ្លួនចាត់ការតាមផ្លូវ ច្បាប់តែម្តង៕