ខេត្តបាត់ដំបង ៖ ហាងខារ៉ាអូខេមួយកន្លែង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដោយសង្ស័យថាផ្តើមចេញពីមូលហេតុទុស្សេខ្សែ ភ្លើង បង្កឱ្យនារីៗដែលបម្រើការនៅក្នុងហាងខារ៉ាអូខេ ដែលកំពុងដេកលង់លក់ ភ្ញាក់ដឹងខ្លួន ស្រែកឆោឡោ នាំគ្នារត់គេចចេញពីអណ្តាតភ្លើង ទាំងព្រលឹងចុងសក់ តែសំណាងល្អ មិនមានអ្នកណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ។

ហេតុការណ៍គ្រោះអគ្គិភ័យឆេះខារ៉ាអូខេនេះ បានកើតមានការផ្អើលឆោឡោឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងខារ៉ាអូខេ យីហោ កោះតៃវ៉ាន់ មានទីតាំងស្ថិតក្នុងភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

ហាងខារ៉ាអូខេ កោះតៃវ៉ាន់ ដែលទទួលរងការឆាបឆេះនោះ មានថៅកែឈ្មោះថាច់ សង្វាត ហៅវ៉ាត ភេទប្រុស អាយុ៥២ឆ្នាំ។

ខណៈដែលកើតហេតុការណ៍ឆាបឆេះនេះភ្លាម គេឃើញកម្លាំងពន្លត់អគ្គីភ័យ បានចុះអន្តរាគមន៍ភ្លាមៗ និងបានប្រឹងប្រែងបាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំផងដែរ។

តាមប្រភពពីសមត្ថកិច្ចអគ្គីភ័យ នេះទំនងផ្តើមចេញពីការទុស្សេខ្សែភ្លើងនៅក្នុងបន្ទប់ខារ៉ាអូខេ ហើយឆាបឆេះទាំងស្រុងតែម្តង ដោយមិនអាចរំដោះសម្ភារអ្វីបានឡើយ តែសំណាងល្អ នារីៗដែលស្នាក់នៅក្នុងក្លឹបនេះ បានរត់រួចដោយសុវត្ថិភាព៕


