ភ្នំពេញ ៖ បុរសជាមន្ត្រីយោធា ត្រូវបានបណ្តេញចេញពីអង្គភាពម្នាក់បានបែកគំនិតធ្វើសកម្មភាពលួចរថយន្ត១គ្រឿង លុះជនរងគ្រោះជាម្ចាស់រថយន្តដាក់ពាក្យបណ្តឹង ក៏ត្រូវកម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានប្រតិបត្តិការយ៉ាងក្តៅគគុក ចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការចាប់ខ្លួនមន្ត្រីយោធាលួចរថយន្តខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះល្វែង ជាប់ផ្សារស៊ិនជូរី ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយិន តារា អាយុ៤៧ឆ្នាំ ជាអតីតមន្ត្រីយោធា ត្រូវបណ្តេញចេញពីអង្គភាព បច្ចុប្បន្នរស់នៅផ្ទះល្វែងជាន់ទី៣ លេខ២០E2C និងមានស្រុកកំណើតនៅភូមិខ្សាម សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះ ឡាច ចរិយា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ ២២E2 ភូមិតាងួន សង្កាត់កាកាបទី១ និងមានស្រុកកំណើតនៅភូមិកោះគរ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ រីឯរថយន្តដែលជនសង្ស័យលួចយក ទៅ ម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ស៊េរីឆ្នាំ១៩៩៤ ពាក់ស្លាកលេខភ្នំពេញ 2E-7708។

ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចកំពុងស្វែងរកវត្ថុតាងបន្ថែម ដើម្បីកសាងសំណុំរឿង និងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌ ចាត់ការបន្តតាមផ្លូវច្បាប់៕



