បន្ទាប់ពីបែកធ្លាយថ្លៃបណ្ណាការ ដែលលោកឧត្តមសេនីយ៍ត្រី ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល ជូនខាងស្រី១០ម៉ឺនដុល្លារ ចិញ្ចៀនពេជ្រ២វង់ និងរថយន្តលុចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ២២ម៉ឺនដុល្លារអាមេរិក ក្នុងថ្ងៃភ្ជាប់ពាក្យជាមួយក្មេងស្រីស្រស់ស្អាតនោះ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយចំនួនចោទជាសំណួរថា ប្រាក់ខែដូចមិនច្រើនទេ តែហេតុដូចម្តេច មានប្រាក់ច្រើនម្លេះ???

នៅក្នុងគណនីឈ្មោះ San Prum បានសរសេរសារបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកថា “ពិធីភ្ជាប់ពាក្យលោកឧត្តមសេនីយ៍ត្រីស្រេង សុខា ជាមួយក្មេងស្រីស្រស់ស្អាត ធ្វើនៅផ្សារអ្នកលឿង (ត្រើយខាងកើត) ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។ ពិធីភ្ជាប់ពាក្យលោកស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្តាល បានធ្វើឲ្យប្រជាពលរដ្ឋអ្នកជិតខាងបានលាន់មាត់ និងមានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ ហើយថែមទាំងបានស្ញើចសរសើរផងដែរ។

ក្រោយពីបានឃើញព័ត៌មាននេះ អ្នលេងហ្វេសប៊ុកម្នាក់ ដែលបានគណនីឈ្មោះ Khieu Thy បានសម្តែងភាពភ្ញាក់ផ្អើលហលយថែមទាំងបង្ហោះសារថា “មានប្រាក់ខែដូចមិនច្រើនទេ តែហេតុដូចម្តេច មានប្រាក់ច្រើនម្លេះ?”។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បុរសម្នាក់ដែលគេស្គាល់ថា ជាលោកស្រេង សុខា មានតួនាទីស្នងការរងនគរបាលខេត្តកណ្តាល បានចូលរោងភ្ជាប់ពាក្យជាមួយនារីវ័យក្មេងម្នាក់ដែលមានឈ្មោះ បូ ជីងជីង ជាកូនស្រីអ្នករស់នៅផ្សារអ្នកលឿអ ខេត្តព្រៃវែង។ ក្នុងពិធីភ្ជាប់ពាក្យនោះ បានធ្វើទៅយ៉ាងរលូន ដោយមានភ្ញៀវកិត្តិយសជាច្រើនបានចូលរួមអបអបរ សរសើរពីភ័ព្វសំណាង កញ្ញាបូ ជីងជីង ដែលបានគូដណ្តឹងមានតួនាទីធំហើយ ថែមទាំងបានទទួលប្រាក់បណ្ណាការច្រើនសន្ធឹកសន្ធាប់បែបនេះ៕



