តារាចម្រៀងលេងក្បាច់រាំ Michael Jackson ជុំ លីណូ ប្រកាសថា នឹងភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នករស់នៅខេត្តកំពត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះហើយ។

តាមរយៈការបញ្ចេញរូបថតកូនក្រមុំដែលជាអនាគតភរិយានោះ ជុំ លីណូ ត្រូវបានគេសរសើរថា នាងមានសម្រស់ស្អាតមិនចាញ់តារាឡើយ។ ប៉ុន្ដែអតីតតារាចម្រៀងផលិតកម្មសាន់ដេ រូបនេះ មិនបញ្ជាក់ថា នឹងរៀបការនៅពេលណានោះទេ គ្រាន់តែថា ១០០% ត្រូវតែភ្ជាប់ពាក្យជាមួយកំពូលស្នេហ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត។

ជុំ លីណូ បានដឹកដៃបណ្ដូលចិត្តទៅថតរូប Pre-Wedding យ៉ាងស្រស់ស្អាត ដើម្បីដាក់តាំងមុខរោងការដែលនឹងត្រៀមធ្វើនៅខេត្តកំពត នៅដើមឆ្នាំ២០២០ ខាងមុខនេះ។

តារាសិល្បៈរួមអាជីពនិងទស្សនិកជនបានបញ្ចេញសារជូនពរជុំ លីណូ ថា ពិតជាភ្នែកមុតមែន ព្រោះរកប្រពន្ធបានជាស្រីក្មេងស្អាតសាច់សខ្ចីដូចបណ្ដូលចេក។ អ្នកខ្លះទៀតថែមទាំងជំរុញឲ្យលីណូ យកប្រពន្ធទៅថតសម្ដែងធ្វើជាតារាតែម្ដងទៅ ព្រោះស្អាតមិនចាញ់តួកុនទេ។

ប៉ុន្តែខ្លះទៀតបែរជារំលឹកថា បើលីណូ យកប្រពន្ធចូលសិល្បៈ តិចលោមានគេឆក់ទៅបាត់ទៅ មិនទាន់ទាំងបានភ្ជាប់ពាក្យនិងរៀបការផងហ្នឹង៕


