លោកយ៉ែម សំអូន បានធ្វើពិធីជប់លៀងធំគគ្រឹកគគ្រេង គម្រប់ខួប៤៥ឆ្នាំ នៅហាងសេវេនប្រាយ ទួលគោក ដោយមានតារាប្រុសស្រីជាច្រើនដួងបានចូលរួម។

តារាចម្រៀងនិងសម្ដែងរូបនេះ បានឲ្យដឹងថា ខួបឆ្នាំនេះជាការចៃដន្យទេ ដោយដំបូងត្រៀមធ្វើជួបជុំក្រុមការងារតែ៥ទៅ១០តុ ប៉ុន្តែដល់ពេលកម្មវិធីជាក់ស្ដែង ស្រាប់តែឡើងដល់៥០តុឯណោះ។ លោកថា កម្មវិធីទាំងមូលចំណាយអស់២ម៉ឺនដុល្លារចុះក្រោម ប៉ុន្ដែលោករីករាយខ្លាំងណាស់ ព្រោះភ្ញៀវផ្ដល់កិត្តិយសចូលរួមយ៉ាងច្រើនកុះករតែម្ដង។

ដោយឡែក ក្រៅពីបង្ហាញការដឹងគុណចំពោះឪពុកម្ដាយ មិត្តភក្ដិ និងក្រុមការងារនោះ លោកសំអូន ក៏មិនភ្លេចថ្លែងអំណរគុណដល់ឪពុកម្ដាយធម៌ទាំង៣របស់លោកដែរ គឺលោកឪពុកលោកសៀង ប៊ុនហេង និងអ្នកម្ដាយហ៊ុន ប៊ុនធឿន ព្រមទាំងអ្នកម្ដាយហ៊ុន ស៊ីណាត ដែលលោកបានផ្ដល់កិត្តិយសអញ្ជើញចូលរួមកម្មវិធីខួបកំណើតរបស់លោក ដែលធ្វើចំថ្ងៃពិសេស 20.02.2020។

លោកយ៉ែម សំអូន ក៏បានឲ្យដឹងថា ខួបកំណើតរបស់លោកឆ្នាំនេះ មិនមានការចូលរួមពីកូនស្រីជាទីស្រលាញ់ដែលកំពុងរស់នៅប្រទេសអូស្រា្ដលី នោះទេ ព្រោះពេលវេលាហាក់មិនអំណោយផល។ ប៉ុន្ដែកន្លងមកលោកបានបង្ហាញការស្រលាញ់ និងនឹករលឹកដល់កូនស្រីជាពន់ពេក ព្រោះលោកថា ជាតួនាទីរបស់ឪពុកមិនមានអ្នកណាបង្ខំឲ្យលោកធ្វើឬសម្ដែងឡើយ។

លោកសំអូន ថា គ្មានថ្ងៃណាដែលលោកថា មិននឹករលឹកដល់កូនស្រីនោះទេ ហើយលោកតែងតែចង់ជួបនាងគ្រប់វិនាទីទាំងយប់ថ្ងៃទៀតផង។

ដោយឡែក ទាក់ទងរឿងគម្រោងយកគូស្នេហ៍ថ្មីវិញ ក្រោយបែកបាក់ភរិយាអ្នកនាងយ៉ាន លីនដា កាលពីឆ្នាំ២០១៥មក លោកយ៉ែម សំអូន ថា លោកមិនអាចនៅម្នាក់ឯងរហូតបានទេ ពេលនេះ លោកសុំមិនទាន់បញ្ចេញម្ចាស់ចិត្តថ្មីទេ។ ប៉ុន្ដែលោកថា នឹងមិនធ្វើរឿងទាំងឡាយណាជាដាច់ខាត បើសិនជារឿងនោះធ្វើឲ្យកូនស្រីរបស់លោកមិនសប្បាយចិត្ត៕
