តារាចម្រៀងសុគន្ធ និសា នៅតែមិនទាន់មានដំណឹងពពោះដដែល ក្រោយរៀបការជាង២ឆ្នាំនេះ ហើយរូបរាងរបស់នាងរក្សាបានស្វែលស្អាត មិនចាញ់កាលនៅលីវឡើយ។
ដោយឡែក ស្វាមីរបស់នាង លោកចៅ សម្បត្តិ ហៅសាំបា ដែលជាអាណិកជនខ្មែរ មកពីរដ្ឋឡូវែលល៍ សហរដ្ឋអាមេរិក វិញ មិនត្រឹមតែបើកដៃឲ្យនាងបានលេងសិល្បៈដោយសេរីនោះទេ ប៉ុន្ដែនាយកផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុនមែនញូឡាយស៍ រូបនេះ ក៏ជាអ្នកគាំទ្រយ៉ាងពេញទំហឹង ចំពោះមុខជំនួញរបស់និសា នៅពេលនេះដែរដូចជា បើកហាងលក់គុយទាវខ្ចប់ , ជ្រក់ជើងមាន់ , កាហ្វេ និងចេកឆឹង ជាដើម។

តាមរយៈការបើកមុខរបរកស៊ីថ្មីៗជាបន្ដបន្ទាប់បែបនេះ ហើយធ្វើឲ្យនិសា នៅតែមានភាពមហាញឹកក្នុងរដូវកូវីដ-១៩ នេះ បើទោះជាបណ្ដាការប្រគំតន្រ្ដីទាំងឡាយត្រូវបានបិទស្ទើរតែអស់ក្ដី ប៉ុន្ដែនិសា មិននៅទំនេរឡើយ គឺនាងចេញច្រៀងតាមឆាកទូរទស្សន៍ និងជាប់ខ្លួនជាមួយការកស៊ីជាប្រចាំថ្ងៃ។

ទោះជាពេលនេះ សម្រស់សុគន្ធ និសា មិនទាន់ធ្លាក់ចុះដូចតារាចម្រៀងមួយចំនួនទៀតក្ដី ប៉ុន្ដែទីផ្សារចម្រៀងរបស់នាងចាប់ផ្ដើមចុះខ្សោយជាងមុន តាំងពីក្រោយនិសា រៀបការម្ល៉េះ។

សុគន្ធ និសា មិនសូវមានបទចម្រៀងល្បីៗទៀតទេហើយនាងក៏ងាកទៅថតសម្ដែងភាពយន្ដដល់ទៅ៤រឿងជាប់គ្នា មានដូចជា រឿង ”សិសិររដូវក្នុងបេះដូង”, ”រាជិនីភូមិគ្រឹះ”, ”ព្រះវេស្សន្ដរជាតក” និង ”ចំណតថ្មីនៃសុភមង្គល” ដែលនាងសម្ដែងជាតួឯកទាំងអស់តែម្ដង។

ការងាកមកបុកថតសម្ដែងភាពយន្ដ ជាងអាជីពចម្រៀងនេះ ធ្វើឲ្យមានការលើកឡើងថា និសា ចង់បន្សល់ស្នាដៃមុនពេលនាងដើរចេញពីអាជីពចម្រៀង ទៅរស់នៅតាមស្វាមីនៅអាមេរិក។

ប៉ុន្ដែនិសា ធ្លាប់និយាយថា ទាំងអាជីពសម្ដែង និងចម្រៀង នាងស្រលាញ់ដូចគ្នា ហេតុនេះហើយ បានជានាងឆ្លៀតថតភាពយន្ដ ទាន់ឱកាសហុចឲ្យ ព្រោះស្វាមីរបស់នាងមិនហាមឃាត់នាងថតកុនទេ៕