Tuesday, September 23, 2025
Homeតារាខ្មែរព្រាប សុវត្ថិ-ឆាយ វីរៈយុទ្ធ ជួបទុក្ខធំ ស្រក់ទឹកភ្នែកថ្ងៃតែមួយដូចគ្នា

ព្រាប សុវត្ថិ-ឆាយ វីរៈយុទ្ធ ជួបទុក្ខធំ ស្រក់ទឹកភ្នែកថ្ងៃតែមួយដូចគ្នា

តារាចម្រៀងលោកព្រាប សុវត្ថិ ហៅស្នាយ និងលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ដែលត្រូវជាបងប្អូនសាច់ថ្លៃគ្នា ព្រោះវីរៈយុទ្ធ ជាជីដូនមួយរបស់ប្រពន្ធព្រាប សុវត្ថិ អ្នកនាងឡុង ស្រីមុំ នោះ បានលេចមុខកាន់ទុក្ខព្រមគ្នាក្នុងពិធីបុណ្យសពយាយក្មេករបស់ព្រាប សុវត្ថិ និងត្រូវជាយាយបង្កើតរបស់ឆាយ វីរៈយុទ្ធ លោកយាយ វ៉ា បុប្ផា ដែលបានទទួលមរណភាពក្នុងអាយុ១០៥ឆ្នាំ កាលពីថ្ងៃទី៥ ខែឧសភា។

សពលោកយាយក្មេករបស់ព្រាប សុវត្ថិ បានធ្វើបុណ្យនៅភូមិពោធិសាលា២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ហើយគេឃើញព្រាប សុវត្ថិ និងឆាយ វីរៈយុទ្ធ បានស្លៀកពាក់ខោអាវសកាន់ទុក្ខរួមគ្នា ដោយទឹកមុខយ៉ាងស្រងូតស្រងាត់ និងមានការសោកស្ដាយក្រៃលែងចំពោះការបាត់បង់លោកយាយរបស់ពួកគេ។

ក្រៅពីតារាចម្រៀងល្បីឈ្មោះទាំងពីរដួង ព្រាប សុវត្ថិ -ឆាយ វីរៈយុទ្ធ នោះ ក៏មានភរិយាតារាទាំងពីរ រួមទាំងម្ដាយក្មេកលោកព្រាប សុវត្ថិ អ្នកស្រីគង់ ចន្ធូ និងកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ ក៏បានទៅចូលរួមកាន់ទុក្ខផងដែរ។

មហាជនជាច្រើនមើលឃើញថា ព្រាប សុវត្ថិ មានសាច់ឈាមសុទ្ធតែជាអ្នកសិល្បៈតែម្ដង ជាក់ស្តែងតារាចម្រៀងល្បីឈ្មោះ ឆាយ វីរៈយុទ្ធ តាមពិត គឺត្រូវជាបងប្អូនសាច់ថ្លៃជាមួយកំពូលតារាចម្រៀងរូបនេះសោះ។

ដោយឡែក អំឡុងពេលកាន់ទុក្ខនេះដែរ ព្រា​ប សុវត្ថិ បានផ្អាកអាជីវកម្មហាងរបស់លោកនៅផ្ទះទួលគោក តាម Online មួយរយៈសិន ប៉ុន្តែអាចនឹងដំណើរការវិញឆាប់ៗនេះហើយ ក្រោយធ្វើបុណ្យ៧ថ្ងៃរួច។

ចំណែកតារាចម្រៀងឆាយ វីរៈយុទ្ធ វិញ ទឹកមុខស្រងូតស្រងាត់ខ្លាំងណាស់ ព្រោះថា លោកយាយវ៉ា បុប្ផា ត្រូវជាយាយបង្កើតរបស់លោកតែម្ដង ហើយចាប់ពីពេលនេះតទៅ គេបែកលែងបានជួបមុខលោកយាយជារៀងរហូតហើយ។

គួរបញ្ជាក់ថា ព្រាប សុវត្ថិ ជាតារាចម្រៀងដែលឈានមុខគេនៅហង្សមាស​រយៈពេល២៣ឆ្នាំមកហើយ ខណៈដែលឆាយ វីរៈយុទ្ធ ក៏ជាអ្នកចម្រៀងឈានមុខគេនៅសាន់ដេ នាពេលបច្ចុប្បន្នដែរ។

តាមព័ត៌មានថា ហង្សមាស ចង់បានវីរៈយុទ្ធ ទៅរួមទ្រនំដែរ ប៉ុន្តែដោយសារមិនចង់ប្រជែងជាមួយបងសាច់ថ្លៃ ព្រាប សុវត្ថិ ទើបលោកយុទ្ធ បន្ដច្រៀងនៅសាន់ដេ រយៈពេលយូរឆ្នាំតទៅទៀត៕

RELATED ARTICLES