តារាចម្រៀងលោកព្រាប សុវត្ថិ ហៅស្នាយ និងលោកឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ដែលត្រូវជាបងប្អូនសាច់ថ្លៃគ្នា ព្រោះវីរៈយុទ្ធ ជាជីដូនមួយរបស់ប្រពន្ធព្រាប សុវត្ថិ អ្នកនាងឡុង ស្រីមុំ នោះ បានលេចមុខកាន់ទុក្ខព្រមគ្នាក្នុងពិធីបុណ្យសពយាយក្មេករបស់ព្រាប សុវត្ថិ និងត្រូវជាយាយបង្កើតរបស់ឆាយ វីរៈយុទ្ធ លោកយាយ វ៉ា បុប្ផា ដែលបានទទួលមរណភាពក្នុងអាយុ១០៥ឆ្នាំ កាលពីថ្ងៃទី៥ ខែឧសភា។

សពលោកយាយក្មេករបស់ព្រាប សុវត្ថិ បានធ្វើបុណ្យនៅភូមិពោធិសាលា២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ហើយគេឃើញព្រាប សុវត្ថិ និងឆាយ វីរៈយុទ្ធ បានស្លៀកពាក់ខោអាវសកាន់ទុក្ខរួមគ្នា ដោយទឹកមុខយ៉ាងស្រងូតស្រងាត់ និងមានការសោកស្ដាយក្រៃលែងចំពោះការបាត់បង់លោកយាយរបស់ពួកគេ។

ក្រៅពីតារាចម្រៀងល្បីឈ្មោះទាំងពីរដួង ព្រាប សុវត្ថិ -ឆាយ វីរៈយុទ្ធ នោះ ក៏មានភរិយាតារាទាំងពីរ រួមទាំងម្ដាយក្មេកលោកព្រាប សុវត្ថិ អ្នកស្រីគង់ ចន្ធូ និងកូនប្រុសទាំង៣របស់ព្រាប សុវត្ថិ ក៏បានទៅចូលរួមកាន់ទុក្ខផងដែរ។
មហាជនជាច្រើនមើលឃើញថា ព្រាប សុវត្ថិ មានសាច់ឈាមសុទ្ធតែជាអ្នកសិល្បៈតែម្ដង ជាក់ស្តែងតារាចម្រៀងល្បីឈ្មោះ ឆាយ វីរៈយុទ្ធ តាមពិត គឺត្រូវជាបងប្អូនសាច់ថ្លៃជាមួយកំពូលតារាចម្រៀងរូបនេះសោះ។

ដោយឡែក អំឡុងពេលកាន់ទុក្ខនេះដែរ ព្រាប សុវត្ថិ បានផ្អាកអាជីវកម្មហាងរបស់លោកនៅផ្ទះទួលគោក តាម Online មួយរយៈសិន ប៉ុន្តែអាចនឹងដំណើរការវិញឆាប់ៗនេះហើយ ក្រោយធ្វើបុណ្យ៧ថ្ងៃរួច។

ចំណែកតារាចម្រៀងឆាយ វីរៈយុទ្ធ វិញ ទឹកមុខស្រងូតស្រងាត់ខ្លាំងណាស់ ព្រោះថា លោកយាយវ៉ា បុប្ផា ត្រូវជាយាយបង្កើតរបស់លោកតែម្ដង ហើយចាប់ពីពេលនេះតទៅ គេបែកលែងបានជួបមុខលោកយាយជារៀងរហូតហើយ។
គួរបញ្ជាក់ថា ព្រាប សុវត្ថិ ជាតារាចម្រៀងដែលឈានមុខគេនៅហង្សមាសរយៈពេល២៣ឆ្នាំមកហើយ ខណៈដែលឆាយ វីរៈយុទ្ធ ក៏ជាអ្នកចម្រៀងឈានមុខគេនៅសាន់ដេ នាពេលបច្ចុប្បន្នដែរ។

តាមព័ត៌មានថា ហង្សមាស ចង់បានវីរៈយុទ្ធ ទៅរួមទ្រនំដែរ ប៉ុន្តែដោយសារមិនចង់ប្រជែងជាមួយបងសាច់ថ្លៃ ព្រាប សុវត្ថិ ទើបលោកយុទ្ធ បន្ដច្រៀងនៅសាន់ដេ រយៈពេលយូរឆ្នាំតទៅទៀត៕