តារាចម្រៀងសុខ មេសា ហៅនាយចឺម បានឲ្យដឹងថា រវាងតារាចម្រៀងរៀមច្បង សុខ ពិសី និងសិស្សប្អូន វីរៈ និច្ច គឺលោកពេញចិត្តក្នុងការចាប់ដៃគូច្រៀងឆ្លងឆ្លើយដូចគ្នា ដោយមិនដែលប្រកាន់ថា មួយណាល្បីជាង ឬមិនសូវល្បីនោះទេ។

នាយចឺម ថា ក្រៅពីតារាស្រីទាំង២ដួងខាងលើនេះប្រសិនបើផលិតកម្មសាន់ដេតម្រូវឲ្យនាយចាប់ដៃជាមួយតារាផ្សេងទៀតរបស់សាន់ដេ ក៏នាយពេញចិត្តធ្វើតាមគោលការណ៍របស់ក្រុមហ៊ុនទាំងអស់។ នាយថា ការចាប់ដៃជាមួយសុខ ពីសី ដោយសារតែនាយអាយុតិចជាងពិសី អីចឹងនៅក្រៅឆាក នាយហៅពិសី ថា បង។

ចំណែកការចាប់ដៃគូជាមួយវីរៈ និច្ច កន្លងមក នាយធ្លាប់ទទួលបានជោគជ័យច្រើនដែរពិសេស គឺបទញាក់។

អតីតតារាកំប្លែង CTN រូបនេះ ក៏បានឲ្យដឹងដែរថា ពេលនេះបទចម្រៀងរបស់នាយជាមួយពីសី មានការគាំទ្រច្រើន ដែលបានចេញខ្លះហើយ និងបទខ្លះនៅមិនទាន់បានចេញនៅឡើយ។

នាយចឺម បានបោះបង់អាជីពកំប្លែងនៅ CTN ដោយងាកមកច្រៀងផ្ដាច់ឲ្យផលិតកម្មសាន់ដេ ពិសេសគឺនាយបានចេញមុខមាត់កាន់តែច្រើន ក្រោយពីខេមរៈ សិរីមន្ដ ចេញពីផលិតកម្មនេះទៅចូលរួមជាមួយហង្សមាស។

នាយចឺម ធ្លាប់និយាយថា ខ្លួននឹងអាចជំនួសតំណែងខេមរៈ សិរីមន្ដ នៅសាន់ដេ បានទៀតផង នៅពេលខាងមុខ ប៉ុន្ដែក្រោយមកនាយកែថា សិរីមន្ដ ជា Idol របស់នាយទៅវិញ។

គួរបញ្ជាក់ថា នាយចឺម ក្រោយរបូតសង្សារស្រីស្អាតអស់ម្ដង២ គឺអូនពុធ ស្រីខួច និងអូនម៉ីម៉ី នោះ ពេលនេះនាយបានបង្ហាញភាពស្អិតល្មួតជាមួយស្រីស្នេហ៍ថ្មី អូនហ្វា ហ្វា ដោយមានចាស់ទុំទាំងសងខាងគាំទ្រទៀតផង។

ប៉ុន្ដែទាំងនាយចឺម និងអូនហ្វា ហ្វា ថា មិនទាន់អាចកំណត់ថ្ងៃចូលរោងការបានទេ ព្រោះថានៅមើលចិត្តថ្លើមគ្នាតទៅទៀតសិន។ នាយចឺម ថា ពេលនេះនាយមានអាយុ២៥ឆ្នាំអីចឹង នឹងរៀបការប្រពន្ធមិនឲ្យលើសពីអាយុ៣០ឆ្នាំឡើយ៕