ភ្នំពេញ ៖ ម្ចាស់ផលិតកម្ម KH (KH.Promotion) លោកតាំង គឹមហេង ក្រោយបាត់មុខអស់រយៈ ពេលជាច្រើន ឆ្នាំមក សព្វថ្ងៃបានធ្លាក់ខ្លួនក្រ អស់ដីផ្ទះ ទ្រព្យសម្បត្តិពីខ្លួន ប្រពន្ធកូនក៏ទៅចោលអស់រស់នៅ កណ្ដោចកណ្ដែង តែឯងឯកា យំនឹកកូនដែលបែកខានជួបគ្នា ក្រោយលែងលះគ្នាជាមួយភរិយាធ្វើឲ្យ អតីតតារាក្រោមទ្រនំផលិត កម្ម ដែលធ្លាប់ទទួលការជួយជ្រោមជ្រែងពីលោក មានក្ដីអាណិតអាសូរ បាននាំគ្នាជួយឧបត្ថម្ភ និងលើកទឹកចិត្ត លោក ឲ្យប្រឹងតស៊ូរស់ទៅមុខបន្តទៀត ។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោកតាំង គឹមហេង បានរំលឹកពីប្រវត្តិ របស់លោកថា លោកធ្លាប់ជាពាណិជ្ជករ រកស៊ីបើកផលិតកម្ម មានប្រាក់ខ្ទង់លានដុល្លារ កាលពីជាង ១០ឆ្នាំមុន។ ប៉ុន្តែក្រោយមក ជួបការខាតបង់ ក្នុងពេលដែលក្នុងស្រុក មានការលួចចម្លងថាសចម្រៀងពេញបន្ទុក។ ដូច្នេះហើយ លោកបានដកខ្លួនទៅធ្វើចម្ការ ម្នាក់ឯង នៅស្រុកកំណើត ទុកភរិយានៅរកស៊ីនៅភ្នំពេញ ម្នាក់ឯង។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមក លោកមានរឿងភរិយាប្ដឹងលែងលះ ហើយទ្រព្យសម្បត្តិមួយចំនួនធំ បានបង់ក្នុងការ លែងលះនោះ។ ទ្រព្យសម្បត្តិធំដុំរបស់លោកចុងក្រោយ គឺផ្ទះនៅភ្នពេញ លោកទើបលក់ប៉ុន្មានខែមុន យកលុយ សងគេអស់។ ពេលនេះ លោកមិនមានអ្វីពឹងអាស្រ័យទៀតទេ បច្ចុប្បន្នបានទៅជ្រកនៅផ្ទះប្អូនជីដូនមួយម្នាក់ (នៅម្ដុំផ្លូវ២០០២) ដែលគេទៅបរទេស ហើយគេអាណិតអាសូរ ហៅឲ្យទៅរស់នៅទីនោះ។
លោកតាំង កឹមហេង បន្តថា ធ្លាប់ជាសេដ្ឋីលុយវាល់លាន ស្ទើរមិនជឿថា ជីវិតលោកធ្លាក់ដល់ដំណាក់កាលនេះ ហើយទៅមុខទៀត មិនដឹងយ៉ាងណាទៀតនោះទេ ព្រោះពេលនេះលោកអស់រលីងពីខ្លួនទៅហើយ ទាំងទ្រព្យ សម្បត្តិ ប្រពន្ធនិងកូន។

លោកតាំង គឹមហេង បានបន្តថា ផលិតកម្មខេអេចប្រូម៉ូសិន (KH.Promtion) របស់លោកបានបិទ នៅឆ្នាំ២០១៨ ។ នៅពេលផលិតកម្មបិទ លោកបានយក CD VCD DVD លក់ជាអេតចាយ បានលុយប្រហែល ១ម៉ឺនដូល្លារ ប៉ុណ្ណោះ តែបើលក់រាយ ឬលក់ដុំ មិនក្រោម១០លានដុល្លារទេ ។ មកដល់ពេលនេះ ជាជម្រើសចុងក្រោយក្នុង ស្ថានភាពកំពុងរស់ទាំងលំបាក អត់មានអ្វីជាទីពឹងនេះ លោកសម្រេចបញ្ចេញភាពយន្តចាស់ៗ មកដាក់លក់ លើបណ្ដាញសង្គម ដើម្បីបានដើមទុនខ្លះសម្រាប់បន្តជីវិតទៅមុខទៀត។ ក្នុងនោះ ភាពយន្តខ្នាតធំ ១រឿង ដែលជាសម្បត្តិរបស់ KH Promotion មានចំណងជើងថា “និស្ស័យស្លាប់រស់” ផលិតឡើងកាលពី ១០ឆ្នាំជាង និងចំណាយដើមទុនប្រមាណជិត ១០ម៉ឺនដុល្លារអាមេរិក លោកសម្រេចលក់ការទស្សនា (ដាក់បញ្ចាំងតាម បណ្ដាញសង្គម) ក្នុងពេលឆាប់ៗនេះហើយ ក្រែងបានប្រាក់មកវិញខ្លះ ។

លោកតាំង គឹមហេង បានមានប្រសាសន៍ថា “បាទ! រាល់ថ្ងៃអត់មានធ្វើអីចេញទេ មានលុយបន្តិចបន្តួចគ្រាន់តែ ចាយវាយ ហើយចេះតែគិតថា យើងចង់យកស៊ីឌី ទៅផលិតឡើងវិញ មិនដឹងគេជួយទិញយើងឬអត់? ហើយ ផលិតទៅ លក់ដាច់ឬអត់? រួចខ្លួនថ្លៃផលិតឬអត់? ខ្លាចផលិតទៅ វាអត់រួចខ្លួនថ្លៃផលិតទៀត ហើយកន្លងមក យើងប្រកាសថា សុំលុយ មិនមែនសុំលុយទេ យើងមានរឿងលក់ ដើម្បីឲ្យបងប្អូនមើល គឺរឿង “និស្ស័យស្នេហ៍ ស្លាប់រស់” ។ ប៉ុន្តែរយៈពេលនេះមក ខ្ញុំនិយាយត្រង់ គឺបានលុយមិនដល់ ១០០ដុល្លារផងហ្នឹង ឥឡូវយើងឈប់ សំណូមពរអីទៀតហើយ ថ្ងៃណាដាក់តាមយូធូប ឲ្យមើល យើងមើលទាំងអស់គ្នាទៅ ហើយបើគេចង់ជួយក៏ជួយ ទៅ ។ និយាយទៅ អ្វីដែលខ្ញុំធ្លាក់ខ្លួនក្រនេះ ខ្ញុំមិនទាន់គិតថា ជីវិតយើងដើរខុស ឬមិនដើរខុសទេ ព្រោះរឿងប្ដី ប្រពន្ធលែងលះគ្នាទៅ ធម្មតាទ្រព្យសម្បត្តិ វាបែងចែកអស់ហើយ ។ កាលណាយើងប្ដឹងផ្ដល់គ្នា ៥ឆ្នាំហើយ វាល្មមដេកស៊ីអស់ទៅវិញហើយ ។ ទោះបីយើងមានលុយក្នុងខ្លួន យើងឈប់រកស៊ី ប្ដឹងផ្ដល់គ្នាក្នុងតុលាការ ៥ឆ្នាំ វាអស់ហើយ ។ ទោះបីជីវិតយើងរុងរឿងម៉េចទៀត ក៏វាវេទនាដែរ អារឿងដើរលើផ្លូវច្បាប់ សូមបងប្អូនកុំទៅ ឈ្លោះគ្នា ត្រូវអត់ឱនឲ្យគ្នា បោះចោលទៅ លុយកាក់ប្ដឹងចូលតុលាការ ៥ឆ្នាំ អស់រលីង ដោយសារ៥ឆ្នាំហ្នឹង រត់ចុះរត់ឡើង គ្មានរកស៊ីអីកើតទេ យើងក្រដោយសារអ៊ីចឹងឯង និយាយឲ្យចំទៅ“ ។

ទាក់ទងរឿងរ៉ាវគ្រួសារ ជាពិសេសមនោសញ្ចេតនាជាមួយកូន លោកតាំង គឹមហេង បញ្ជាក់ថា លោកធ្លាប់ គិតថា នាំមនុស្សស្រីដែលខ្លួនស្រាឡាញ់មួយជីវិត ដើរលេងជុំវិញពិភពលោកជាមួយគ្នា ទុកឲ្យកូនប្រុស ស្រីធ្វើជាខ្លាសេដ្ឋកិច្ចប្រចាំវង្សត្រកូល តែឥឡូវលោកដើរលើវិថីជីវិតដ៏ឥតកោះត្រើយម្នាក់ឯង ពោលគឺក្រៅពី បែកបាក់ភរិយា លោកខានបានជួបកូនៗ អស់រយៈពេល ៥ឆ្នាំមកហើយ ដែលរហូតមកដល់ពេលនេះ លោក នឹកកូន ចង់ជួបពួកគេខ្លាំងណាស់ ហើយតែងតែដេកយំ ហៅរកពួកគេនៅពេលយប់ ចង់ឲ្យពួកគេមកគេងសង ខាងលោកជាឪពុក ។ ជាពិសេសលោកតែងតែនឹកភ្នកចង់សួរទៅកូនស្រីថា “ ឆ្នាំ២០១៨ កូនស្រីប៉ាចាំទេកូន មកលេង ប៉ាធ្វើខួបកំណើតឲ្យកូន មិនចំថ្ងៃកំណើតខួបកូនទេ ព្រោះកូនត្រូវត្រលប់ទៅរៀនវិញ ប៉ាជូនលុយ កូនប៉ុន្មាន និងដី ១កន្លែង ទុកជូនកូនស្រីប៉ា ពេលកូនរៀនចប់?“ ។ ចំណែកកូនប្រុស លោកក៏តែងសួររកដែរថា “២០១៧ កូនប្រុសបញ្ចប់បរិញ្ញាបត្រវិស្វករសំណង់ស៊ីវិល ប៉ាបានជូនដីកូនមួយកន្លែង ដាក់ឈ្មោះកូន តម្លៃរាប់ ម៉ឺនដុល្លារ ចង់បង្រៀនកូនឲ្យចេះរកស៊ីត្រូវជំនាញរបស់កូន“ ។ លោកបន្តថា ការយំនឹកកូន និងផ្ញើវាចាបែបនេះ មិនមែនចង់រំលឹកទារការតបស្នងអីពីកូនទាំង២នោះទេ គ្រាន់ចង់ឲ្យពួកគេដឹងពីទំហំចិត្តដ៏ធំធេង របស់លោក ជាឪពុកថា “ប៉ាធ្វើអ្វីៗដើម្បីកូន” តែទីបំផុតបែរជាគ្មានបានជួបមុខកូន បានរស់នៅក្បែរកូន បានបង្ហាញក្ដី ស្រ លាញ់ឲ្យកូនបានឃើញគ្រប់ពេលវេលា ។ លោកគឹមហេង បន្តថា លោកមានកូន២ នាក់ កូនស្រីបង អាយុ២៩ឆ្នាំ កំពុងរៀនយកបណ្ឌិត នៅប្រទេសជប៉ុន និងកូនទី២ អាយុ២៥ឆ្នាំ (ប្រុស) រស់នៅភ្នំពេញ ឮថាមានគ្រួសារហើយ ។

លោកតាំង គីមហេង បានថ្លែងទាំងក្ដុកក្ដួលថា “រឿងកូនខ្ញុំទាំងពីរ មិនមកជួបខ្ញុំជាឪពុក ខ្ញុំអត់ដឹងដែរ អាហ្នឹង គំនិតរៀងខ្លួន រឿងការងារផ្ទៃក្នុងផ្ទះសម្បែង ខ្ញុំពិបាកនិយាយណាស់ ។ និយាយរួម ទុកឲ្យរឿងហ្នឹងរសាត់ទៅ តាមខ្យល់ចុះ ជាសាច់ គង់តែមកទេ ហើយខ្ញុំមិនខឹងនឹងពួកគាត់ ។ ការនឹករលឹករបស់ឪពុកម្ដាយ វាតែងតែមាន ការនឹករលឹក និងទឹកភ្នែកអ៊ីចឹងហើយ ។ ខ្ញុំចិញ្ចឹមគេ ២០ឆ្នាំហើយ នៅពេលនឹកឃើញអនុស្សាវរីយ៍ល្អ ចេះតែទឹក ភ្នែកមកហើយ គឺទឹកចិតខ្ញុំជាឪពុក នៅតែនឹកអ៊ីចឹង ហើយក្នុងនាមទឹកចិត្តឪពុកម្នាក់ នឹកកូន វាមិនដែលខុសទេ ។ ចំពោះកូនខ្ញុំ ខ្ញុំមិនដែលដាក់ទោសពួកគេទេ ខ្ញុំនៅតែធ្វើជាឪពុកមានព្រហ្មវិហារធម៌ម្នាក់ សម្រាប់កូនអ៊ីចឹងថ្ងៃ ណាមកក៏មក ខ្ញុំមិនទៅកាត់កាល់កូនខ្ញុំចោលទេ សាច់ខ្ញុំ ឈាមខ្ញុំ ទោះបីវាទៅជាអ្វីក៏ដោយ ក៏ជាកូនយើង យើង ត្រូវតែតស៊ូ យើងចង់ឲ្យដឹងថា យើងតស៊ូប៉ុណ្ណឹង ថ្ងៃណាមួយកូនយើងនឹងមកវិញទេ សាច់យើង វាមិនចោល យើងទេ ។ ប៉ុន្តែរឿងឲ្យខ្ញុំផ្ដាំទៅកូន ខ្ញុំដូចជាមិនមានទេ ព្រោះខ្ញុំផ្ដាំអស់ចិត្តហើយ បើគាត់នឹកឃើញក៏មក បើគាត់ មិននឹកឃើញ យើងក៏កាត់ចិត្តទុកដាក់ ដើម្បីយើងបន្តជីវិតយើងទៅមុខទៀត“ ។

ជាមួយគ្នានេះដែរ លោកតាំង គឹមហេង បានរំលឹកទៅដល់ពេលវេលាល្អៗនៃអតីតកាល ក្រោមទ្រនំ KH Promotion ដែលពេលនោះ ទាំងអ្នកបច្ចេកទេសចម្រុះ អ្នកចម្រៀង តួសម្តែង អ្នកជាប់កុងត្រា ឬមិនជាប់កុងត្រា សុទ្ធតែត្រូវបានលោកជួយជ្រោមជ្រែងឲ្យមានការងារធ្វើនិងភាពល្បីល្បាញគ្រប់គ្នា ព្រមទាំងផ្ដល់ការអប់រំ របៀប របបរស់នៅក្នុងសង្គម សុជីវធម៌ គុណធម៌ ដើម្បីទទួលបានការគាំទ្រពីមហាជនផងដែរ ។ អំពើល្អរបស់លោកនេះ ទទួលបានការតបស្នងពីពួកគេវិញដែរ គឺក្នុងពេលដែលកំពុងធ្លាប់ខ្លួនក្រនេះ មានអ្នកសិល្បៈមួយចំនួនបាន ជួយ ឧបត្ថម្ភជាទឹកប្រាក់ សម្ភារៈ គ្រឿងឧបភោគ-បរិភោគ កាដូដល់រូបលោក និងបានអញ្ជើញលោកទៅពិសាអាហារ សាមគ្គី ជួបជុំគ្នារំលឹកអនុស្សាវរីយ៍ឡើងវិញផងដែរ ។

គួរបញ្ជាក់ថា លោកតាំង គឹមហេង គឺជាម្ចាស់ផលិតកម្ម KH Promotion ដែលជាអតីតផលិតកម្មចម្រៀងនិង ភាព យន្ត ល្បីឈ្មោះមួយ ដែលបានជួយឲ្យតារាប្រុសស្រីជាច្រើន ល្បីឈ្មោះមកទល់សព្វថ្ងៃ ក្នុងនោះមានដូច លោក ហង្ស ឈា អ្នកនាងសុខ ស្រីនាង អ្នកនាងឱកសុគន្ធកញ្ញា អ្នកនាងយក់ ថិតរដ្ឋា លោកឃុំ ប៉ុណ្ណាដែត លោក សាន ផានិត ជាដើម៕ កុលបុត្រ
