ខេត្តស្វាយរៀង ៖ រថយន្ត ១គ្រឿង តទ្រុងខុសពីលក្ខណៈបច្ចេកទេស ហើយដឹកអ៊ីវ៉ាន់ច្រើនសំពីងសំពោង និងធ្ងន់ពេក បណ្តាលឲ្យក្រឡាប់បះជើង ប្រះដេកតាមផ្លូវ ចាក់អីវ៉ាន់ចោល កាលពីវេលាទៀបភ្លឺថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិបុសមនលើ ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា រថយន្តដឹកទំនិញមកពីប្រទេសវៀតណាម រាល់ថ្ងៃ ដឹកសំពីងសំពោង ខុសលក្ខណៈបច្ចេកទេស ជាក់ស្តែង នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-1147 តទ្រុង លើសខុសលក្ខខណៈបច្ចេកទេស ដឹកអីវ៉ាន់ច្រើនសំពីងសំពោង បើកឆ្លងកាត់តាមផ្លូវ ចំណុចខាងលើ ដោយសារទំនិញច្រើនធ្ងន់ហួស ទើបបណ្តាលឲ្យក្រឡាប់បះជើងដោយខ្លួនឯង ចាក់អីវ៉ាន់ចោលពេញផ្លូវ តែមិនបង្កឱ្យអ្នកណារងរបួសទេ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅពិនិត្យ ឃើញថា គ្រោះថ្នាក់បង្កដោយខ្លួនឯង មិនបង្កឱ្យអ្នកណារងរបួស ទើបអនុញ្ញាតឱ្យម្ចាស់ រើអីវ៉ាន់ចេញ ទៅដាក់រថយន្តផ្សេង និងស្ទូចលើករថយន្តចេញ៕