Wednesday, July 9, 2025
Homeចរាចរណ៍ថ្ងៃខួបកំណើត ទៅទិញនំខេក ឡានបុកស្លាប់

ថ្ងៃខួបកំណើត ទៅទិញនំខេក ឡានបុកស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់ ដល់ថ្ងៃខួបកំណើត អត់មានអ្នករៀបចំធ្វើខួបឱ្យ បានខ្ចីម៉ូតូមិត្តភក្តិ ជិះទៅរកទិញនំខួបកំណើត យកមករៀបចំខួបកំណើតដោយខ្លួនឯង ស្រាប់តែត្រូវបុរសម្នាក់ ស្ថិតក្នុងសភាពស្រវឹងជោក បើករថ យន្ត១គ្រឿង ក្នុងល្បឿនលឿន ជ្រុលមកបុកពេញទំហឹង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងបានស្លាប់ ក្រោយ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវលេខ 105k ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មាន បានឱ្យថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BO-3925 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ 105k ទិស ដៅពីជើង ទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ មានម៉ូតូ ១គ្រឿង ម៉ាក PCX ពាក់ស្លាកលេខ ភ្នំពេញ 1LA-7738 ជិះដោយយុវជនម្នាក់ ធ្វើដំណើរពីត្បូង ទៅជើង តាមបណ្តោយផ្លូវលេខ 105K ក្នុងទិសដៅបញ្ច្រាសទិសគ្នាជាមួយរថយន្ត ស្រាប់តែត្រូវបានរថយន្តខាងលើ រេចង្កូតមកបុកពេញទំហឹង បណ្តាលឱ្យម៉ូតូខ្ទាតចូលគុម្ពោតព្រៃ រងរបួសធ្ងន់ ចំណែកម៉ូតូ ខូចខាតមួយកំណាត់មុខ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសលដោយសារតែស្ថានភាពរបួសធ្ងន់ពេក ទើបជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ ឃើញថាមានស្ថានភាពស្រវឹងជោក រួចបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ។

តាមប្រភពអ្នកស្គាល់យុវជនរងគ្រោះខាងលើ បានឱ្យដឹងថា ថ្ងៃនេះ គឺជាថ្ងៃខួបកំណើតរបស់ជនរងគ្រោះ ហើ យដោយសារតែមិនមានអ្នករៀបចំធ្វើខួបកំណើតឱ្យខ្លួន ទើបមុនពេលកើតហេតុ ជនរងគ្រោះបានខ្ចីម៉ូតូរបស់មិត្ត ជិះទៅទិញនំខេកខួបកំណើត ដោយខ្លួនឯង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកស្លាប់តែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកកាន់ទីតាំងខាងលើ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកធ្វើការវាស់វែង រួចអូសយករថយន្តបង្កហេតុ និងអ្នកបើកបរ រួមទាំងម៉ូតូរបស់ជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES