Friday, September 26, 2025
Homeចរាចរណ៍ឡាន៤គ្រឿងបុកតកន្ទុយគ្នា មុខផ្ទះខ្មោចទិញ

ឡាន៤គ្រឿងបុកតកន្ទុយគ្នា មុខផ្ទះខ្មោចទិញ

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត ចំនួន៤គ្រឿង បានបុកបន្តកន្ទុយគ្នានៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្ទះខ្មោចទិញ ខណៈដែលចរាចរណ៍កំពុងតែមមារញឹក ដោយសារការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋពីស្រុកកំណើត ទៅបំពេញការងាររៀងៗខ្លួនវិញ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចន្លោះគីឡូម៉ែត្រលេខ១១១ -១១២ ចំណុចមុខផ្ទះបន់ស័ក្តិសិទ្ធិ (ផ្ទះខ្មោចទិញ) ស្ថិតក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ត៤គ្រឿង បុកបន្តកន្ទុយគ្នានេះ ពុំមាននរណារងរបួសនោះទេ ដោយគ្រាន់តែបង្កឱ្យខូចខាតរថយន្ត ចំនួន៤គ្រឿង ដោយក្នុងនោះ រថយន្តទី១-ម៉ាកហាយឡែនដឺរ បានបន្ថយល្បឿនពេលជួបឧបសគ្គ ហើយត្រូវរថយន្តម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ជ្រុលមកបុកពីក្រោយ។ បន្ទាប់មកទៀត ក៏មានរថយន្តម៉ាកតាកូម៉ា ១បាំងកន្លះ ពណ៌ស បានបុកពីក្រោយថែម១តង់ទៀត និងចុងក្រោយ គឺរថយន្តម៉ាកស៊ីណា ពណ៌ទឹកមាស បានបុកពីក្រោយរថយន្តតាកូម៉ា ថែមទៀត។

ចំពោះការខូចខាត គឺមានការខូចខាតក្រពឹតរថយន្តខាងមុខនិងខាងក្រោយ ដោយម្ចាស់ភាគីទាំង៤រថយន្ត សម្រេចសម្របសម្រួលគ្នាបញ្ចប់រឿង ហើយធ្វើដំណើរទៅមុខទៀត ។ ដោយឡែករថយន្តខ្លះ មិនអាចទៅមុខបាន ក៏ត្រូវអូសចូលជាងជួសជុលដោយខ្លួនឯង៕

RELATED ARTICLES