Sunday, October 19, 2025
Homeចរាចរណ៍បញ្ចៀសចរាចរណ៍ រត់ប្រណាំង “ទិវាមហារីកសុដន់ស្ត្រី” ថ្ងៃ១៩តុលា

បញ្ចៀសចរាចរណ៍ រត់ប្រណាំង “ទិវាមហារីកសុដន់ស្ត្រី” ថ្ងៃ១៩តុលា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអបអរសាទរ “ទិវាមហារីកសុដន់ស្ត្រី” នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ០៥ ៖ ០០នាទី។

ដើម្បីឱ្យព្រឹត្តិការណ៍ទិវារត់ប្រណាំងខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ច នឹងធ្វើការបញ្ចៀសចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន ដែលធ្វើដំណើរតាមតម្រាយផ្លូវរត់ប្រណាំង ចាប់ពីសួនច្បារមុខវត្តបទុមវតី តាមមហាវិថីសម្តេចសុធារស បត់ឆ្វេងតាមផ្លូវលេខ ២៤០ បត់ស្តាំតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅរង្វង់មូលវត្តភ្នំ បន្តតាមផ្លូវលេខ៤៧ ឆ្ពោះទៅរង្វង់មូលកួចកាណុង បត់ស្តាំតាមផ្លូវ ជាតិលេខ៥ បត់ស្តាំតាមតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត បន្តមកវិថីរដ្ឋសភា រួចបត់ស្តាំតាមស្ថានទូតរុស្ស៊ី បត់ស្តាំមកមហាវិថីសម្តេចសុធារស រហូតដល់ទីផ្តាច់ព្រ័ត្រ នៅសួនច្បារមុខវត្ត បទុមវតី ។

អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់តាមតម្រាយផ្លូវរត់ប្រណាំង ខាងលើ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរដោយអនុគ្រោះ ចាប់ពីវេលាម៉ោង ០៥និង០០នាទី រហូតដល់បញ្ចប់កម្មវិធី។ ក្រោយបញ្ចប់ព្រឹត្តិការណ៍ទិវារត់ប្រណាំងខាងលើ អាជ្ញាធរមានសមត្ថកិច្ច នឹងបើកឱ្យចរាចរណ៍ជាធម្មតាវិញ៕

RELATED ARTICLES