Thursday, November 20, 2025
Homeចរាចរណ៍ឡានដឹកក្រុមតន្ត្រី បុករះផ្ទះ ៣ខ្នង

ឡានដឹកក្រុមតន្ត្រី បុករះផ្ទះ ៣ខ្នង

ខេត្តកណ្តាលៈ រថយន្តដឹកឧបករណ៍តន្ត្រីសម័យ និងតន្ត្រីករ អ្នកចម្រៀង, អ្នករាំកំដរឆាក,១គ្រឿង បានរេចង្កូតបុករះផ្ទះអាជីវករផ្សារ ចំនួន០៣ខ្នង ក្រោយពេលប្រគំចប់ ត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ០១និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចអែបផ្លូវជាតិលេខ២១ ស្ពានលេខ(៦) ផ្សាររោងចក្រព្រែកឡុង ស្ថិតក្នុងភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោកវរសេនីយ៍ត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ បានឱ្យដឹងថា នៅវេលាកើតហេតុ មានក្រុមតន្ត្រីសម័យ ១ក្រុម មានតន្ត្រីករ, អ្នកចម្រៀងស្រី-ប្រុស អ្នករាំកំដរឆាក អ្នករៀបចំឆាក តៃកុងរថយន្ត លើ សពី ១០នាក់ មិនស្គាល់អត្តសញ្ញាណ ទាំងមនុស្ស ទាំងយីហោក្រុមតន្ត្រី ដោយគ្រាន់តែប្រាប់ថា  មកពីប្រគំតន្ត្រីក្នុងកម្មវិធីមង្គលមួយ នៅក្នុងស្រុកស្អាង ហើយត្រូវជិះលើរថយន្ត ម៉ាក HYUNDAI ចំណុះ២ តោនកន្លះពាក់ស្លាកលេខ តាកែវ 3A – 3874( រថយន្តរងការខូចខាត ផ្នែកកាប៊ីនខាងមុខ) ដែលត្រូវវិលត្រឡប់ទៅឯខេត្តតា កែវ វិញ។លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅខាងឆ្វេង បុករះផ្ទះអាជីវករផ្សារលក់ដូរ ចំនួន ៣ផ្ទះ បណ្តាលឱ្យតៃកុងរថយន្ត រងរបួសដើមទ្រូង បុកជាមួយដៃចង្កូតរថយន្ត បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ  និងបានប្រាប់សមត្ថកិច្ចថា ទុកឱ្យថៅកែក្រុមតន្ត្រី ជាអ្នកដោះស្រាយ រួចពួកគេបានគេចខ្លួនបាត់អស់។

លោកនាយប៉ុស្តិ៍ បានបន្ថែមថា លំនៅឋាន ៣ខ្នង សាងសង់អំពីដែក ប្រក់សង្ក័សី បានរងការខូចខាតបាក់ បែករហែកជញ្ជាំង បាក់សសរដែក ខូចទ្វារមូរ ធ្នឹមដែក សំយាបខាងមុខ ដាច់ខ្សែភ្លើង បែកអំពូល  រួមនិងសម្ភារ:ចាប់ហួយ គ្រឿងទេសជាច្រើនទៀត  តែជាសំណាងដែលម្ចាស់ផ្ទះ មិនមានគ្រោះថ្នាក់នោះឡើយ។ ចំណែកក្រុមតន្ត្រី ក៏ជីវិតថ្លៃដែរ ដែលជាធម្មតា ពេលចេញទៅប្រគំតន្ត្រី ពួកគេតែងតែជិះលើឧបករណ៍ភ្លេង និងដែកក្តារឆាក តែពេលប្រគំចប់ ត្រឡប់ទៅផ្ទះវិញ ពួកគេបានគេង ដែលធ្វើឲ្យពួកគេរួចផុត មិនមុតសន្លឹកសង្ក័សីដំបូលផ្ទះដែលរថយន្តបានបុកនោះ ។

លោក ឈឿ សុភ័ក្រ ដែលជាម្ចាស់ផ្ទះរងគ្រោះ បានប៉ាន់ប្រមាណការខូចខាត គិតជាទឹកប្រាក់សរុបទាំង ៣ផ្ទះ ប្រមាណ ៨ពាន់ដុល្លារ   ហើយគិតមកដល់ម៉ោង១២ ថ្ងៃដដែល មិនទាន់ឃើញម្ចាស់រថយន្ត ថៅកែតន្ត្រីសម័យ ចូលខ្លួនចរចារដោះស្រាយជាមួយម្ចាស់ផ្ទះរងគ្រោះទាំង០៣ នៅឡើយ ៕

RELATED ARTICLES