Monday, January 12, 2026
Homeចរាចរណ៍ចិនបើក Rolls Royce បុកទ្រូងផ្លូវ ខ្ទេចមុខ

ចិនបើក Rolls Royce បុកទ្រូងផ្លូវ ខ្ទេចមុខ

ភ្នំពេញ ៖ បុរសជាជនជាតិចិន ម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ម៉ាក Rolls Royce ក្នុងល្បឿនយ៉ាងលឿន រួចបានរេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្តាលឱ្យបាក់ចំនួន២កង់ ចំណែករថយន្ត ខូចខាតមួយកំណាត់មុខ រីឯអ្នកបើកបរ ចុកឆ្អល់ទ្រូង ដោយបុកនឹងដៃចង្កូតរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ត្រង់ចំណុចទល់មុខក្រសួងការពារជាតិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក Rolls Royce ពាក់ស្លាកលេខ ភ្នំពេញ 2CB-2728 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោ យផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាល ពេញទំហឹង បណ្តាល ឱ្យបាក់អស់ចំនួន២កង់ ចំណែករថយន្តបង្កហេតុ ខូចខាតមួយកំណាត់មុខយ៉ាងធ្ងន់ តែសំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ដល់មនុស្ស ឡើយ គ្រាន់តែឯអ្នកបើកបរ ចុកឆ្អល់ទ្រូង ដោយបុកនឹងដៃចង្កូតរថយន្ត។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីជំនាញ បានចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំការដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES