Thursday, February 26, 2026
Homeតារាខ្មែរភឹម តារាវិបុល រៀបការថ្ងៃ៧មីនា

ភឹម តារាវិបុល រៀបការថ្ងៃ៧មីនា

ភ្នំពេញ ៖ តារាសម្ដែងរូបសង្ហា លោកភឹម តារាវិបុល នឹងដឹកដៃកំពូលស្នេហា អ្នកនាងស្រីម៉ុច រៀបការនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ដំណឹងនេះ ប្រាកដជានឹងធ្វើឲ្យក្រមុំមួយចំនួនដែលលង់ស្នេហ៍លោកវិបុល អាចនឹងខកចិត្តជាមិនខាន ព្រោះបុរសខ្ពស់ស្រឡះរូបនេះ ជិតក្លាយជាប្ដីគេស្របច្បាប់ទៅហើយ ។ ប្រភពថា អនា គតភរិយាលោកវិបុល គឺជាអ្នកនៅក្រៅរង្វង់សិល្បៈ ហើយមង្គលការលោក នឹងធ្វើនៅគេហដ្ឋានខាងស្រី ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  បន្ទាប់ពីអ្នកទាំងពីរ បានដឹកដៃគ្នាថត Pre-Wedding កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៦ ។

អ្នកយកព័ត៌មាន «នគរធំ» មិនអាចទាក់ទងលោកភឹម តារាវិបុល បានទេ កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ប៉ុន្ដែលោកបានផ្ដាំតាមមិត្តភក្ដិថា លោកមិនដឹងនិយាយពីស្អីទេ អ៊ីចឹងអ្នកកាសែតចង់ផ្សាយព័ត៌មានលោករៀបការ តាមហ្នឹងចុះ ។ យ៉ាងណា តាមរយៈពួកម៉ាកនោះ លោកវិបុល សារភាពថា លោកពិតជារៀបការនៅថ្ងៃទី៧ ខែមីនា ខាងមុខនេនេះមែន ដែលពិធីធ្វើនៅផ្ទះខាងស្រី បែបសាមញ្ញ ហើយលោកហៅតែតារាជិតដិតប៉ុណ្ណោះ ឲ្យចូលរួម និងមិនរៀបចំធ្វើពិធីជប់លៀងធំដុំដូច Super Star ទេ ។

 គួររំលឹកថា លោកភឹម តារាវិបុល ជាអតីត Freshie Boy ឆ្នាំ២០១៦ ជំនាន់ទី៧ បានជាប់ចំណាត់ថ្នាក់ត្រឹម Top 7 ប៉ុន្ដែដោយសាលោកមានរូបរាងសង្ហា ទើបមានការចាប់អារម្មណ៍ពីនារីជាច្រើន ហើយលោកបានឈានជើងចូលប្រឡូកសិល្បៈ បានយ៉ាងងាយស្រួល តាមរយៈការថតភាពយន្ដដំបូង រឿង «អច្ឆរិយស្នេហ៍» ជាមួយអ្នក នាង ភិន សុដាលីស ដោយទទួលបានការគាំទ្រច្រើន ទើបបន្ដចាប់ដៃគូ ថត ៣រឿងបន្ថែមទៀត ដូចជារឿង «ឆ្អែតចិត្ត», «ខ្មោចទឹក» និងរឿង «ម្ចាស់បំណុល»។ ការចាប់ដៃគ្នាលេងតួឯក សម្ដែងដល់ទៅ ៤រឿង និងមានភាពស្និទ្ធស្នាលគ្នាពីមួយថ្ងៃទៅមួយថ្ងៃនេះហើយ ទើបកាលនោះ ធ្វើឲ្យលេចឮថា លោកតារាវិបុល និងសុដាលីស បង្កាត់ភ្លើងស្នេហាជាមួយគ្នា ប៉ុន្ដែទាំងសងខាងបានប្រកែក ។ 

 ប្រភពថា លោកភឹម តារាវិបុល បានសាងស្នេហាជាមួយស្រីម៉ុច ជាច្រើនឆ្នាំមកហើយ គ្រាន់តែចំណងស្នេហានោះ មិនបើកចំហប៉ុណ្ណោះ ហើយស្រាប់តែពេលនេះ ស្ងាត់ៗលោកដើរចែកធៀបការ ទើបធ្វើឲ្យមិត្តភក្ដិរួមអាជីពខ្លះ ស្រឡាំងកាំង ។ យ៉ាងណា មានគេសរសើរថាលោកវិបុល ពិតជាភ្នែកមុតមែន ដែលរកបានភរិយាយ៉ាងស្រស់ស្អាត មិនចាញ់តារាឡើយ ។          

ក្រៅពីលោក ភឹម តារាវិបុល តារាត្រៀមចូលរោងការ នៅឆ្នាំ២០២៦ មានដូចជា កញ្ញា ប៊ូ ច័ន្ទដាណែត, ប៉ាច គីមមួយ, ពេជ្រ សោភា និងម៉ានីកា ជាដើម ៕

RELATED ARTICLES