ខេត្តព្រះសីហនុ ៖ បុរសជាជនជាតិចិន ម្នាក់ ក្រោយពីប្រើប្រាស់ថ្នាំញៀន បែកថ្នាំ បើកបររថយន្តតាមដងផ្លូវ លុះដល់ចំណុចគោលដៅសមត្ថកិច្ចអនុវត្តភារកិច្ចរក្សាសណ្តាប់ធ្នាប់ចរាចរណ៍ ជ្រុលទៅបុកមន្ត្រីនគរបាលចរាចរណ៍ ១រូប បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ បានព្យាយាមបើកគេច តែត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ។

យោងតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា នៅវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លើផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខ P1 ឃ្លាំងលើ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង បង្កដោយរថយន្តម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BY-4505 បើកបរដោយជនជាតិចិន ម្នាក់ អាយុ២៥ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។ អ្នកបើកបរបានបើកក្នុងល្បឿនលឿន និងវ៉ាជែងខាងស្តាំ មុននឹងបុកលោកវរសេនីយ៍ទោ ចេង ចំរើន នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដែលកំពុងអនុវត្តភារកិច្ច រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ នៅគោលដៅ P1 បន្ទាប់ពីបង្កហេតុ អ្នកបើកបរបានព្យាយាមបើករថយន្តគេច ចេញពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចតាមឃាត់ខ្លួនបានភ្លាមៗ។

ក្នុងហេតុការណ៍នេះ បណ្តាលឱ្យលោកវរសេនីយ៍ទោ ចេង ចំរើន រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បច្ចុប្បន្ន លោកនាយរងការិយាល័យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសវៀតណាម ដោយមានស្ថានភាពសភាពល្អប្រសើរឡើងវិញហើយ។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តជាតិអាល់កុល លទ្ធផលអវិជ្ជមាន និងធ្វើតេស្តសារធាតុញៀន លទ្ធ ផលវិជ្ជមាន។ ចំណែករថយន្តបង្កហេតុ ត្រូវបានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធីតាមច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ គោរពច្បាប់ចរាចរណ៍ និងកុំបើកបរក្រោមឥទ្ធិពលសារធាតុញៀន និងគ្រឿងស្រវឹងផ្សេងៗ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងសង្គមទាំងមូល៕
