ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក LEXUS RX400H ពាក់ផ្លាកលេខខេមរភូមិន្ទលឿនមិនប្រយ័ត្នបានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅបណ្តាលឱ្យរងការខូចខាតរថយន្តទៅមុខលែងរួច។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បេីករថយន្តម៉ាក LEXUS RX400H ពាក់ផ្លាកលេខ ខេមរភូមិន្ទ 01 2-7031 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតដោយល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុក៏បានរេចង្កូតទៅបុកបង្កាន់ដៃស្ពានអាកាសចោមចៅ បណ្តាលឱ្យរថយន្តនិងបង្កាន់ដៃស្ពានរងការខួចខាតយ៉ាងដំណំ។


ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះមកដល់ទីតាំងខាងលើនិងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងយករថយន្តខាងលេងទៅរក្សាទុកដើម្បីរង់ចាំដោះស្រាយគ្នានៅពេល ក្រោយ៕