Saturday, April 4, 2026
Homeចរាចរណ៍ចេញពីផឹក បើកឡានបុកពីឡុតនិងអ្នកបម្រើការលើយន្តហោះ របួស៦

ចេញពីផឹក បើកឡានបុកពីឡុតនិងអ្នកបម្រើការលើយន្តហោះ របួស៦

ភ្នំពេញ ៖ បុរសម្នាក់ ទើបនឹងចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន លុះដល់ចំណុចភ្លើងស្តុប លោតពណ៌ក្រហម មិនព្រមឈប់ នៅតែបំពានបន្តដំណើរទៅមុខ ធ្វើឱ្យជ្រុលទៅបុករថយន្ត ១គ្រឿង ដឹកអ្នកបើកយន្តហោះ (ពីឡុត) រួមនឹងអ្នកបម្រើការងារលើយន្តហោះ ១ក្រុម ពេញទំហឹង បណ្តាលឱ្យក្រឡាប់ផ្ងារជើង ធ្វើឱ្យបុរសជាពីឡុត ចំនួន២នាក់ រងរបួសធ្ងន់ បាក់ឆ្អឹងដងកាំបិត និងអ្នកបម្រើការលើយន្តហោះ ចំនួន៤នាក់ទៀត រងរបួសស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែងផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានបញ្ជក់ប្រាប់ថា គ្រោះថ្នាក់នេះ បង្កឡើងដោយរថយន្ត ១គ្រឿង ម៉ាក MG 6 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-1226 បើកបរដោយឈ្មោះត្រៃ បូរី ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ក្នុងស្ថានភាពស្រវឹង មានជាតិអាល់កុល ០,៤៥៧ មិល្លៅក្រាម បានបើករថយន្តបំពានភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម រួចទៅបុកចំពីចំហៀងរថយន្ត ១គ្រឿង ទៀត ម៉ាក TOYOTA HAICE ពណ៌ស ពាក់ស្លាកលេខ កម្ពុជា KH.K6.03 បើកបរដោយឈ្មោះក្រិច ពីឡូត ភេទប្រុស អា៣៦ឆ្នាំ ដែលកំពុងដឹកបុគ្គលិកអាកាសចរណ៍កម្ពុជា ចំនួន៦នាក់ ធ្វើដំណើរតាមមហាវិថីសម្តេចតេជោ។

លោកអធិការ បានបន្តថា ក្នុងចំណោមជនរងគ្រោះ ទាំង ៦នាក់ រួមមាន ពីឡុត ២នាក់ ឈ្មោះ NGUYEN DUC DUNG ភេទប្រុស អាយុ៤៣ឆ្នាំ (របួសស្រាល) និងឈ្មោះបេត ដេវីដ ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់ បាក់ ឆ្អឹងដងកាំបិត)។ ចំណែកអ្នកបម្រើការលើយន្តហោះ ៤នាក់ទៀត រួមមាន ទី១-ឈ្មោះសាំង សាំបូរិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ទី២-ឈ្មោះពេជ្រ សុខខេង ភេទស្រី អាយុ២៩ឆ្នាំ  ទី៣-ឈ្មោះពៅ គន្ធថាវនាថ ភេទស្រី អាយុ៣១ ឆ្នាំ និងទី៤-ឈ្មោះសុខ ថនសេរីរចនា ភេទស្រី អាយុ៣០ឆ្នាំ បានរងរបួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយការវាស់វែងនិងត្រួតពិនិត្យរួច សមត្ថកិច្ចបានដកហូតរថយន្ត ទាំង២គ្រឿង យកទៅរក្សាទុកនៅអធិ ការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES