ខេត្តសៀមរាប ៖ នារីវ័យក្មេង រូបស្រស់ម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ជ្រុលទៅបុកម៉ូតូ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូ រងរបួស លុះក្រោយកើតហេតុ ភាគីរថយន្ត បានធ្វើការសម្របសម្រួល ផ្តល់សំណងទៅភាគីម៉ូតូ ដើម្បីបញ្ចប់រឿង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣៥នាទីរសៀល ថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០២៦ នៅលើវិថីសម្តេច សុខ អាន (ផ្លូវ៦០ម៉ែត្រ) ត្រង់ចំណុចផ្លូវបំបែកជាបួន បុរីរដ្ឋបាលខេត្ត ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តទំនើប ១គ្រឿង ម៉ាក Mercedes CLA45 ពណ៌ស បិតស្កុតពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ភ្នំពេញ 2BV-7785 បើកបរដោយឈ្មោះសែន សុខនីតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ក្រុងសៀមរាប បានបុកជាមួយម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AE-4226 បើកបរដោយឈ្មោះ ខន មិនា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បណ្តាលឱ្យអ្នកជិះម៉ូតូ រងរបួសធ្ងន់។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយកើតហេតុ អ្នកបើកបររថយន្ត បានធ្វើការសម្របសម្រួល ដោយផ្តល់សង សំណងរដ្ឋប្បវេណី ទៅជនរងគ្រោះ ជាអ្នកបើកបរម៉ូតូ ដើម្បីព្យាបាលរបួស និងជួសជុលម៉ូតូ ហើយភាគីម៉ូតូ យល់ព្រមទទួលយក និងដកពាក្យបណ្តឹងផងដែរ៕
