ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាមុខសញ្ញាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បានបែកគំនិតធ្វើ សកម្មភាពលបចូលបន្ទប់នារីជាអ្នកជិតខាងម្នាក់ នៅវេលាទៀបភ្លឺ រួចធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ រហូតបានសម្រេច រួចព្យាយាមរត់គេចខ្លួនអស់ ៥ថ្ងៃ ក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភសេពសន្ថវៈនេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល មួយកន្លែង ស្ថិតនៅតាមផ្លូវបេតុង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រហូតមកដល់វេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យបាន។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ធន ចាន់ថន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល មិនចាំលេខ ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ ចំណែកនារីរងគ្រោះ មានអាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្បែរគ្នា។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធន ចាន់ថន ពាក់ព័ន្ធទៅនឹងករណីរំលោភសេពសន្ថវៈ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។
ប្រភពដដែល បន្តថា ការឃាត់ខ្លួនជនសង្សយខាងលើ បានធ្វើឡើងដោយយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យ ថាបានចាប់រំលោភសេពសន្ថវៈ មកលើរូបនាង នៅក្នុងបន្ទប់ជួល លេខ៥ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ៣ទៀបភ្លឺ។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាក សួរ និងចាត់ការតាមនីតិវិធី៕