ភ្នំពេញ ៖ បុរសជនជាតិចិន ម្នាក់ មិនដឹងជាមានបញ្ហាអ្វី ស្ថិតក្នុងសភាពដូចជាមនុស្សស្រវឹងស្រា ឬបែកថ្នាំ បានធ្វើសកម្មភាពចូលទៅអុកឡុកនៅក្នុងហាងលក់ទំនិញ ១កន្លែង ដោយទាញដបស្រា មកបោកកម្ទេច រួចវាយបំផ្លាញទំនិញក្នុងហាង អស់ជាច្រើន រហូតដល់បុគ្គលិក រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។ លុះលោកនាយប៉ុស្តិ៍ ដឹកនាំកម្លាំងចុះមកដល់ ចូលទៅឃាត់ចាប់ ស្រាប់តែបុរសចិន នោះ បានខាំដាច់ម្រាមដៃលោកនាយប៉ុស្តិ៍ និងបណ្តាលឱ្យមន្ត្រីនគរបាល ១រូបទៀត រងរបួសស្រាល មុននឹងកម្លាំងសមត្ថកិច្ចចាប់វាយខ្នោះបាន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចហាងលក់ទំនិញ ខ្នាតតូច ១កន្លែង យីហោ Smile Mini Marts ជិតស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ សមត្ថកិច្ច បានទទួលព័ត៌មានថា មានករណីបុរសជន ជាតិចិន ម្នាក់ ស្ថិតក្នុងសភាពដូចមនុស្សបែកថ្នាំ បានចូលទៅធ្វើសកម្មភាពអុកឡុកក្នុងហាងទំនិញ យីហោ Smile Mini Marts ជិតស្ពានអាកាសក្បាលថ្នល់ ដោយបានវាយបំផ្លាញទំនិញ ខូចខាតអស់មួយចំនួន និងទាញដបស្រា គប់បែកខ្ទេចពេញហាង ធ្វើឱ្យបុគ្គលិកមានការភិតភ័យ នាំគ្នារត់ចេញក្រៅ និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ភ្លាមៗតែម្តង។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដឹកនាំដោយលោកនាយប៉ុស្តិ៍ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ (ស៊ីវិល) បានចុះអន្តរាគមន៍ ចូលទៅចាប់ ឃាត់បុរសបរទេសខាងលើ រួចនាំយកទៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា នៅក្នុងប្រតិបត្តិការឃាត់ខ្លួនជនជាតិចិន ដែលអុកឡុកក្នុងហាងទំនិញខាងលើនោះ បានបណ្តាលឱ្យលោកនាយប៉ុស្តិ៍ចាក់អង្រែលើ រងរបួសដាច់សាច់ម្រាមដៃ និងមន្ត្រីនគរបាលម្នាក់ទៀត របួសស្រាល ដោយ សារបុរសជនជាតិចិន ខាងលើ ខាំ៕


