ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចឃុំខ្លួនក្រុមជនសង្ស័យ ជាជនជាតិវៀតណាម ចំនួន ១១នាក់ និងជនជាតិចិន ចំនួន ១នាក់ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងរូបភាពបង្កប់ការទាក់ ទាញឱ្យវិនិយោគក្លែងក្លាយ។

យោងតាមដីកាសម្រេចរបស់លោកស្រី តាន់ គឹមហៀក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យបញ្ជូនជនជាប់ចោទ ទាំង១២នាក់ ទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ) និងមណ្ឌលកែប្រែទី២ (ម២) ដើម្បីរង់ចាំការបន្តនីតិវិធីតាមផ្លូវច្បាប់។
ជនត្រូវចោទ ទាំង១២នាក់នេះ រួមាន ៈ ទី១-ឈ្មោះវ៉ូ វ៉ាន់ហ៊ុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម។ ទី២-ឈ្មោះឡេ ម៉ាន់ហ៊ុំ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម។ ទី៣-ឈ្មោះដន ហាយអាញ់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម។ ទី៤-ឈ្មោះអ៊ូ ឈីង ឡុង ភេទប្រុស អាយុ៤០ឆ្នាំ។ ទី៥-ឈ្មោះចឹង តានហ៊ុំ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម។ ទី៦-ឈ្មោះង្វៀន ឌឹកដាយ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម។ ទី៧-ឈ្មោះដាំង ម៉ាយធី ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម។ ទី៨-ឈ្មោះដាំង វៀតយុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម។ ទី៩-ង្វៀន ធីប៊ិចហាញ់ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិវៀតណាម។ ទី១០-ឈ្មោះវ៉ាង វ៉ាង ដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម។ ទី១១-ឈ្មោះចឹង ងុកជឿង អាន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម និងទី១២-ឈ្មោះឡេ ធីវៀនចាង ភេទស្រី អាយុ២២ឆ្នាំ ជនជាតិវៀតណាម។
ជនទាំង១២នាក់នេះ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ ពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមាន ការរៀបចំជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអគារខុនដូ ZHUOYUFENG ស្ថិតនៅអគារលេខ ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់តាំងពីអំឡុងខែមេសា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា៥ កថាខណ្ឌ៣ ចំណុចទី១ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តចាប់តាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ មក។ ជាមួយច្បាប់នេះ បទល្មើសព្រហ្មទណ្ឌថ្មី ចំនួន៥ ត្រូវបានបង្កើតឡើង ដើម្បីធានាដល់ប្រសិទ្ធភាពក្នុងការអនុវត្ត គឺរួមមាន ១-បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២-បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣-បទជ្រើសរើស ឬបណ្តុះបណ្តាលអ្នកដទៃ ឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៤-បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្ត សញ្ញាណ ឬឯកសារព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥-ការបង្កើតទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។
បទល្មើសទាំងនេះបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់ បំផុតរហូតដល់ ១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ ១០០០លានរៀល ថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕