ខេត្តកំពង់ធំ ៖ កម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយកម្លាំងចម្រុះ បានចុះ ល្បាតបង្កានិងបង្ក្រាបបទល្មើសធនធានធម្មជាតិ ស្រាប់តែប្រទះឃើញឈើចម្រៀក ចំនួន២គំនរ មានប្រមាណ៤ម៉ែត្រគូប ត្រូវបានលាក់ទុកនៅក្នុងតំបន់ព្រៃសហគមន៍ ១កន្លែង។

ករណីប្រទះឃើញឈើលាក់ទុកក្នុងព្រៃនេះ គឺនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចតំបន់ព្រៃសហ គមន៍ អូរដាសស្គរ ស្ថិតនៅក្នុងឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ក្រោយទទួលបានករណីខាងលើ នៅរសៀលថ្ងៃដដែល លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទធនធានធម្ម ជាតិខេត្តកំពង់ធំ បានដឹកនាំសហការីទៅត្រួតពិនិត្យមើល ដល់ទីកន្លែង ដើម្បីវាយតម្លៃនិងចាត់វិធានការបន្ត។

បន្ទាប់ពីធ្វើការត្រួតពិនិត្យនិងស្រាវជ្រាវព័ត៌មាន នៅតំបន់នេះរួចមក លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ឈើចម្រៀក ប្រមាណ ៤ម៉ែត្រគូប ដែលជនល្មើសលួចកាប់ និងដឹកជញ្ជូនដោយខុសច្បាប់ ចេញពីតំបន់ព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ កាលពីរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ត្រូវបានយកទៅលួចលាក់ទុកនៅក្នុងព្រៃសហគមន៍ អូរដាសស្គរ បន្ទាប់ពីកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ចាប់ឃាត់បានចំនួន២គោយន្ត នៅវេលាទៀបភ្លឺ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ បញ្ជូនទៅកាន់មន្ត្រីរដ្ឋបាលព្រៃឈើទំរីង ចាត់ការតាមនីតិវិធីច្បាប់ ហើយគោយន្ត ទាំងពីរគ្រឿងនេះ រង់ចាំឱកាសដើម្បីដឹក ជញ្ជូនចេញទៅកាន់គោលដៅដែលពួកគេបានកំណត់ តែមិនអាចចេញរួចពីតំបន់នេះ ព្រោះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករកកំពង់ធំ រួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធ យាមល្បាតជាប្រចាំ ទើបធ្វើឱ្យពួកគេទាល់ច្រក ក៏ទម្លាក់ឈើចេញ បើកគោយន្តរត់គេចខ្លួនបាត់។

លេកឧត្តមសេនីយ៍ទោ សោម ស៊ុន ដោយបានការពិភាក្សានិងសុំយោបល់សម្រេចពីលោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ បានបញ្ជាឱ្យកងកម្លាំងចម្រុះ ដឹកនាំដោយលោក វរសេនីយ៍ទោ អ៊ូ សុធា មេបញ្ជាការផ្នែកសឹករងសណ្តាន់ សហការដឹកជញ្ជូនឈើចម្រៀកខុសច្បាប់ទាំងនេះ ដើម្បីយកទៅប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ចាត់ការតាមនីតិវិធី។

ជាមួយនោះដែរ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់កងកម្លាំងចម្រុះ ពិសេសស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបន្តស្រាវជ្រាវវែកមុខជនល្មើស ដែលបានកាប់បំផ្លាញព្រៃឈើ ដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវ ច្បាប់ ឱ្យខាងតែបាន៕
