Saturday, May 30, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមដើមគីនីន ១០០ឆ្នាំ ខ្យល់កន្ត្រាក់រលំ

ដើមគីនីន ១០០ឆ្នាំ ខ្យល់កន្ត្រាក់រលំ

ខេត្តកំពង់ចាម ៖ ដើមគីនីន ១ដើមធំ ដែលមានអាយុកាលប្រមាណជិត ១០០ឆ្នាំ ស្ថិតនៅចំណុចមុខមន្ទីរសាធារ ណការខេត្តកំពង់ចាម បានរលើងឫស ដួលរលំមកលើផ្លូវថ្នល់ បង្កការកកស្ទះចរាចរណ៍ ក្រោយពីមានភ្លៀង ១មេ លាយខ្យល់កន្ត្រាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណជាង ៥ល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចមុខមន្ទីរសាធារណការខេត្តកំពង់ចាម ស្ថិតក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ក្រោយកើតមានករណីនេះ ដោយមិនបង្អង់យូរ អាជ្ញាធរបានចាត់វិធានការឱ្យក្រុមកម្មករយកត្រង់ស៊ីន័រ ទៅអារមែកឈើ ជាកង់ៗ ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋធ្វើដំណើរ។

តាមប្រភពស្ត្រីម្នាក់ អាយុជាង៥០ឆ្នាំ បានរៀបរាប់ថា កាលគាត់នៅក្មេង ដើរទៅរៀននៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម បានឃើញដើមគីនីន ១ដើមនេះ បានដុះនៅក្នុងបរិវេណសួនកុមារទៅហើយ មិនដឹងថា ត្រូវបានគេដាំ ឬដុះតាំងពីពេលណាមកនោះទេ ដោយដើមនោះមានទំហំធំ មានម្លប់ត្រជាក់ អាចឱ្យមនុស្សជ្រកកោនក្រោមកម្តៅថ្ងៃបាន។ ស្រាប់តែមកដល់ល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ពេលដែលគាត់ធ្វើដំណើរឆ្លងកាត់តាមផ្លូវថ្នល់ មុខមន្ទីរសាធារណៈការខេត្ត ប្រទះឃើញដើមគីនីន ១ដើមនេះ បានដួលរលំសង្កត់លើរបងថ្ម លើផ្លូវថ្នល់ ជាហេតុធ្វើឱ្យស្ទះផ្លូវ មិនអាចឱ្យប្រជាពលរដ្ឋជិះកង់ ម៉ូតូ និងបើកបររថយន្តឆ្លងកាត់បានឡើយ។

ស្ត្រីខាងលើ បានបន្តថា បើតាមការគិតរបស់គាត់ ដើមឈើមួយដើមធំនេះ អាចមានអាយុកាលជិត ១០០ឆ្នាំ ហើយ។

ស្របពេលដែលដើមឈើបានរលំ មានប្រជាពលរដ្ឋខ្លះ បានមកសកយកសំបកឈើ ទៅដាំទឹកហូប ដោយលើកហេតុផលថា សម្រាប់ព្យាបាលរោគក្រពះ។

លោកប្លោក សុវណ្ណ ចៅសង្កាត់កំពង់ចាម បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលព័ត៌មានថាដើមគីនីន ១ដើមធំ ត្រូវខ្យល់កន្ត្រាក់ ដួលរលំមកលើផ្លូវថ្នល់ រូបលោកបានចាត់ឱ្យក្រុមកម្មករជាច្រើននាក់ យកម៉ាស៊ីនត្រង់ស៊ីន័រ ទៅអារកាត់ជាកង់ៗ ដើម្បីបើកផ្លូវឱ្យប្រជាពលរដ្ឋឆ្លងកាត់ហើយការដែលរលំនេះ អាចមកពីដើមឈើនេះ មានអាយុកាលច្រើនឆ្នាំ ហើយឫសកែវពុកផុយ៕

RELATED ARTICLES