ខេត្តកំពត ៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពត បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ លេខ ៦០០-រ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ដែលមានជនជាប់ចោទ ឈ្មោះ JIN TIAN LONG ជនជាតិចិន ឈ្មោះ YIN SONG WAN ជនជាតិចិន ឈ្មោះ LI GUANG HAO ជនជាតិចិន ឈ្មោះ LI XING PENG ជនជាតិចិន ឈ្មោះ LIU HAOXING ជនជាតិចិន និងឈ្មោះ ZHU RENZHE ជនជាតិចិន ពីបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំងប្រព្រឹត្ត នៅចំណុចអគារលេខ ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២០៥ មាត្រា ៣៧៧ និងមាត្រា៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ។

ក្រោយពីការធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភ័ស្តុតាង អង្គហេតុ និងអង្គច្បាប់ រួចមក ឃើញថាមានភ័ស្តុតាងនិងពិរុទ្ធភាពគ្រប់គ្រាន់លើជនជាប់ចោទ ទាំង៦នាក់ខាងលើ ។ ហេតុដូច្នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកំពត បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ៖ ២៨១ (គ) ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសលើជនជាប់ចោទ ដូចខាងក្រោម ៖
១- ឈ្មោះ LI XING PENG ហៅ YOU FU ភេទប្រុស កើតថ្ងៃទី៥ ខែមករា ឆ្នាំ១៩៩១ ជនជាតិចិន
២-ឈ្មោះ LIU HAOXING ហៅ TA THOV ភេទប្រុស កើតថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៦ ជនជាតិចិន
៣-ឈ្មោះ ZHU RENZHE ហៅជាតិ ភេទប្រុស កើតថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៨២ ជនជាតិចិន
៤-ឈ្មោះ YIN SONG WAN ភេទប្រុស កើតថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៧២ ជនជាតិចិន
៥-ឈ្មោះ JIN TIAN LONG ហៅ KIM CHEOL LYEONG ភេទប្រុស កើតថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៨១ ជនជាតិចិន
៦-ឈ្មោះ LI GUANG HAO ហៅ XIAO PIAO ភេទប្រុស កើតថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៩១ ជនជាតិចិន ដាក់ពន្ធនាគារ កំណត់ក្នុងម្នាក់ៗ អស់មួយជីវិត ពីបទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ និងឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង ប្រព្រឹត្តនៅចំណុចអាគារលេខ១៧៣ តំបន់៣ (បុរីក្រោន) ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៥ មាត្រា ៣៧៧ និងមាត្រា ៣៨០ ចំណុចទី៥ នៃក្រមព្រហ្មទណ្ឌ ព្រមទាំងសម្រេចរឹបអូសវត្ថុដែលចាប់យកពាក់ព័ន្ធបទល្មើសខាងលើផងដែរ៕