ភ្នំពេញ ៖ រយៈពេល ២១ឆ្នាំ (២០០៥-២០២៦) គេសឹងតែមិនដែលឃើញពេជ្រ សោភា ច្រៀងតាមកម្មវិធីជប់លៀងមង្គលការ ដូចតារាល្បីៗដទៃទៀតទេ ដែលបញ្ហានេះ មិនមែនមកពីនាងគ្មានគេហៅច្រៀងទេ ប៉ុន្ដែនាងមិនទទួលច្រៀង ធ្វើឲ្យប្រាក់ចំណូលនាង បាត់បង់អស់មួយច្រក ។ ចំពោះមូលហេតុ សោភា ធ្លាប់ប្រាប់អ្នកយកព័ត៌មាន «នគរធំ» ថា មកពីនាងជាតារាចម្រៀងសម័យ ហេតុនេះមិនចង់ច្រៀងបទបុរាណ នាំឲ្យមានការច្រ បូកច្របល់គ្នា ពិបាកបែងចែក ។

ប៉ុន្ដែថ្មីៗនេះ គេឃើញសោភា លេចមុខច្រៀងនៅកម្មវិធីមង្គលការ មួយបទ «Dream About You» និងបទល្បីៗរបស់នាង មួយចំនួនទៀត នៅហង្សមាស។ Fan របស់សោភា បានខម្មិនថា ការច្រៀងបទស្លូវ នៅចំ ពោះមុខកូនកំលោះក្រមុំ រាំឱបគ្នា ពិតជាប្លែកម្យ៉ាង ហើយប្រសិនបើនាងបន្ដច្រៀងកម្មវិធីប្រភេទនេះទៀត គឺមានន័យថា វាជាយុទ្ធសាស្រ្ដថ្មីរបស់នាងក្នុងការកែប្រែទីផ្សារចម្រៀង ឬបន្ថែមប្រាក់ចំណូល ។

យ៉ាងណា សោភា ធ្លាប់ប្រាប់ថា នាងអាចទៅច្រៀងកម្មវិធីមង្គលការបាន លុះត្រាតែមានការតម្រូវចាំបាច់ ប៉ុន្ដែជាទូទៅ នាងមិនធ្លាប់ទទួលច្រៀងកម្មវិធីប្រភេទនោះទេ ។ គេជឿថា ជាង២ទសវត្សន៍មកនេះ ពេជ្រ សោភា មិនច្រៀងកម្មវិធីមង្គលការ នាងបាត់ប្រាក់ចំណូលក្នុង១ឆ្នាំៗច្រើន ប៉ុន្ដែនាងនៅតែជាតារាលំដាប់ជូរមុខគេម្នាក់ ដែលក្រោយចាកចេញពីហង្សមាស ជាង២ឆ្នាំ នៅតែចេញមុខតាម Concerts ធំៗដដែល ពោលគឺទីផ្សារចម្រៀង និងប្រាក់ចំណូលសិល្បៈ មិនធ្លាក់ចុះឡើយ បើទោះជាបច្ចុប្បន្ន មិនសូវមានបទថ្មីៗល្បីដូចមុន។
ក្រៅពីលេចមុខចាប់ផ្ដើមចេញច្រៀងតាមកម្មវិធីមង្គលការនោះ ថ្មីៗនេះដែរ សោភា ក៍ប្រកាសត្រៀមធ្វើកម្មវិធីជួបជុំអ្នកគាំទ្រ «Fan Meting» ទ្រង់ទ្រាយធំ ដែលពិធីនោះ អាចនឹងធ្វើផ្គួបគ្នាទៅនឹងខួបកំណើតរបស់នាង នៅថ្ងៃទី៩ ខែមិថុនា គម្រប់អាយុ៤៣ឆ្នាំ ។ សោភា ថែមទាំងបើកដៃឲ្យពួកគេអាចយកទាំងកូនចៅ ចូលរួម Fan Meting ទៀតផង ប៉ុន្ដែមិននិយាយថានាងត្រៀមលុយប៉ុន្មាន ចាយវាយការជប់លៀងនោះឡើយ ខណៈដែលមុននេះ ពេជ្រ សូលីកា និងទេព បូព្រឹក្ស ក៏បានបានធ្វើពិធី Fan Meting ដែរ ប៉ុន្ដែដើម្បីទប់ទល់ការចំណាយ ពួកគេឆ្លៀតច្រៀងលក់សំបុត្រ ។ អ្វីដែលគួរឲ្យកត់សម្គាល់ នៅពេលដែលសោភា ត្រៀមធ្វើវិធី Fan Meting នោះ លោកឆឹម សក្កដា ដែលម្ដងថា រូបគេជាគូដណ្ដឹង និងជូនកាលថា ជាពួកម៉ាករបស់ពេជ្រ នោះបែជាថ្ងូររឿងអត់សង្សារ និងថាពេលនេះ ជំងឺផ្លូវចិត្ត (depression) របស់លោកបាត់អស់ សង្សារក៏រត់ចោលអស់ វ័យក៏ហួសទៅទៀត។ ប៉ុន្តែសោភា អត់ចាប់អារម្មណ៍លើលោកសក្កដា ដែលកំពុងតែតូចចិត្តម្នាក់ឯងឡើយ ខណៈ ដំណឹងនាងនិងសក្កដា ត្រៀមចូលរោងការ ស្ងាត់ដូចចោរលួចសេះ ក្រោយភ្ជាប់ពាក្យជាមួយគ្នា ចុងឆ្នាំ២០២២ និងលុបចោលមង្គលការ ឆ្នាំ២០២៣ យ៉ាងទាន់ហន់ ហើយនៅថ្ងៃនាងធ្វើពិធី Fan Meting មិនដឹងថា លោកសក្កដា នឹងទៅចូលរួមឬអត់នោះទេ ។

សូមបញ្ជាក់ថា ពេជ្រ សោភា ជាតារាដែលទាំងក្នុងនិងក្រៅសិល្បៈ ពេញចិត្តនូវការតស៊ូ និងភាពទទួល ខុសត្រូវធ្វើការងារសិល្បៈដែលខ្លួនស្រលាញ់ ព្រោះនាងមានជំងឺឈាមស ស៊ីឈាមក្រហម តម្រូវឲ្យលេបថ្នាំ ជាប្រចាំ អស់មួយជីវិត ប៉ុន្ដែសោភា មិនដែលបោះបង់ការច្រៀងសម្ដែងកណ្ដាលទី ឬលុបចោលកម្មវិធីណាដែល ខ្លួនទទួលហើយ ព្រោះបញ្ហាសុខភាពឡើយ បើទោះជាមានពេលខ្លះ ច្រៀងចប់ នាងរត់ចូលពេទ្យ ជា បន្ទាន់ក្ដី ។ អតីតតារាហង្សមាស រូបនេះ ក៏នៅតែមានទំនាក់ទំនងល្អជាមួយទ្រនំចាស់ ព្រោះច្រៀងឲ្យឆាកតន្រ្ដីហង្សមាស ជាធម្មតា ។ ប៉ុន្ដែតំណែងជាគ្រូបង្វឹក The Voice Cambodia និងគណៈកម្មការ Beat The Best មិនរំពឹងថា ថៅកែនឹងនៅតែរក្សាឲ្យនាងនោះទេ នៅរដូវកាលថ្មីខាងមុខនេះ ។

ប្រភពថា ពេជ្រ សោភា ក្នុងវ័យជ្រេបន្ដិច តែសម្រស់នៅតែខ្ញង់នេះ នាងនៅតែមានជម្រើសស្នេហ៍ច្រើន ហើយប្រសិនបើនៅចុងឆ្នាំ២០២៦ នៅតែគ្មានដំណឹងដឹកដៃលោកឆឹម សក្កដា ចូលរោងការទៀត គឺមានន័យថា ពួកគេគ្មានបំណងចាប់ដៃគ្នាជាប្ដីប្រពន្ធស្របច្បាប់ឡើយ។ ប៉ុន្តែសោភា ដែលត្រូវប៉ាន់មាសកប់ក្ដោង ព្រោះទិញមាសស្ដុកទុក តាំងពីមាស នៅថោក ហើយស្រាប់តែនៅឆ្នាំ២០២៥-២០២៦ មាសឡើងក្រឺតៗនោះ ទោះជាមិនទាន់ដឹងថានាងលក់ចេញអស់ប៉ុន្មានតម្លឹង ក៏គេឃើញនាងឡើងកាលីព ទិញរថយន្ដម៉ាក Mercedes –Benz បន្ថែមពីលើរថយន្ដ Mercedes ដែលមានស្រាប់ទៀតផង ដែលបញ្ជាក់ថា នាងជាតារាមានទ្រព្យច្រើន គ្រាន់តែមិនចេះអួតសម្ញែងដូចគេប៉ុណ្ណោះ ៕


