ភ្នំពេញ ៖ លី ម៉ារីណា ត្រូវបានស្វាមីនាង លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ធ្វើខួបកំណើតឲ្យ នៅរាត្រីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ គម្រប់អាយុ៤៦ឆ្នាំ ដែលនៅលើនំខេក មានផ្កាកុលាប និងមកុដ អមដោយរូបថតម៉ារីណា មានអក្សរ «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ លី ម៉ារីណា I Love You So Much »។

លី ម៉ារីណា បង្ហាញអារម្មណ៍រីករាយ នៅថ្ងៃពិសេសរបស់ខ្លួន មានការយកចិត្តទុកដាក់ពីស្វាមី ហើយនាងបង្ហាញការស្រលាញ់ចំពោះម្ដាយខ្លួនថា «អ្នកម្ដាយខ្ញុំ ចូលវ័យ៧០ឆ្នាំជាងហើយ រីឯកូនស្រី ក៏វ័យដែលទៅមុខដែរ»។ ជាមួយគ្នានេះដែរ ម៉ារីណា បញ្ចេញស្នាមញញឹមនិងការស្រលាញ់ដល់កូនប្រុសនាង ឈ្មោះសាត ថៃសាន់ អាយុ១១ឆ្នាំ និងកូនស្រីប្ដី ដែលមកចូលរួមថ្ងៃខួបនាងថា ពួកគេទាំងពីរ ជាកូនសំណព្វចិត្តរបស់នាង។

គួរបញ្ជាក់ថា លី ម៉ារីណា ជាតារាតែម្នាក់គត់ ដែលតែងតែប្រារព្ធធ្វើខួបកំណើតទ្រង់ទ្រាយធំ ជប់លៀង ហៅតារារួមអាជីព មកជួបជុំគ្នា ជាទៀងទាត់ នៅថ្ងៃខួបកំណើតនាងរហូតដល់ភ្ញៀវខ្លះ និយាយថា ពួកគេទៅចូលរួមខួបកំណើតម៉ារីណា ជាលើកទី១០០ ទៀតផង ។ មុនប្រារព្ធខួបឆ្នាំនេះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ម៉ារីណា ទើបតែធ្វើពិធីជប់លៀងខួបអាពាហ៍ពិពាហ៍ (Anniversary) គម្រប់២ឆ្នាំផងដែរ ដែលពេលនោះ បានហៅភ្ញៀវច្រើនជាងថ្ងៃខួបកំណើតទៅទៀត ។ តារាដែលស្និទ្ធលី ម៉ារីណា បង្ហើបថា តាំងពីម៉ារីណា បានប្ដីជាអធិការនគរបាលខណ្ឌដូនពេញ រាល់ការរៀបចំណាយផ្សេងៗក្នុងកម្មវិធីខួបកំណើតរបស់នាងស្វាមីជាអ្នករៀប ចំចាត់ចែងឲ្យទាំងអស់ ហេតុនេះទោះជា ១ឆ្នាំ នាងចង់ធ្វើពិធីជប់លៀង ប៉ុន្មានដង ក៏អត់បញ្ហាដែរ ព្រោះភ្ញៀវទាំងអស់ ចូលរួម មិនមែនទៅញ៉ាំFree ទេ គឺពួកគេចងដៃដូចមង្គលការនាងដែរ ។

មានការកត់សម្គាល់ដែរថា ក្នុងវ័យ៤៦ឆ្នាំ លី ម៉ារីណា នៅតែមានសម្រស់ផូរផង់សាច់សខ្ចី ដើមទ្រូងទ្រលុកទ្រលន់ មិនជ្រេទៅតាមអាយុទេ ហើយខួបឆ្នាំនេះ នាងពាក់គ្រឿងអលង្ការពេជ្រ ទាំងឈុតៗតែម្ដង ដូចជាខ្សែក ខ្សែដៃ និងក្រវិល ជាដើម។ ប្រភពថា ម៉ារីណា ក៏ធ្វើឲ្យស្វាមីកាន់តែពេញចិត្តនាងខ្លាំងថែមទៀត នៅពេលដែលនាងបង្ហាញការស្រលាញ់ទៅលើកូនស្រីលោកទៀង ច័ន្ទសារ ដូចជាកូននាងដែរ ហើយនាងថែមទាំងជានារីមេផ្ទះ ដ៏ប៉ិនប្រសប់ម្នាក់ ចេះធ្វើម្ហូបខ្មែរ ឲ្យស្វាមីញាំ ជាប្រចាំទៀតផង។ ប៉ុន្ដែរឿងដែលម៉ារីណា មិនទាន់ធ្វើឲ្យលោកអធិការ រំភើបជាងនេះទៀតនោះ គឺចំណងស្នេហា ជាង២ឆ្នាំ នាងមិនទាន់ពពោះកូនដំបូង ឲ្យស្វាមីថ្មីទេ បើទោះជារៀងរាល់ថ្ងៃខួបកំណើត នាងតែងតែមិត្តរួមអាជីព និង Fan ជូនពរឲ្យនាងបានកូនភ្លោះក្ដី ។

លី ម៉ារីណា បានរៀបការជាមួយបុរសពោះម៉ាយ លោកទៀង ច័ន្ទសារ អាយុ៥៧ឆ្នាំ កាលពីថ្ងៃទីទី១២ ខែមករា ឆ្នាំ២០២៤ ដោយស្វាមីអាយុបងនាង ដល់ទៅទៅ ១១ឆ្នាំ ខណៈដែលតាំងពីក្រោយរៀបការរួច នាងត្រូវបានអ្នក រួមអាជីពមួយចំនួន ហៅ «ជំទាវ» បើទោះជានាងមិនដែលសម្ញែងឥទ្ធិពល មានកងអង្គរក្សតាមហែហមដូចតារាខ្លះដែលមានប្ដីជាអ្នកធំក្ដី ។ ម៉ារីណា ក៏នៅតែលក់អីវ៉ាន់តាម Online ធម្មតា ហើយនាងធ្លាប់អ្នកយកព័ត៌ មាន «នគរធំ» ថាក្នុង ១ឆ្នាំ ទទួលថតភាពយន្ដ ១រឿងទេ ក្រៅពីនោះ នាងយកពេលវេលាទាំងអស់ ទៅរកស៊ី មុខរបរផ្ទាល់ខ្លួន ។

ប្រភពថា ការដែលលី ម៉ារីណា ប្រារពខួបកំណើតខ្លួន ជារៀងរាល់ឆ្នាំបែបនេះ បញ្ជាក់ថានាងមិនភ័យខ្លាចចាស់ ឬបារម្ភ ឲ្យតែដល់ថ្ងៃខួបកំណើតខ្លួនឯង ដឹងតែចាស់ ១ឆ្នាំទៀត ដូចកែវ ពេជ្រពិសី នោះទេ ប៉ុន្ដែនាងបែជាធ្វើពិធីជប់លៀង នៅថ្ងៃខួបកំណើត មានក្រុមគ្រួសារ និងមិត្តភក្ដិ ទៅជូនពរនាង មិនដែលខានឆ្នាំណាឡើយ។ គេថានៅពេលដែលម៉ារីណា ពពោះកូនដំបូង ឲ្យស្វាមីនោះ នាងប្រាកដជាត្រូវប្ដីថ្នាក់ថ្នមលើសនេះទ្វេដង ហើយខួបកំណើតនាងនឹងត្រូវស្វាមីរៀបចំពិធីជប់លៀង ឲ្យរឹតតែធំជាងឆ្នាំនេះទៀតជាមិនខាន ៕


