Thursday, June 4, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចេញទៅធ្វើការរោងចក្រ ភ្លើងឆេះផ្ទះហ្មត់

ចេញទៅធ្វើការរោងចក្រ ភ្លើងឆេះផ្ទះហ្មត់

ខេត្តកណ្តាល ៖ លំនៅឋាន ១ខ្នង របស់ស្ត្រីជាកម្មការិនីរោងចក្រ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងព្រឹក ខណៈម្ចាស់ផ្ទះមិននៅ រវល់ចេញទៅធ្វើការបាត់ បង្កឱ្យរងការខូចខាតផ្ទះ អស់ទាំងស្រុង រួមនិងសម្ភារៈ ទ្រព្យសម្បត្តិក្នុងផ្ទះមួយចំនួនធំ។

ករណីអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង១៥នាទីព្រឹក ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិទ្រា ឃុំរកាជន្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ផ្ទះដែលរងការឆាបឆេះ មានទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ សង់អំពីឈើ ប្រក់ដំបូលក្បឿង ជញ្ជាំងក្តារ និងរនាបឫស្សី មានម្ចាស់ឈ្មោះសៀម សុខធឿន ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិកើតហេតុខាងលើ។

ហេតុការណ៍អគ្គិភ័យនេះ បានបង្កឱ្យរងការខូចខាត រួមមាន ផ្ទះ ១ខ្នងទាំងស្រុង និងឆេះខូចខាតសម្ភារៈនិងទ្រព្យសម្បត្តិ រួមមាន ម៉ូតូ ១គ្រឿង ម៉ូទ័របូមទឹក ១គ្រឿង កង់ ១គ្រឿង ប្រាក់សុទ្ធ ចំនួន ២០ម៉ឺនរៀល ស្រូវ ចំនួន៥បាវ និងសម្ភារប្រើប្រាស់មានតម្លៃមួយចំនួនទៀត។

សមត្ថកិច្ច បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចេញអន្ត រាគមន៍ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ស្មើនឹង ១៤ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍ទាំង ស្រុង នៅវេលាម៉ោង ១១ព្រឹក ថ្ងៃដដែល។

តាមការសន្និដ្ឋានបឋម សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះនេះ បណ្តាលមកពីការទុស្សេខ្សែភ្លើង ឬឆ្លងចរន្តអគ្គិសនី។ ក្នុងហេតុការណ៍នេះ ពុំបណ្តាលឱ្យមានមនុស្សរងរបួស ឬបាត់បង់ជីវិតឡើយ៕

RELATED ARTICLES