Thursday, June 4, 2026
Homeព័ត៌មានជាតិដេញកឹម សុខា ពីប្រធានខ្មោចបក្សប្រឆាំង ផ្ទុះប្រតិកម្ម

ដេញកឹម សុខា ពីប្រធានខ្មោចបក្សប្រឆាំង ផ្ទុះប្រតិកម្ម

ភ្នំពេញ ៖ ក្រោយពេលដែលបណ្ឌិត សេង សារី និងក្រុមប្រយុទ្ធគណបក្សសង្រ្គោះជាតិ បានទាមទារឲ្យលោកកឹម សុខា លាលែងពីតំណែងប្រធាន នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដោយចោទថា អតីតមេបក្សប្រឆាំងរូបនេះ បានបោះបង់ភាពជាអ្នកដឹកនាំគណបក្ស ដើម្បីដូរយកសេរីភាពផ្ទាល់ខ្លួននោះមក សហការីនិងជំនួយការលោកកឹម សុខា បានបញ្ចេញប្រតិកម្ម ដោយហៅលោកបណ្ឌិត សេង សារី “បណ្ឌិតឆ្កែអង្គែស៊ី” និងបានលើកឡើងថា បណ្ឌិតសេង សារី ក្បត់អ្នកប្រជាធិបតេយ្យ ពួនសម្ងំបង្កប់នៅក្រោមក្លៀកលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលបច្ចុប្បន្នជាប្រមុខរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលក្រុមនេះកន្លងទៅតែងតែបន្ទច់បង្អាក់និងរារាំងមិនឱ្យមានឱកាសនៃដំណោះស្រាយដើម្បីឲ្យលោកកឹម សុខា បានរួចទុក្ខទោសនោះទេ ទើបពួកគេមិនសប្បាយចិត្ត នៅពេលឃើញលោកកឹម សុខា មានសេរីភាព ក្រោមទ្រឹស្តីប្រកបដោយល្បិច «នំអញមិនបានស៊ី អញជាន់ចោល!» ។

លោក មុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ជាអតីតជំនួយការលោក កឹម សុខា ដែលកំពុងរស់នៅក្រៅប្រទេស បានបង្ហោះរូបភាពលោកបណ្ឌិត សេង សារី នៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ជាមួយសំណេរថា “អាឆ្កែអង្គែស៊ី សេង សារី គីជាជនក្បត់អ្នកប្រជាធិបតេយ្យ ពួនសម្ងំបង្កប់នៅក្រោមក្លៀកលោក សម រង្ស៊ី ។ ដូច្នេះបុគ្គលក្បត់ម្នាក់នេះគ្មានសិទ្ធិអ្វីដែលមកអំពាវនាវ ឬស្នើសុំឱ្យអ្នកប្រជាធិបតេយ្យ ធ្វើតាមខ្លួននោះទេ។ អាចោរក្បត់ប្រជាធិបតេយ្យ! យើងអ្នកប្រជាធិបតេយ្យ គួរត្រូវនាំគ្នាថ្កោលទោសអាជនក្បត់នេះ” ។

ក្នុងន័យនេះ លោកមុត ចន្ថា បញ្ជាក់ថា លោកកឹម សុខា ជាឥស្សរជននយោបាយ និងជាមេដឹកនាំនយោបាយគណប្រឆាំង នៃកម្ពុជា ដែលតែងតែស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋខ្មែរ ជានិច្ច តែបណ្ឌិតសេង សារី និងក្រុមសម រង្ស៊ី មិនដែលចង់ឃើញនិងចង់ឱ្យលោក កឹម សុខា មានសេរីភាពម្តងណាឡើយ ដោយបានបង្កើតឲ្យមានព្រឹត្តិការណ៍បន្តបន្ទាប់ ទាញភ្ជាប់ជាមួយលោក កឹម សុខា សំដៅបន្ទច់បង្អាក់និងរារាំងមិនឱ្យមានឱកាសនៃដំណោះស្រាយ ក្រោមទ្រឹស្តីប្រកបដោយល្បិច «នំដែលអញមិនបានស៊ី អញជាន់វាចោល!» ។ ជាពិសេស ក្រុមនេះ កំពុងតែឈឺចិត្តស្អិតទ្រូងខ្លាំង ចំពោះដំណោះស្រាយដោយឈរលើស្មារតីផ្សះផ្សា និងបង្រួបបង្រួមជាតិខ្មែរ ដែលឈានដល់ការដោះលែងលោកកឹម សុខា ឱ្យមានសេរីភាព ខណៈដែលពួកគេនៅតែមិនអាចរកច្រកសម្រាប់ដំណោះស្រាយឱ្យខ្លួនឯង ។

លោក មុត ចន្ថា បានសរសេរបន្ថែម នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ថា “ខ្មែររួបរួម ខ្មែរខ្លាំង! ឯកឧត្តម កឹម សុខា ជាឥស្សរជននយោបាយ និងជាមេដឹកនាំនយោបាយគណប្រឆាំង នៃកម្ពុជា ដែលតែងតែស្មោះត្រង់ចំពោះជាតិ និងប្រជាពលរដ្ឋខ្មែរ ជានិច្ច។ លោកមិនបានរត់ចោលជាតិ និងប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពួល ទោះបីលោកត្រូវទទួលរងទុក្ខទោស អស់រយៈពេលជាង ០៩ឆ្នាំមកនេះ។

មតិជាតិនិងអន្តរជាតិ សុទ្ធតែយល់ស្របទាំងអស់គ្នាថា រឿងក្តីរបស់ឯកឧត្តម កឹម សុខា គឺជារឿងនយោបាយ ដែលចាំបាច់ត្រូវការដោះស្រាយតាមរយៈនយោបាយ សម្រុះសម្រួលរវាងខ្មែរនិងខ្មែរ ខណៈដែលលោកនិងក្រុមមេធាវីរបស់លោក បានខិតខំតស៊ូនៅលើសមរភូមិច្បាប់ និងតុលាការ អស់រយៈពេលជាង ០៩ឆ្នាំ។ ក្នុងអំឡុងពេល ០៩ឆ្នាំ ដែលលោកបានបាត់បង់សេរីភាពនេះ គ្មាននរណាដឹងទេថា លោកត្រូវទទួលរងនូវការឈឺចាប់ខ្លាំងប៉ុនណានោះទេ ប៉ុន្តែលោកមិនបានបោះបង់ចោលឱកាសដើម្បីស្វែងរកដំណោះស្រាយ ម្តងណាឡើយ ទោះបីលោកស្ទើរតែគ្មានឱកាសក៏ដោយ។ ដំណោះស្រាយដោយការសម្របសម្រួលរវាងខ្មែរនិងខ្មែរ គឺជាដំណោះដ៏ត្រឹមត្រូវមួយ ព្រោះវាជារូបមន្តតែមួយ ដែលអ្នកនយោបាយខ្មែរបានប្រើប្រាស់ ចាប់តាំងពីឆ្នាំ១៩៩១ មក។ ដំណោះស្រាយនេះ មិនមែនជាការចុះចូល ឬសុំចុះចាញ់នោះឡើយ ផ្ទុយទៅវិញ វាជាដំណោះស្រាយខ្មែរឈ្នះទាំងអស់គ្នា និងខ្មែរ អាចដោះស្រាយបញ្ហានយោបាយ ដោយខ្មែរគ្នាឯង ដែលរក្សាបាននូវគុណតម្លៃជាតិ និងកិត្តិយសខ្មែរ ដើម្បីឯកភាពជាតិខ្មែរ»។

អតីតជំនួយលោក កឹម សុខា បានបន្តថា «សហគមន៍អន្តរជាតិ មានជាអាទិ៍ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប (តំណាងឱ្យរដ្ឋ ២៧ប្រទេស) បារាំង ចក្រភពអស់គ្លេស អាល្លឺម៉ង់ ជប៉ុន អូស្រ្តាលី បានបង្ហាញនូវការសាទរចំពោះការដោះលែងនៃឯកឧត្តម កឹម សុខា ឱ្យមានសេរីភាព និងបានចាត់ទុកជាការវិវត្តវិជ្ជមានទៅមុខមួយ ហើយក៏បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាស្តារសិទ្ធិនយោបាយនិងសេរីភាព ជូនឯកឧត្តម កឹម សុខា និងប្រជាពលរដ្ឋកម្ពុជា ដើម្បីអាចសម្តែងមតិ និងជួបប្រជុំដោយសន្តិវិធី និងដោយសេរី។

ខុសអីតែបុគ្គលខ្លះ បានបង្ហាញពីការខកចិត្តចំពោះដំណោះស្រាយដែលធ្វើឱ្យឯកឧត្តម កឹម សុខា ទទួលបាននូវសេរីភាពដែលមិនទាន់ពេញលេញនេះមកវិញ។ បុគ្គលទាំងនេះ រួមទាំងជនក្បត់អ្នកប្រជាធិបតេយ្យ សេង សារី ដែលធ្លាប់ពួនសម្ងំ លាក់ខ្លួនបង្កប់នៅក្រោមក្លៀកលោក សម រង្ស៊ី និងក្រុមរបស់គាត់។ ជនក្បត់ម្នាក់នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកបំបាក់កម្លាំងអ្នកប្រជាធិបតេយ្យ ដោយជ្រកក្រោមស្លាករបស់លោក សម រង្ស៊ី-មួរ សុខហួរ-អេង ឆៃអ៊ាង ហើយនិងអាស៊ីសេរី នៃលោក ជុន ចន្ទបុត្រ។ តាំងតែពីដើមរៀងមក ក្រុមនេះ មិនដែលចង់ឃើញ និងចង់ឱ្យឯកឧត្តម កឹម សុខា មានសេរីភាពម្តងណាឡើយ ដោយពួកគេ បានបង្កើតឱ្យមានព្រឹត្តិការណ៍បន្តបន្ទាប់ ក្នុងចេតនាទាញភ្ជាប់ជាមួយឯកឧត្តម កឹម សុខា ដើម្បីបន្ទច់បង្អាក់និងរារាំងខ្ទប់ឱកាសនៃដំណោះស្រាយ។ ទ្រឹស្តីប្រកបដោយល្បិច គឺ «នំដែលអញមិនបានស៊ី អញជាន់វាចោល!»។

លោក មុត ចន្ថា បានបន្តទៀតថា «ក្រុមនេះ កំពុងតែឈឺចិត្តស្អិតទ្រូងខ្លាំង ចំពោះដំណោះស្រាយដោយឈរលើស្មារតីផ្សះផ្សា និងបង្រួបបង្រួមជាតិខ្មែរ ដែលឈានដល់ការដោះលែងឯកឧត្តម កឹម សុខា ឱ្យមានសេរីភាព ខណៈដែលពួកគេ នៅតែមិនអាចរកច្រកសម្រាប់ដំណោះស្រាយឱ្យខ្លួនឯងបាន។ សូម្បីតែសហគន៍អន្តរជាតិ ក៏មិនដែលនឹកនា ខ្វល់ខ្វាយចំពោះក្រុមនេះ ព្រោះពួកគេ អស់មានតម្លៃនយោបាយ ហើយសូម្បីតែលោក ជុន ចន្ទបុត្រ ក៏ទទួលស្គាល់ជាសាធារណៈថា អ្នកមកចូលរួមកម្មវិធីផ្សេងៗ កាន់តែស្កាល ឬថមថយចុះជាលំដាប់។ ល្មមភ្ញាក់ខ្លួនហើយ!

ឯកឧត្តម កឹម សុខា នៅតែប្រកាន់ជំហរនយោបាយ ដោយមិនប្រែប្រួល គឺ «អហិង្សា មិនគុំកួន មិនសងសឹក និងមិនចាត់ទុកខ្មែរណាមួយជាសត្រូវ» ហើយនិងនៅតែគោរពរដ្ឋធម្មនុញ្ញ ដោយឥតងាករេ ដោយមិនធ្វើសកម្មភាពឬចូលរួមក្នុងសកម្មភាពខុសច្បាប់ របស់ក្រុមនយោបាយណាមួយឡើយ ។ យើងជឿជាក់ថា ឯកឧត្តម កឹម សុខា នៅតែមានឆន្ទៈបរិសុទ្ធបន្តបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ“ ។

ជាមួយគ្នានោះដែរ លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោក កឹម សុខា កំពុងរស់នៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ថា បើទោះជាគណបក្សសង្រ្គោះជាតិ រស់ក៏ដោយ ក៏ករណីលោក កឹម សុខា ដែលគេចោទថា ក្បត់ជាតិនោះ បើរកឃើញថា មានទោស គាត់ត្រូវបាត់បង់តួនាទីជាប្រធានគណបក្សសង្រ្គោះជាតិ ដោយស្វ័យប្រវត្តិហើយ ។ ដូច្នេះសម្រាប់ការស្រែកដេញលោក កឹម សុខា ចេញពីអតីតបក្សសង្រ្គោះជាតិ ពីសំណាក់ក្រុមសម រង្ស៊ី វាគឺជារឿងគួរឲ្យអស់សំណើច ដែលដូចខ្មោចទើបងើបដឹងខ្លួនមកវិញ មិនដែលនឹកឃើញនិយាយអីក្រៅតែពីតាមវាយប្រហារលោក កឹម សុខា រហូត ដូចជាចោទថា ជាប់គុកសិប្បនិម្មិត ជាប់គុកឥតប្រយោជន៍​ ជាដើម។ លុះលោកកឹម សុខា មានសេរីភាព ក៏បែរជាចោទថា យកគណបក្ស និងអ្នកគាំទ្រ ទៅដូរនឹងសេរីភាពផ្ទាល់ខ្លួនទៅវិញ ។

លោក ហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “តាមពិត ទី១ ខ្ញុំមិនដែលចាប់អារម្មណ៍ពួកហ្នឹងផង ហើយក៏មិនដែលគិតថា ពួកហ្នឹង​ នៅគាំទ្រឬក៏បន្ត ឬក៏ជាតំណាងអីរបស់គណបក្សសង្រ្គោះជាតិផង ហើយពួកនេះ ប្ដូរពីមួយទៅមួយ មិនដឹងអត្តសញ្ញាណគាត់ជាស្អីទេ ។ អ៊ីចឹងចេញមកធ្វើអីតាមការនឹកឃើញ ដើម្បីទាញការចាប់អារម្មណ៍ ទាញប្រយោជន៍នយោបាយ ឲ្យគេមានការចាប់អារម្មណ៍ពីក្រុមខ្លួន ពីក្រុមពួកលោក សម រង្ស៊ី ហ្នឹង ក្រោយពីមានការដោះលែងលោក កឹម សុខា អ៊ីចឹង អាហ្នឹងទី១ ។ ទី២ ជារូបភាព យើងចេះតែមើលឃើញហើយថា លោក កឹម សុខា ជា…។ ឥឡូវយើងអត់មានគណបក្សសង្រ្គោះជាតិ ទេ ។ អ៊ីចឹងបើទោះបីគេនៅទទួលស្គាល់គាត់ថា ជាប្រធានគណបក្ស អីអ៊ីចឹងមែន ប៉ុន្តែគាត់អត់មានគណបក្ស ។ អ៊ីចឹងគេអាចប្រើពាក្យត្រឹមតែជាអតីតប្រធានអតីតគណបក្សសង្រ្គោះជាតិ ព្រោះអត់មានគណបក្ស ។ ទោះបីជាការរំលាយគណបក្សសង្រ្គោះជាតិ កន្លងមក វាអត់ត្រឹមត្រូវតាមច្បាប់ ក៏ពិតមែន ប៉ុន្តែឥឡូវ អត់មានគណបក្សសង្រ្គោះជាតិទេ ជាផ្លូវការឥឡូវនេះ ។ អ៊ីចឹងវាអត់មានគណបក្សទេ អាហ្នឹងទី១ ។ ទី២ បើទោះបីជាឥឡូវនេះ ជាផ្លូវច្បាប់ តាមពិត គាត់អត់មានទោសទេ នៅក្នុងច្បាប់គណបក្សនយោបាយថ្មីនេះ បើបុគ្គលទាំងឡាយណាដែលរកឃើញថា គាត់ាមានកំហុស ជាទណ្ឌិត គឺគាត់ត្រូវបាត់បង់ជាប្រធានគណបក្ស ដោយស្វ័យប្រវត្តិ មានន័យថា បើទោះជាគណបក្សសង្រ្គោះជាតិ រស់ក៏ដោយ នៅមានជីវិតក៏ដោយ ប៉ុន្តែករណីលោក កឹម សុខា បើគេរកឃើញថា គាត់មានទោស រាល់ថ្ងៃ គេចោទគាត់ថា ទោសក្បត់ជាតិហ្នឹង អ៊ីចឹងគាត់មានទោសហើយ ។ អ៊ីចឹងបើគាត់មានទោស គាត់ត្រូវបាត់បង់ជាប្រធានគណបក្សសង្រ្គោះជាតិ ដោយស្វ័យប្រវត្តិហើយ ។ អ៊ីចឹងមានន័យថា ជាសរុបមក ទាំង១ ទាំង២នេះ គឺពួកនេះ គ្រាន់តែធ្វើដើម្បីទាញការចាប់អារម្មណ៍ បង្ហាញខ្វល់ខ្វាយពីរឿងលោកកឹម សុខា ឬក៏ដើម្បីគេងាកមកចាប់អារម្មណ៍ ។ អ៊ីចឹងទេ វាអត់មានបានប្រយោជន៍អីទេ ហើយបើមែនទែនទៅ វាគឺជារឿងដែលគួរឲ្យអស់សំណើច ដែលដូចខ្មោចទើបងើបដឹងខ្លួនមកវិញ (ភ្លឹក) មិនដែលនឹកឃើញនិយាយអី ក្រៅតែពីតាមវាយប្រហារលោក កឹម សុខា រហូត ចោទជាប់គុកសិប្បនិម្មិតអីហូរហែ វ៉ៃប្រហារ យកលោក​ កឹម សុខា ទៅភ្នាល់ ចោទលោកកឹម សុខា ជាប់គុកឥតប្រយោជន៍ បណ្ឌិតកែម ឡី ស្លាប់ឥតប្រយោជន៍ ។ ដល់ពេលដោះលែងលោក កឹម សុខា ចេញមកស្រែកអ៊ីចេះអ៊ីចុះ ដោះលែងឲ្យមានសេរីភាពពេញលេញ ចេញមកខ្វល់ខ្វាយជំនួស ។ អ៊ីចឹងវាគឺជារឿងគួរឲ្យអស់សំណើចទៅវិញទេ“ ។

ដោយឡែក លោក ផែង ហេង សហមេធាវីការពារក្ដីលោកកឹម សុខា បានលើកឡើងថា លោកមិនបកស្រាយជំនួសលោក កឹម សុខា នោះទេ ប៉ុន្តែលោកចង់ប្រាប់ទៅអ្នកបកស្រាយរឿងក្តីរបស់លោក កឹម សុខា ថា ការបកស្រាយកេងចំណេញនយោបាយ សម្រាប់ខ្លួនឯងតែរៀងៗខ្លួន ហើយហាក់ដូចមានចេតនាបង្ខូច ឬបន្តុះបង្អាប់លោក កឹម សុខា ទៅវិញទេ ព្រោះតាមពិត លោកកឹម សុខា ជាជនរងគ្រោះពីការចោទគ្មានអង្គហេតុ ឬគ្មានមូលដ្ឋាន ដូចដែលសហរដ្ឋអាមេរិក តែងតែថ្លែងការណ៍ ។ ដូច្នេះសួរថា បើគាត់មិនតស៊ូ ដើម្បីយុត្តិធម៌ តើឲ្យគាត់តស៊ូ យកអ្វី? បើគាត់ចុះចូល ដោះដូរថ្នូរ ឬជាប់គុកសិប្បនិម្មិត ម្ល៉េះគាត់មានលុយ និងសេរីភាពពេញលេញ ។

លោកមេធាវី ផែង ហេង បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ថា “ខ្ញុំមិនបកស្រាយជំនួសឯកឧត្តម កឹម សុខា នោះទេ។ ប៉ុន្តែខ្ញុំចង់ប្រាប់ទៅអ្នកបកស្រាយរឿងក្តីរបស់ឯកឧត្តម កឹម សុខា។ ខ្ញុំយល់ថា ការបកស្រាយកេងចំណេញនយោបាយសម្រាប់ខ្លួនឯង តែរៀងៗខ្លួន ហើយហាក់ដូចមានចេតនាបង្ខូចឬបន្តុះបង្អាប់ឯកឧត្តម កឹម សុខា ទៅវិញទេ (Discredit)។

ខ្ញុំនិយាយខ្លីថា ៖ ឯឧ កឹម សុខា ជាជនរងគ្រោះពីការចោទគ្មានអង្គហេតុ ឬគ្មានមូលដ្ឋាន ដូចសហរដ្ឋអាមេរិកតែងតែថ្លែងការណ៍ (statement)។ សួរថា បើគាត់មិនតស៊ូ ដើម្បីយុត្តិធម៌ តើឲ្យគាត់តស៊ូ យកអ្វី? បើគាត់ចុះចូល ដោះដូរថ្នូរ ឬជាប់គុកសិប្បនិម្មិត ម្ល៉េះគាត់មានលុយ និងសេរីភាពពេញលេញ មើលសារលោកគ្រូបណ្ឌិត ឡៅ ម៉ុងហៃ «លោក កឹម សុខា មិនខុសពីអនុប្រជាជនទេដឹង?» ។

សម្រាប់អ្នកច្បាប់ ខ្ញុំមើលឃើញជម្រើស២ គឺ ៖

ទី១- ដោះស្រាយតាមរយៈតុលាការ គឺបដិសេធសេចក្តីសម្រេចរបស់តុលាការថ្នាក់ក្រោម ដើម្បីយុត្តិធម៌ និងនីតិរដ្ឋ ហើយបានផ្សះផ្សារបួសផ្លូវចិត្ត និងការទូត ជាមួយសហរដ្ឋអសមេរិក ជាពិសេស លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក ចូ បៃដិន ដែលខំបញ្ជាក់ភាពស្អាតស្អំកន្លងមក។

ទី២- ផ្សះផ្សាជាតិ ដោយអ្នកនយោបាយខ្មែរ និយាយគ្នា។

ប៉ុន្តែបើព្រះរាជក្រឹត្យ នៅមានលក្ខណៈបែបនយោបាយ (បិទសិទ្ធិមិនឲ្យគាត់ធ្វើនយោបាយ) តើឯកឧត្តម កឹម សុខា ឯណាមិនចង់បានសេរីភាពពេញលេញជាពលរដ្ឋខ្មែរ? សម្តេច ហ៊ុន សែន ធ្លាប់និយាយនៅពេល ឯឧ ទៅបុណ្យសព ថា ៖ អ្នកនយោបាយ បើមិនធ្វើនយោបាយ។

ដើម្បីបានផ្សះផ្សាជាតិពេញលេញ តាមស្មារតីរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ គណបក្សប្រជាជន ត្រូវហ៊ានលះបង់ដូចសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានធ្វើ ក្នុងឆ្នាំ១៩៩៣-ឆ្នាំ១៩៩៤ គឺមានជម្រើស២ គឺ ៖ ​ទី១ តាមមធ្យោបាយនាយករដ្ឋមន្ត្រី ធ្វើសំណើថ្វាយព្រះមហាក្សត្រ សុំលើកលែងទាំងស្រុង នូវទោសបន្ថែម ឬអនុទោសដែលនៅសេសសល់ ឬទី២ សុំឲ្យតុលាការផ្តល់នីតិសម្បទាពេញលេញជូនឯកឧត្តម កឹម សុខា ឡើងវិញ“ ។

គួរបញ្ជាក់ថា ប្រតិកម្មរបស់សហការីលោក កឹម សុខា ខាងលើនេះ បានធ្វើឡើងក្រោយពីលោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ និងជាអ្នកសិក្សាស្រាវជ្រាវសង្គម ដែលជាអតីតកូនធម៌សម្ដេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) កំពុងរស់និរទេសនៅប្រទេសអូស្រ្តាលី បន្តរិះគន់ឪពុកធម៌ខ្លួន និងគាំទ្រលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) បានលើកឡើងថា ការលើកលែងទោសលោក កឹម សុខា គឺជាយុទ្ធសាស្រ្តនយោបាយកម្រិតខ្ពស់មួយ “សម្លាប់ក្នុងរូបភាពសង្គ្រោះ” របស់សម្ដេច ហ៊ុន សែន ហើយលោកបណ្ឌិត​សេង សារី បានស្នើឲ្យលោកកឹម សុខា ដោះលែងអតីតគណបក្សសង្រ្គោះជាតិ ដែលខ្លួនកំពុងឱបយកទៅជាមួយអវសានជីវិតនយោបាយរបស់ខ្លួននោះ ដោយប្រកាសលាលែងតំណែងប្រធានខ្មោចគណបក្សសង្គ្រោះជាតិ។

នៅក្នុងវីដេអូបកស្រាយលើប្រធានបទ “ការចូលរួមរំលែកទុក្ខសម្រាប់ថ្ងៃអវសាននៃជីវិតនយោបាយរបស់លោកកឹម សុខា” កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកបណ្ឌិត សេង សារី បញ្ជាក់ថា លោកមិនអបអរសាទរជាមួយលោកកឹម សុខា ទេ តែលោកសូមចូលរួមមរណទុក្ខនៃអវសានជីវិតនយោបាយរបស់លោកកឹម សុខា ហើយក៏ចូលរួមអស់សង្ឃឹមជាមួយប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់គាំទ្រអតីតគណបក្សសង្រ្គោះជាតិ និងផ្ដល់ក្ដីសង្ឃឹមលើការលះបង់របស់លោកកឹម សុខា ដែរ ដែលលោកកឹម សុខា មិនព្រមដោះលែងគណបក្សសង្រ្គោះជាតិ សុខចិត្តឱបទៅជាមួយ ហើយចុងក្រោយ គ្រវែងចោលការលះបង់ដើម្បីជាតិ ប្រជាជន ចាប់យកសេរីភាពបុគ្គលផ្ទាល់ខ្លួន ។

លោកបណ្ឌិត សេង សារី បានមានប្រសាសន៍នៅពេលនោះថា “អ៊ីចឹងហើយអ្វីដែលខ្ញុំលើកឡើងនៅថ្ងៃនេះ ខ្ញុំចង់ចូលរួមមរណទុក្ខ ចែករំលែកមរណទុក្ខជាមួយលោកកឹម សុខា ដែលបានដើរដល់ដល់ថ្ងៃអវសាននៃនយោបាយរបស់ខ្លួន ហើយដែលមានរឿងច្រើនទៀតដែលលោកកឹម សុខា ត្រូវតែប៉ះប៉ូវដល់អ្នកគាំទ្ររបស់ខ្លួន  ។ ចំណុចមួយទៀត ដែលខ្ញុំចង់លើកជូននៅថ្ងៃនេះដែរ គឺជាមេរៀនមួយទៀតទេ ទាក់ទងទៅនឹងការជ្រើសរើស ព្រោះខ្ញុំបានអត្ថាធិប្បាយ តាំងពីយូរហើយ ខ្ញុំទទួលស្គាល់ហើយថា ពួកកឹម សុខានិយម ជាពិសេសមន្ត្រីស្និទ្ធជុំវិញលោកកឹម សុខា ហ្នឹង មិនសូវចូលចិត្តខ្ញុំទេ ព្រោះខ្ញុំអ្នករិះគន់លោកកឹម សុខា តាំងពីយូរហើយ ។ ខ្ញុំមិនមែនរិះគន់ដោយសារខ្ញុំស្អប់លោកកឹម សុខា ទេ ខ្ញុំគ្មានសត្រូវ គ្មានគំនុំស្អី មិនដែលនិយាយគ្នា មិនដែលបាយជាមួយគ្នាមួយពេលទេ គ្មានហេតុផលអីត្រូវស្អប់គាត់ទេ ប៉ុន្ដែខ្ញុំរិះគន់ក្នុងនាមជាអ្នកនយោបាយដែលជ្រើសរើសយុទ្ធសាស្ត្រនយោបាយមិនត្រឹមត្រូវ ។ មកដល់ពេលនេះ បញ្ជាក់ច្បាស់លាស់ហើយបងប្អូន! នយោបាយអហិង្សាអសកម្ម ដេកនៅមាត់អាងហែលទឹក ដើម្បីទទួលបានតួនាទី តំណែង ឬក៏គេប្រគល់អំណាចឲ្យ វាមកដល់ពេលនេះ បង្ហាញថា វាជាយុទ្ធសាស្ត្រមួយបរាជ័យហើយ ឬក៏អាចនិយាយម្យ៉ាងទៀតថា ជាការជ្រើសរើសយុទ្ធសាស្រ្តខុស នៅក្នុងបរិបទនយោបាយកម្ពុជា ។ អហិង្សាអសកម្ម ទៅមិនរួចទេ ចុងបញ្ចប់ យកគណបក្សសង្គ្រោះជាតិ ទៅចតចោល យកគណបក្សសង្គ្រោះជាតិ ទៅចូលគុកជាមួយខ្លួនឯង រាប់ឆ្នាំ ។ នេះជាមេរៀនដែលលោកកឹម សុខា បានបង្រៀនយើង ។ ដូច្នេះហើយខ្ញុំគិតថា អ្វីដែលខ្ញុំចង់លើកឡើងនៅថ្ងៃនេះ មិនច្រើនទេ ព្រោះខ្ញុំចង់បង្ហាញនូវអារម្មណ៍ថា លោកកឹម សុខា បានដើរដល់ទីបញ្ចប់ហើយ ជាលក្ខណៈបុគ្គល អបអរសាទរ ដែលលោកកឹម សុខា បានទទួលសេរីភាព ជាលក្ខណៈបុគ្គល ប៉ុន្ដែកុំភ្លេចថា មានមនុស្សច្រើនណាស់ ដែលកំពុងតែស្លុតចិត្ត ដោយសារតែបាត់បង់ក្តីសង្ឃឹម សង្ឃឹមលើការតស៊ូរបស់លោកកឹម សុខា ។ អ៊ីចឹងហើយ បានមកដល់ពេលនេះ វាបង្ហាញច្បាស់ ។ អ៊ីចឹងបានខ្ញុំចាំសម្ដីលោក សម រង្ស៊ី ដែលខ្ញុំធ្លាប់ជជែកជាមួយគាត់ ។ គាត់ថា “សារី ឯង បើចង់ចាប់អារម្មណ៍ធ្វើនយោបាយ កុំយកខ្លួនឯងទៅដាក់ចូលនៅក្នុងទ្រុងនយោបាយរបស់លោកហ៊ុន សែន ចុងបញ្ចប់ គឺសង្គ្រោះសេរីភាពខ្លួនឯង សង្គ្រោះយុត្តិធម៌ខ្លួនឯង មិនបានផង មិនចាំបាច់ចូលទៅសង្គ្រោះយុត្តិធម៌ ទៅសង្គ្រោះសេរីភាព ទៅសង្គ្រោះជាតិ ពីកណ្ដាប់ដៃហ៊ុន សែន ទេ“ ។ គាត់និយាយច្បាស់អ៊ីចឹង មកដល់ពេលនេះ គេនៅមើលឃើញថា  លោកសម រង្ស៊ី ជាមនុស្សកំសាក ប៉ុន្តែលោកសម រង្ស៊ី មិនបានចូលខ្លួនទៅដាក់ក្នុងទ្រុង ធ្វើជាត្រីរ៉ស់ ដែលហ៊ុន សែន កាច់កស្ងោរពេលណាក៏បាននោះទេ ចុងបញ្ចប់ ករណីលោកកឹម សុខា គឺឃើញច្បាស់ហើយ មិនរត់ចោលពលរដ្ឋអ្ហែ៎? មិនរត់ចោលអ្នកតស៊ូ? ចុងបញ្ចប់ ក្លាយទៅជាត្រីដែលគេកាច់ស្ងោរ ពេលណាលក៏បាន មកដល់ពេលនេះ បង្ហាញច្បាស់ សូម្បីតែខ្លួនឯង សង្គ្រោះសេរីភាពក៏មិនចង់បានផង ។ ប៉ុន្ដែមិនមែនមានន័យថា មេរៀនដែលរត់ចោលស្រុកហ្នឹង ជាមេរៀនដ៏ល្អជាងគេ សម្រាប់ការតស៊ូនយោបាយនៅកម្ពុជា ទេ សម្រាប់អ្នកនយោបាយវ័យក្មេងផ្សេងទៀត ដែលកំពុងតស៊ូ ឬក៏ត្រៀមខ្លួននៅក្នុងការចូលប្រឡូកនៅក្នុងកិច្ចការងារនយោបាយ ត្រូវយកមេរៀនអស់ហ្នឹង របៀបធ្វើនយោបាយរបស់លោកកឹម សុខា របៀបធ្វើនយោបាយរបស់លោកសម រង្ស៊ី ។ យើងមិនបាច់និយាយក្រោយទេ យើងនិយាយត្រឹមតែប៉ុណ្ណឹង ព្រោះអ្នកនយោបាយ បីរូប ហើយនយោបាយបច្ចុប្បន្នដែលដឹកនាំដោយមនុស្សជំនាន់ថ្មី គណបក្សប្រជាជន យើងបិទវង់ក្រចកប៉ុណ្ណឹង យើងនិយាយតែអ្នកនយោបាយដែលមានឥទ្ធិពលជើងចាស់ បីរូប ហើយអ្នកដែលតស៊ូ ដែលធ្វើឲ្យអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈឺក្បាលជាងគេនោះ គ្មានអ្នកណាក្រៅពីលោកសម រង្ស៊ី ព្រោះគាត់អត់យកសេរីភាពរបស់គាត់ទៅដាក់នៅក្នុងទ្រុងនយោបាយរបស់ហ៊ុន សែន ទេ ហើយគាត់ក៏មិនមែនអសកម្មដែរ ។ រឿងនៅក្នុងយុទ្ធសាស្ត្រនយោបាយ អាចធ្វើទៅវាខុស វាត្រូវ វាសាកល្បងវិធីសាស្ត្រនេះ វិធីសាស្រ្តនោះ ក៏ប៉ុន្តែលោកសម រង្ស៊ី អត់នៅស្ងៀម ។ ចង់និយាយអ៊ីចឹង មិនដែលទៅបញ្ចើបញ្ចើលោកសម រង្ស៊ី ទេ ប៉ុន្តែយើងមើលមើល! យើងមើលអ្នកនយោបាយផ្សេងទៀតមើល! មានអ្នកផ្សេងទៀតទេ ដែលអាចប្រៀបធៀបទៅនឹងរឿងនេះបាន? ប៉ុន្ដែរឿងជោគជ័យ មិនជោគជ័យ ឥឡូវយើងឃើញហើយ ម៉ូដែលថ្មីមួយទៀត ទាក់ទងទៅរដ្ឋាភិបាលក្រៅប្រទេស សភាក្រៅប្រទេស មិនទាន់ចេញលទ្ធផលអីទេ ប៉ុន្តែយ៉ាងហោចណាស់ក៏នៅអាចធ្វើអីបានតាមអ្វីដែលខ្លួនចង់ធ្វើ ក្នុងនាមជាអ្នកនយោបាយ ក្នុងនាមជាអ្នកផ្ដល់ក្ដីសង្ឃឹមទៅដល់ពលរដ្ឋ ។ ក៏ប៉ុន្តែបើសិនជាយកខ្លួនឯងទៅដាក់នៅក្នុងទ្រុងនយោបាយរបស់ហ៊ុន សែន ទៅហើយ របស់គណបក្សប្រជាជន ទៅហើយ មិនត្រឹមតែក្លាយទៅជាត្រី ដែលត្រូវគេស្ងោរជ្រក់ នៅពេលណាក៏បានទេ វាគ្រាន់តែសុំចេញពីទ្រុង ដើម្បីទៅជួបម្តាយ ម្ដាយឈឺធ្ងន់ បានតែ ១ម៉ោងជាងហ្នឹង…។

លោកបណ្ឌិត សេង សារី បន្តទៀតថា “អ៊ីចឹងថ្ងៃនេះ ខ្ញុំមានតែប៉ុណ្ណឹងទេ ប៉ុន្តែគ្រាន់តែថា មិនអបអរសាទរជាមួយនឹងបងប្អូនទាំងឡាយទេ តែលោកកឹម សុខា គាត់ទទួលបានហើយ គាត់ទទួលបានសេរីភាពផ្ទាល់ខ្លួនឯងហ្នឹង ប៉ុន្ដែបាត់បង់ហើយនូវសិទ្ធិជាមូលដ្ឋានរបស់ខ្លួន មិនអាចធ្វើអីបានទេ បោះឆ្នោត ក៏មិនបាន ឈរឈ្មោះឲ្យគេបោះឆ្នោត ក៏មិនបាន ចេញទៅក្រៅប្រទេស ក៏បាន ។ បើខ្ញុំវិញ ខ្ញុំបដិសេធជាមួយនឹងការលើកលែងទោសហ្នឹងតែម្ដង អត់យកទេ បើជ្រុលថាចង់បួស គ្រាន់តែទទួលបានសេរីភាព ទៅធ្វើសមាធិដដែល បួសនៅក្នុងផ្ទះខ្លួនឯងតែម្ដងទៅ ក្រែងយើងទៅបួស ទៅរកកន្លែងទីស្ងប់សុខអ្ហី? ទៅបួសនៅវត្តហ្នឹង មិនស្រួលហ្នឹង គ្មានទៅបានស្ងប់អីទេ អាពួកហ្នឹង ចាក់ធុងបាស់រាំ រាល់ថ្ងៃ មិនមែនស្ងប់ប៉ុន្មានទេ ទៅបួសនៅវត្ត រាល់ថ្ងៃហ្នឹង មេក្រូ ព្រលឹមឡើងផង យប់ឡើង ចាក់ធុងបាស់ អ្នកស្រុកច្រៀងខារ៉ាអូខេ ក្បែរវត្តហ្នឹងផង  មានអីស្ងប់? វាគ្មានស្អីស្ងប់ជាងផ្ទះខ្លួនឯងទេ បើជ្រុលជាអ៊ីចឹងដដែល ទុកវីរភាពតស៊ូឲ្យអ្នកជំនាន់ថ្មី ឲ្យកូន ឲ្យអីខ្លះទៅ ព្រោះឥឡូវហ្នឹង អ្នកបន្តវេនរបស់លោកកឹម សុខា ហ្នឹង មិនដឹងថា ត្រូវបន្តយ៉ាងម៉េចទេ ព្រោះវារលត់ទៅហើយ បន្តយ៉ាងម៉េច គេលែងជឿ គេអស់សង្ឃឹមទៅហើយ ទ្រព្យនយោបាយដែលសន្សំមក សាមសែសិបឆ្នាំហ្នឹង យកមកចាក់ចោល ដើម្បីដូរយកសេរីភាពផ្ទាល់ខ្លួន គ្មានស្អីទៀត? អ្នកខ្លះហ្នឹង ចេញមុខថា ព្យាយាមធ្វើអន្តរការី ដើម្បីជួយលោកកឹម សុខា ដូចនាំមេខ្លួនឯង ទៅចាក់កកណ្ដាលទីអ៊ីចឹង ដូចដកដាវ ហុចដងឲ្យអតីតនាយករដ្ឋមន្រ្តី អ៊ីចឹង ធ្វើឲ្យអ្ហែងអរគុណអញទៀត ចាប់អ្ហែងដាក់គុកហើយ អរគុណអញទៀត ឲ្យដឹង ឲ្យរាង លើកក្រោយ កុំឡូយ! ឥឡូវហ្នឹង លោកកឹម សុខា សល់អី? ជួយវិភាគខ្ញុំទៅមើល? សល់អីគេឥឡូវហ្នឹង? សល់តែសេរីភាពខ្លួនឯង នៃជីវិតចុងក្រោយ សល់តែមនោសញ្ចេតនា មានឱកាសទៅថែម្ដាយ វីរភាពនយោបាយ មានសល់ទេ? អត់! ឱបយកគណបក្សសង្រ្គោះជាតិ ទៅទៀត ។ ប៉ុន្តែជាចុងក្រោយ ខ្ញុំសំណូមពរម្ដងហើយម្ដងទៀតថា លោកកឹម សុខា អ្វីដែលគួរធ្វើ បើមិនអាចបដិសេធជាមួយនឹងការលើកលែងទោស ព្រោះឥឡូវវាចង់ហួសពេលទៅហើយ ប៉ុន្តែបើសិនជាធ្វើបាន លោកកឹម សុខា ទុកមរតកវីរភាពនយោបាយរបស់ខ្លួនធំណាស់ នៅក្នុងប្រវត្តិសាស្ត្រនយោបាយកម្ពុជា ។ មានន័យថា លោកកឹម សុខា គឺជាមនុស្សម្នាក់ដែលគ្រវែងចោលនូវសេរីភាពខ្លួនឯង ដែលគ្រវែងចោលនូវផលប្រយោជន៍ខ្លួនឯង ដើម្បីយុត្តិធម៌ ដើម្បីសេរីភាពរបស់ពលរដ្ឋទាំងមូល។ ប៉ុន្តែឥឡូវនេះ គឺក្ដីសង្ឃឹមមួយនេះ គឺបាត់បង់ហើយ ក្តីសង្ឃឹមដែលថា លោកកឹម សុខា នឹងលះបង់សេរីភាពខ្លួនឯង ដើម្បីសេរីភាពពលរដ្ឋ លះបង់សេរីភាពខ្លួនឯង ដើម្បីយុត្តិធម៌របស់ពលរដ្ឋ មកដល់ថ្ងៃបញ្ចប់ មកដល់ថ្ងៃអវសាន អត់មានទៀតទេ» ។

លោកបណ្ឌិត សេង សារី បន្ថែមថា «អ៊ីចឹងហើយ យកល្អបំផុត ដើម្បីធ្វើម៉េចកុំឲ្យអ្នកដែលគាំទ្រគណបក្សសង្គ្រោះជាតិ មានការឈឺចាប់កាន់តែខ្លាំងទៅទៀត គឺលោកកឹម សុខា គួរតែប្រកាសលាលែងពីប្រធានគណបក្សសង្រ្គោះជាតិ ជាផ្លូវការ ឲ្យលឿនបំផុត ដែលអាចធ្វើទៅបាន។ បន្ទាប់មកទៀត សម្រាកចុះ ទៅសាងផ្នួសក៏ដោយ ទៅអីធ្វើសមាធិអីក៏ដោយ គ្មានអ្នកណាថាទេ ប៉ុន្តែពន្លែងគណបក្សសង្គ្រោះជាតិ ឲ្យមកសកម្មជន ឲ្យមកមេដឹកនាំបន្តផ្សេងទៀតផង ។ លែងគណបក្សសង្គ្រោះជាតិ បានហើយពេលនេះ ឈប់ឱបគណបក្សសង្គ្រោះជាតិ យកទៅសម្លាប់ ខ្ញុំប្រាប់យកបុណ្យ! បើមិនអ៊ីចឹងទេ លោកកឹម សុខា នឹងទុកមរតកនៃការឈឺចាប់ ទុកមត៌កនិងនៃការបាត់បង់ក្ដីសង្ឃឹម ទុកមរតកនៃការលះបង់របស់អ្នកតស៊ូនៅលើសង្វៀនជាមួយលោកកឹម សុខា ជាពិសេសសកម្មជន កម្មករ កម្មការិនី អ្នកខ្លះបែកក្បាល អ្នកខ្លះបាត់បង់ជីវិត អ្នកខ្លះពិការ អ្នកខ្លះនិរាសព្រាត់ប្រាសក្រុមគ្រួសារ ដោយសារតែការគាំទ្រគណបក្សសង្គ្រោះជាតិ ។ បើធៀបជាមួយនឹងលោកសម រង្ស៊ី យ៉ាងហោចណាស់លោកសម រង្ស៊ី ក៏បានទាញយកសកម្មជន ទាញយកមេដឹកនាំមួយចំនួន មករកទីទួលសុវត្ថិភាព ដើម្បីពិនិត្យមើលថា តើគួរតែតស៊ូជាមួយនឹងការផ្លាស់ប្តូរនៅកម្ពុជា ដោយរបៀបណា? ខណៈដែលលោកកឹម សុខា នាំមនុស្សចូលទៅក្នុងទ្រុងនយោបាយរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយចាំឲ្យអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកលែងទោស ប៉ុន្តែគេស្ងោរស៊ីហ្នឹង ចង់អស់ហើយ ត្រីណាធាត់ហ្នឹង គេស្ងោរចង់អសហើយ ។ អ៊ីចឹងខ្ញុំបញ្ចប់បទអត្ថាធិប្បាយខ្ញុំប៉ុណ្ណឹង ជាពិសេស គឺម្ដងហើយម្ដងទៀត សូមផ្តាំទៅលោកកឹម សុខា សុំអធ្យាស្រ័យពីខ្ញុំ ខ្ញុំពិតជាមិនអាចចូលរួមអបអរសាទរនូវអ្វីដែលកំពុងតែកើតឡើងចំពោះលោកកឹម សុខា ទេ មានតែការចូលរួមរំលែកទុក្ខ ចំពោះការមកដល់ទីបញ្ចប់នៃជីវិតនយោបាយរបស់លោកកឹម សុខា ហើយជាថ្មីម្ដងទៀត សូមឲ្យលោកកឹម សុខា ដោះលែងគណបក្សសង្គ្រោះជាតិ ឲ្យលឿនបំផុត តាមដែលអាចធ្វើទៅបាន” ។

ចំណែកក្រុមអ្នកប្រយុទ្ធ CNRP (ក្រុមសម រង្ស៊ី) នៅក្រៅប្រទេស ក៏ចាប់ផ្ដើមទាមទារឲ្យលោកកឹម សុខា លាលែងពីតំណែងប្រធានខ្មោចសង្រ្គោះជាតិ នេះដែរ  ដោយលើកហេតុផលថា គេមិនអាចឈរឱបដៃមើលលោក កឹម សុខា ដែលបានលះបង់មនសិការតស៊ូជាមួយជនផ្តាច់ការ និងបានលះបង់ភាពជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីដូរយកមកសេរីភាពផ្ទាល់ខ្លួន សម្លាប់គណបក្សសង្គ្រោះជាតិ ជាមួយការបញ្ចប់ជីវិតនយោបាយរបស់ខ្លួនឡើយ ។

លិខិតអំពាវនាវ របស់ក្រុមអ្នកប្រយុទ្ធគណបក្សសង្គ្រោះជាតិ (ក្រុមអ្នកប្រយុទ្ធ CNRP) ចុះថ្ងៃសុក្រ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោក នាង សុឃុន តំណាងក្រុមអ្នកប្រយុទ្ធគណបក្សសង្រ្គោះជាតិ មានខ្លឹមសារថា «ក្រុមអ្នកប្រយុទ្ធគណបក្សសង្គ្រោះជាតិ សូមអំពាវនាវដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិទាំងក្នុងនិងក្រៅប្រទេស បងប្អូនសកម្មជនដែលបានតស៊ូលះបង់ដើម្បីបុព្វហេតុជាតិ ក្រោមស្លាកគណបក្សសង្គ្រោះជាតិ កម្មករកម្មការិនី យុវជន និងបងប្អូនប្រជាពលរដ្ឋដែលគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងអស់ ចូលរួមទាមទារនិងជំរុញឲ្យលោក កឹម សុខា លាលែងចេញពីប្រធានគណបក្សសង្គ្រោះជាតិ ដែលឈានដល់ការបើកលទ្ធភាពឲ្យគណបក្សសង្គ្រោះជាតិ អាចរៀបចំសមាជជ្រើសរើសប្រធានគណបក្សថ្មី ដើម្បីបន្តស្មារតីសង្គ្រោះជាតិ ដែលមានពលរដ្ឋគាំទ្រពាក់កណ្តាលប្រទេសកន្លងមក។

ក្រុមអ្នកប្រយុទ្ធគណបក្សសង្គ្រោះជាតិ បានសង្កេតឃើញថា ថ្មីៗនេះ លោក កឹម សុខា បានលះបង់មនសិការតស៊ូជាមួយជនផ្តាច់ការ និងបានលះបង់ភាពជាអ្នកដឹកនាំគណបក្សសង្គ្រោះជាតិ ដើម្បីដូរយកមកសេរីភាពផ្ទាល់ខ្លួន ដែលជាហេតុធ្វើឲ្យថ្នាក់ដឹកនាំ សកម្មជន យុវជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បាត់បង់ក្តីសង្ឃឹម។ លើសពីនេះទៅទៀត យើងពិតជាមិនអាចឈរឱបដៃមើលលោក កឹម សុខា សម្លាប់គណបក្សសង្គ្រោះជាតិ ជាមួយការបញ្ចប់ជីវិតនយោបាយរបស់ខ្លួនឡើយ។

ក្រុមអ្នកប្រយុទ្ធគណបក្សសង្គ្រោះជាតិ សង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ សកម្មជន យុវជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទាំងអស់ ចូលរួមសង្គ្រោះផ្ទះចាស់របស់យើង ត្រឡប់មកវិញ»៕ កុលបុត្រ

RELATED ARTICLES