ខេត្តស្វាយរៀង ៖ បុរសជាជនជាតិខ្មែរ ចំនួន២នាក់ ត្រូវបានក្រុមជនជាតិចិន ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ជួលឱ្យផ្តល់ព័ត៌មានសកម្មភាពរបស់សមត្ថកិច្ចដែលត្រៀមចុះប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញ ឱ្យពួកគេ តាមគ្រុប ដើម្បីងាយស្រួលរត់គេច មុនសមត្ថកិច្ចចុះមកដល់ដោ យផ្តល់ប្រាក់ខែ ក្នុងម្នាក់ ៥០០ដុល្លារ លុះឃើញកម្លាំងសមត្ថកិច្ចកំពុងប្រជុំជួរ ត្រៀមចុះធ្វើរដ្ឋបាលចំហ តាមផ្ទះ និងបន្ទប់ជួល ក៏លួចថត និងបោះព័ត៌មានឱ្យក្រុមជនជាតិចិន តែត្រូវសមត្ថកិច្ចប្រទះឃើញ ចាប់ក្របួចជាប់ចំ នួន ២នាក់ នាំយកទៅចាតា់ករតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យ ទាំង២នាក់ ដែលជាអ្នកស៊ីឈ្នួលផ្តល់ព័ត៌មានឱ្យក្រុមជនល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ខាងលើ បានធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង។
ជនសង្ស័យ ទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះស៊ាត បុរី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិកាឡីខាងជើង ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង និងទី២-ឈ្មោះអៀង ចាន់ភារំ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគ ខេត្តពោធិ៍សាត់។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងនគរបាលក្រុងបាវិត ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ខាងលើ ពាក់ព័ន្ធនឹងករណីសមគំនិតក្នុងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយលួចផ្តល់ព័ត៌មានឱ្យក្រុមជនល្មើសជាជនជាតិចិន អំពីប្រតិបត្តិ ការរបស់សមត្ថកិច្ច។
ប្រភពដដែល បន្តថា ជនសង្ស័យទាំង២នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួនកាលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ខណៈសមត្ថកិច្ចរៀបចំប្រមូលផ្តុំកម្លាំង ដើម្បីចុះធ្វើរដ្ឋបាលចំហ នៅតាមផ្ទះ និងបន្ទប់ជួល ស្រាប់តែមានជន សង្ស័យម្នាក់ ឈ្មោះស៊ាត បុរី បានមករកលួចថតសកម្ម ភាព និងនិយាយសារសំឡេងឆ្លងឆ្លើយក្នុងទូរស័ព្ទ គួរឱ្យសង្ស័យ (ក្រុមផ្តល់ព័ត៌មានដល់ជនប្រព្រឹត្តិបទល្មើស) រួចសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចផ្លូវក្រាលកៅស៊ូ (ផ្លូវតាព្រឹម) ស្ថិតនៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត យកមកកាន់អធិការដ្ឋាន នគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ និងបានពិនិត្យតាមទូរស័ព្ទដៃ របស់ឈ្មោះស៊ាត បុរី ទើបដឹងថា ជន សង្ស័យនេះ គឺពិតជាភ្នាក់ងារផ្តល់ព័ត៌មានពីការចុះបង្ក្រាបបទល្មើសឆបោក តាមអនឡាញ (Online Scams) របស់សមត្ថកិច្ច ទៅឱ្យជនជាតិចិន ប្រាកដមែន។
លុះមកដល់វេលាម៉ោង ៥និង១០នាទីល្ងាចថ្ងៃដដែល សមត្ថកិច្ចឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន១ នាក់ទៀត ឈ្មោះអៀង ចាន់ភារំ នៅត្រង់ចំណុចដីឡូត៍ ស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកខ្លួនត្រូវបានមេក្រុមទាញចូលគ្រូបតេឡេក្រាម ធ្វើជាភ្នាក់ងារផ្តល់ព័ត៌មានពីវត្តមានសមត្ថកិច្ច ចុះបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ទៅឱ្យជនជាតិចិន (មិនស្គាល់អត្តសញ្ញាណ) ដោយទទួលបានប្រាក់ខែ នួន ៥០០ដុល្លារ ក្នុងមួយខែ ប្រាកដមែន និងធ្វើការបាន ១០ថ្ងៃតែប៉ុណ្ណោះ ក៏បែកការតែម្តង។
ចំពោះសម្ភារៈវត្ថុតាងដកហូតបាន រួមមានម៉ូតូ ចំនួន២គ្រឿង ១-ម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FD-4714 (មធ្យោបាយធ្វើសកម្មភាព) ២-ម៉ាក Honda CLICK ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Y-7649 (មធ្យោបាយធ្វើសកម្មភាព) និងទូរស័ព្ទ ចំនួន៣គ្រឿង រួមមាន ម៉ាក ViVo ១គ្រឿង និងម៉ាក iPhone ចំនួន២គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។

ជនសង្ស័យទាំង២នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅការិ យាល័យជំនាញ និងត្រូវបានតុលាការសម្រេចឃុំខ្លួនក្នុងពន្ធគាររួចហើយ៕