ភ្នំពេញ ៖ រយៈពេលជាង ៥ឆ្នាំហើយ ក្រោយមាស សុខសោភា ដើរចេញពីផលិតកម្មថោន បាន មុន្នីល័ក្ខ គឺជាតួអង្គសំខាន់របស់ផលិតកម្មមួយនេះ ព្រោះនាងអាចច្រៀងបានជាច្រើនទម្រង់ ពិសេសគឺបទស្លូវ នៅមិនទាន់មានតារាស្រីថោន ម្នាក់ណា អាចច្រៀងបានកម្រិតលើសនាងទេ រហូតមានអ្នកខ្លះ ចាត់ទុកនាង ជាតួឯកនៅផលិតកម្មនេះទៀតផង ពោលគឺអាចជំនួសមាស សុខសោភា បាន។ អ្វីដែលគួរឲ្យកត់សម្គាល់ ថ្មីៗនេះ អ្នកគ្រប់ គ្រងថោន បានរុញបាន មុន្នីល័ក្ខ ចាប់ដៃច្រៀងជាមួយលោក ណាំ ប៊ុណ្ណារ័ត្ន ជាលើកដំបូង ដែលរឿងនេះ មុន្នីល័ក្ខ ចាត់ទុកថា ក្ដីសុបិនក្លាយជាការពិត ព្រោះតែនាងថា លោកប៊ុណ្ណារ័ត្ន ជា Idol របស់ខ្លួនទើបការចាប់ដៃគ្នាជាលើកទី១ នាងសប្បាយចិត្តក្រៃលែង តាមរយៈបទ «យំរៀងខ្លួន» ។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅ បាន មុន្នីល័ក្ខ ជាច្រើនថ្ងៃមកហើយ តែលេខនាងមិនអាចទាក់ទងបាន ទើបមិនទាន់មានការបញ្ជាក់បន្ថែមពីមូលហេតុដែលនាងចាប់ដៃគូថ្មី ជាលោកណាំ ប៊ុណ្ណារ័ត្ន ។ យ៉ាងណា នេះជាជំហានថ្មីមួយទៀតរបស់មុន្នីល័ក្ខ ដែលធ្វើឲ្យទីផ្សារចម្រៀង មានសកម្មភាពថ្មីនិងប្លែកបន្ថែមទៀត បញ្ជា ក់ថានាងនៅតែមានក្ដីសុខជាមួយផលិតកម្មថោន ខណៈដែលអ្នករួមអាជីពជាច្រើន បានចាកចេញពីផលិកម្មនេះ ទៅជ្រកនៅទ្រនំផ្សេងរៀងៗ ជាបន្ដបន្ទាប់ ។


លោកណាំ ប៊ុណ្ណារ័ត្ន និងកញ្ញាបាន មុន្នីល័ក្ខ
គួរបញ្ជាក់ថា បាន មុន្នីល័ក្ខ ធ្លាប់ច្រៀងដៃគូទាំងក្នុងនិងក្រៅឆាក ជាមួយលោក ម៉ៅ ហាជី ជាញឹកញាប់ តែបទទោលរបស់នាង ដែលល្បីល្បាញជាងគេ មានគេយកទៅច្រៀងCover ជាបន្ដបន្ទាប់ គឺបទ «កុំទៅចោលអូន» ។ អតីតតារាហង្សមាស រូបនេះ ត្រូវប៉ាន់ច្រៀងតាមកម្មវិធីដែលរៀបចំដោយ Agency តាមកម្មវិធីមង្គលការ និងជប់លៀងនានា ហើយនាងក៏មានក្រុមហ៊ុនកម្សាន្ដផ្ទាល់ខ្លួនផងដែរ ។

អ្នកខ្លះឆ្ងល់ថា មុន្នីល័ក្ខ មានសមត្ថភាពច្រៀងពីរោះ មិនចាញ់តារាល្បីៗជូរមុខទេ ប៉ុន្ដែនាងបែរជាមិនសូវល្បីឈ្មោះទៅវិញ ដែលបញ្ហានេះ អាចមកពីនាងមិនសូវមានបទសម្រុក ឬចេញមិនបានដិតដល់លើទីផ្សារ ព្រោះតារានៅផលិតកម្ម មានច្រើន ហេតុនេះបទចម្រៀងវិលជុំ ត្រូវបែងចែកគ្នាច្រៀង ។ ប៉ុន្តែការងាកមកចាប់ដៃជាមួយលោកណាំ ប៊ុណ្ណារ័ត្ន ដែលមុន្នីល័ក្ខ ចាត់ទុកជា Idol របស់ខ្លួននោះ អាចជាការស្ទាបស្ទង់ ឬតេស្ដទៅលើអ្នកគាំទ្រ បើមានការគាំទ្រច្រើន ពួកគេនឹងចេញបទថ្មីៗ ឆ្លងឆ្លើយគ្នាបន្ថែមជាមិនខាន ។

បាន មុន្នីល័ក្ខ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ មិនមានដំណឹងភ្ជាប់ស្នេហាថ្មីទេ ក្រោយផ្ដាច់ស្នេហ៍ Dj ខេក ជាច្រើនឆ្នាំ ខណៈទាំងរូបនាងនិងម្ដាយ មិនចង់ឲ្យគេរំលឹករឿងស្នេហ៍ចាស់ឡើយ ។ យ៉ាងណា គេពិបាកជឿថា មុន្នីល័ក្ខ ទុកបេះដូងឲ្យនៅទំនេរ ព្រោះតារារួមជំនាន់នាង ពួកគេខ្លះមានស្វាមីនិងកូនរៀងៗខ្លួន។

តាមប្រភពថា មុន្នីល័ក្ខ អាចជ្រើសផ្លូវសាងស្នេហាលាក់បាំង ដើម្បីកុំឲ្យខកចិត្ត ជាលើកទី២ ខណៈពេលនេះ នាងនិង Dj ខេក ប្រែមករាប់អានគ្នាធម្មតាវិញ ។

ក្រៅពី បាន មុន្នីល័ក្ខ តារាដែលក្រាញនៅថោន មានដូចជា លោក ករុណា ពេជ្រ, សុគន្ធ ថេរ៉ាយុ, ពេជ្រ ថាណា, ហង្ស សុវណ្ណារិទ្ធ និងដា សុម៉ាវត្តី ជាដើម ខណៈដែលតារាស្នូល ២ដួង គឺមាស សុខសោភា និងខេម លែងជាតារាផលិតកម្មនេះ ជិត៦ឆ្នាំហើយ ។ ចំពោះបាន មុន្នីល័ក្ខ គ្មានសញ្ញានាងដើរចេញពីថោន ឡើយ ហើយពេលនេះ នាងក្លាយជាតារាដែលមានសមត្ថភាពលេចធ្លោរបស់ផលិតកម្មមួយនេះ និងអាចច្រៀងដៃគូជាមួយតារាប្រុសរូបណាក៏បាន បើទោះជារឿងស្នេហា នៅតែគ្មានតម្រុយចូលរោងការក៏ដោយ ៕


