Friday, June 5, 2026
Homeនយោបាយជំហរកម្ពុជា ជាធ្លុងមួយ ក្នុងការដោះស្រាយអធិបតេយ្យដែនទឹកជាមួយប្រទេសថៃ

ជំហរកម្ពុជា ជាធ្លុងមួយ ក្នុងការដោះស្រាយអធិបតេយ្យដែនទឹកជាមួយប្រទេសថៃ

ភ្នំពេញ ៖ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចដំណើរការយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គ ការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ បន្ទាប់ពីភាគីថៃ បានសម្រេចដើរចេញពី MOU ឆ្នាំ២០០១ ជាឯកតោភាគី ហើយត្រូវបានថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងមន្ត្រីរាជការតាមបណ្ដាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចេញញត្តិគាំទ្រការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា យ៉ាងព្រោងព្រាតនោះ អ្នកជំនាញ បានចាត់ថា ទុកនេះចំណុចរបត់នៃជំហរកម្ពុជា ជាធ្លុងមួយ ក្នុងការដោះស្រាយអធិបតេយ្យដែនទឹក ជាមួយប្រទេសថៃ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលជាអ្នកជំនាញខាងវិទ្យាសាស្រ្តនិងភូមិសាស្រ្តនយោបាយ បានបញ្ជាក់តាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក ស្ដីពី «ចំណុចរបត់នៃជំហរកម្ពុជា ក្នុងការដោះស្រាយអធិបតេយ្យដែនទឹកជាមួយប្រទេសថៃ» ដោយលោកបានធ្វើការរៀបរាប់ថា បន្ទាប់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដី ថ្លែងការណ៍ ស្ដីពី «ដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ» នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ព្រមទាំងមន្ត្រីរាជការតាមបណ្ដាក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានចេញញត្តិគាំទ្រការសម្រេចចិត្តរបស់រាជ រដ្ឋាភិបាល យ៉ាងព្រោងព្រាត។ ការសសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីភាគីថៃ បានសម្រេចដើរចេញពី MOU ឆ្នាំ២០០១ ជាឯកតោភាគី កាលពីថ្ងៃទី៥ ខែឧសភា កន្លងទៅ។ ការណ៍នេះ បានបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជា មានគោលជំហររួមគ្នាជាធ្លុងមួយ ពីលើដល់ក្រោម ចាប់ពីថ្នាក់ដឹកនាំ រហូតដល់ប្រជាពលរដ្ឋសាមញ្ញ និងចាប់ពីមន្ត្រីរាជការ រហូតដល់កងកម្លាំងប្រដាប់អាវុធ ក្នុងការគាំទ្រដំណោះ ស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ដើម្បីដោះស្រាយព្រំដែនទឹក និងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ។ ជានិច្ចកាល កម្ពុជា តែងតែគោរពច្បាប់អន្តរជាតិ និងចៀសវាងដាច់ខាតនូវការប្រើប្រាស់កម្លាំងបាយ ឬយោធា ដើម្បីដោះស្រាយជម្លោះ។ ផ្ទុយទៅវិញ ភាគីថៃ តែងតែបង្ហាញនូវឥរិយាបថត្រឡប់ត្រ ឡិន ក្រឡាស់ពាក្យសន្យា និងប្រកាន់ជំហរមិនច្បាស់លាស់ក្នុងការដោះស្រាយជម្លោះអធិបតេយ្យជាមួយកម្ពុជា មិនថាជម្លោះដែនទឹក ឬជម្លោះដែនគោកឡើយ។ ភាគីថៃ មិនដែលគោរពតាមស្មារតីដែលប្រទេសទាំងពីរ បានឯកភាពគ្នារួចមកហើយនោះទេ ពោលគឺមិនគោរពកិច្ចព្រមព្រៀង អនុសញ្ញា សន្ធិសញ្ញា ឬអនុស្សរណៈនៃការ យោគយល់គ្នា ដែលប្រទេសទាំងពីរ ជាហត្ថលេខីនោះឡើយ។ លើសពីនេះទៅទៀត ប្រទេសថៃ ថែមទាំងបានប្រកាសលុបចោលជាឯកតោភាគី នូវ MOU ឆ្នាំ២០០១ ដែលជាក្របខ័ណ្ឌគតិយុត្តទ្វេភាគីតែមួយគត់ ដែលប្រ ទេសទាំងពីរ មានជាមូលដ្ឋានសម្រាប់ការចរចាតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា និងដែនទឹករវាងប្រទេសទាំងពីរ។ មូលហេតុគតិយុត្ត និងការរំលោភបំពានទាំងនេះហើយ ដែលបានជំរុញឱ្យកម្ពុជា សម្រេចចិត្តជាប្រវត្តិ សាស្ត្រ ក្នុងការដាក់ពាក្យប្ដឹងជាផ្លូវការ ដើម្បីបើកយន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ។

លោកបណ្ឌិត គិន ភា បញ្ជាក់ថា ការដែលកម្ពុជា រុញរឿងក្តីនេះ ទៅកាន់ឆត្រ UNCLOS ភ្លាមៗ គឺបានប្តូរទីលានប្រកួត និងបង្ខំឱ្យថៃ ត្រូវតែចូលខ្លួនមកដោះស្រាយនៅលើតុចរចាអន្តរជាតិ។ ថៃ មិនអាចប្រើប្រាស់ទម្ងន់ជារដ្ឋធំ ដើម្បីគំរាមកំហែងកម្ពុជា ជាឯកតោភាគី ឬអូសបន្លាយពេលវេលា ដើម្បីកេងចំណេញយុទ្ធសាស្ត្រ បានតទៅទៀតឡើយ ព្រោះបើទោះជាថៃ ចង់ឬមិនចង់ ថៃ មានកាតព្វកិច្ចច្បាប់អន្តរជាតិដាច់ខាត ត្រូវតែចូល ខ្លួនមកបកស្រាយ និងដោះស្រាយនៅក្នុងដំណើរការផ្សះផ្សានេះ។ យន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមឆត្រ UNCLOS នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសម្រេចបាននូវដំណោះស្រាយប្រកបដោយយុត្តិធម៌ តម្លាភាព និងនិរន្តរភាព ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ សម្រាប់ជាផលប្រយោជន៍រួម របស់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ វាក៏ជាច្រកចេញដ៏ល្អ ដែលជួយឱ្យថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អាចគេចផុតពីសម្ពាធនយោ បាយផ្ទៃក្នុងផងដែរ។ ទោះជាយ៉ាងណា លទ្ធផលចុងក្រោយយ៉ាងណានោះ គឺវាចំណុះខ្លាំងទៅលើការប្តេជ្ញាចិត្ត ភាពស្មោះត្រង់ និងសុច្ឆន្ទៈពិតប្រាកដ ពីភាគីថៃ។ ដូច្នេះសង្ឃឹមថា ភាគីថៃ នឹងមិនដើរតាមដានប្រវត្តិសាស្ត្រចាស់ ដែលនាំមកនូវភាពអាម៉ាស់ជាអន្តរជាតិ ដូចករណីរឿងក្តីប្រាសាទព្រះវិហារ កាលពីឆ្នាំ១៩៦២ នោះឡើយ។ នៅក្នុងសតវត្សរ៍ទី២១ នេះ ថៃ មិនអាចធ្វើខ្លួនជារដ្ឋទំនើង ឬរដ្ឋព្រៃ ដែលមិនស្គាល់និងមិនគោរពច្បាប់ទម្លាប់អន្តរជាតិនោះបានឡើយ ។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ដែលមានជំនាញវិទ្យា សាស្រ្តនិងភូមិសាស្រ្តនយោបាយ បានលើកឡើងតាមបណ្ដាញសង្គមនូវទស្សនៈរបស់លោក ជុំវិញជម្រើសរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលបានផ្ញើលិខិតជូនដំណឹងជាផ្លូវការ ទៅកាន់ភាគីថៃ និងអគ្គលេខាធិការអង្គ ការសហប្រជាជាតិ (UN) ដើម្បី «ចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នា ជាមួយប្រទេសថៃ នាថ្ងៃទី២ មិថុនា ២០២៦ ជាទិដ្ឋភាពច្បាប់អន្តរជាតិ លោកកត់សម្គាល់ឃើញ ៣ចំណុចដូចខាងក្រោម ៖

១. បានបញ្ជាក់ពីភាពប្រាកដនិយមរបស់កម្ពុជា លើការទទួលខុសត្រូវផ្នែកច្បាប់អន្តរជាតិ ក្នុងនាមរដ្ឋសមាជិក UNCLOS ដែលមិនទោរទន់តាមឥរិយាបថក្រឡេចក្រឡុចរបស់ថៃ ។

 ២. វានឹងបានបញ្ជាក់ពីការត្រៀមទទួលយកខ្សែបន្ទាត់ព្រំដែនសមុទ្រអន្តរជាតិ ដែលនឹងសម្រេចដោយយន្តការសម្របសម្រួលដោយបង្ខំនេះ ដែលជាខ្សែព្រំដែនសមុទ្រអន្តរជាតិ កម្ពុជា-ថៃ ខណៈពីមុនៗជាន់ត្រួតគ្នា ។

 ៣. សហគមន៍អន្តរជាតិ នឹងបានមើលឃើញកាន់តែច្បាស់ ចំពោះឥរិយាបថកម្ពុជាចំពោះច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះកម្ពុជា ស្ដីពីសន្តិភាព ។

ជាទិដ្ឋភាពនយោបាយ លោកបណ្ឌិត យង់ ពៅ មើលឃើញថា ពលរដ្ឋកម្ពុជា ទទួលបានភាពកក់ក្ដៅក្នុងចិត្ត លើករណីសមុទ្រ និងបង្កើនទំនុកចិត្តរាជរដ្ឋាភិបាល និង UN ។ ប៉ុន្តែបញ្ហាប្រឈម ថៃ បន្តបត់បែនក្រឡេចក្រឡុច ថៃ អាចនឹងប្រើកម្លាំងយោធា បង្ខំកាន់កាប់ដែនទឹក និងបង្កបញ្ហាបន្ថែមទៀត ព្រំដែនគោក ថៃ បន្តផ្លោងសង្គ្រាមចិត្ដសាស្ត្រ ។

យ៉ាងណា ជាសំណូមពរ លោកបណ្ឌិត យង់ ពៅ ថាត្រូវអភិវឌ្ឍវិស័យយោធា ជាចាំបាច់ និងបន្ទាន់ រក្សាឯក ភាពជាតិ សាមគ្គីជាតិ ធានាយុត្តិធម៌សង្គម ។

ដោយឡែក ជាទស្សនវិភាគខ្លី ស្ដីអំពី “ហេតុអ្វីកម្ពុជា ត្រូវតែប្រកាន់ជំហរអនុវត្តច្បាប់ MOU 2001? “ លោករៀល ខេមរិន្ទ្រ ប្រធានគណបក្សខ្មែរអភិរក្ស និងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ឋានៈស្មើទេសរដ្ឋមន្រ្តី បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នា ឆ្នាំ២០០១ (MOU 2001) គឺជាខែលផ្លូវច្បាប់ និងជាយន្តការទ្វេភាគីដ៏សំខាន់បំផុតរវាងកម្ពុជា-ថៃ ក្នុងការដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នា។ ការដែលកម្ពុជា ត្រូវតែបន្តការពារ និងទាមទារឱ្យមានការអនុវត្តតាមស្មារតី MOU 2001 នេះ គឺដោយសារមូល ហេតុយុទ្ធសាស្ត្រគន្លឹះ ចំនួន ៣យ៉ាង គឺ ៖

១. ការរក្សាបាននូវតុល្យភាពច្បាប់អន្តរជាតិ និងអធិបតេយ្យជាតិ ៖ MOU 2001 មិនមែនជាការកាត់ទឹកដី ឬការលះបងអធិបតេយ្យនោះទេ ប៉ុន្តែវាគឺជា «កិច្ចព្រមព្រៀងក្របខ័ណ្ឌ» ដែលភាគីទាំងពីរ បានយល់ព្រមរួមគ្នា ក្នុងការដោះស្រាយបញ្ហាបន្ទាត់ព្រំដែនសមុទ្រ ទៅទន្ទឹមគ្នានឹងការចរចាបែងចែកផលប្រយោជន៍ថាមពល (ប្រេងកាត និងឧស្ម័នធម្មជាតិ)។ ការប្រកាន់ខ្ជាប់នូវយន្តការនេះ ឆ្លុះបញ្ចាំងថា កម្ពុជា ជាទំព័ររដ្ឋបាលដ៏មានភាពចាស់ទុំ គោរពតាមគោលការណ៍ច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS)។

២. បង្ការការខាតបង់ពីការដកខ្លួនជាឯកតោភាគីរបស់ភាគីម្ខាងទៀត ៖ នៅពេលដែលភាគីថៃ ប្រកាសដកខ្លួនចេញជាឯកតោភាគី ពី MOU 2001 ជំហររបស់កម្ពុជា ក្នុងការបន្តប្រកាន់ខ្ជាប់នូវយន្តការនេះ គឺជាយុទ្ធសាស្ត្រការបរទេសដ៏ឆ្លាតឈ្លាសវៃ និងចំណេញ។ តាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីមួយ មិនអាចរំលាយចោលដោយឯកតោភាគី ដោយគ្មានការព្រមព្រៀងពីភាគីម្ខាងទៀតបានឡើយ។ ការរក្សាជំហររបស់កម្ពុជា ធ្វើឱ្យយើងមានប្រៀបខាងផ្លូវច្បាប់ នៅលើឆាកអន្តរជាតិ និងបើកផ្លូវឱ្យកម្ពុជា អាចប្រើប្រាស់ «យន្តការផ្សះផ្សាដោយចាប់បង្ខំ (Compulsory Conciliation)» ក្រោមក្របខ័ណ្ឌ UNCLOS ដើម្បីដោះស្រាយដោយសន្តិវិធី និងយុត្តិធម៌។

 ៣. ការធានានូវសន្តិសុខថាមពល និងការអភិវឌ្ឍសេដ្ឋកិច្ច យូរអង្វែង ៖ តំបន់ OCA ដែលមានឈ្មោះពេញថា “Overlapping Claims Area” (តំបន់ទាមទារអធិបតេយ្យត្រួតគ្នាលើដែនសមុទ្រ) គឺជាតំបន់សមុទ្រ ដែលមានទំហំប្រមាណ ២៦ ០០០គីឡូម៉ែត្រការ៉េ ដែលសម្បូរទៅដោយសក្តានុពលសេដ្ឋកិច្ចមហាសាល ផ្នែកធនធានប្រេងកាត និងឧស្ម័នធម្មជាតិ ដែលអាចជួយជំរុញសេដ្ឋកិច្ចជាតិកម្ពុជា ឱ្យហក់លោតទៅមុខយ៉ាងលឿន។ ប្រសិនបើគ្មានក្របខ័ណ្ឌច្បាប់ច្បាស់លាស់ ដូចជា MOU 2001 ទេ ការទាញយកផលប្រយោជន៍សេដ្ឋកិច្ច ពីតំបន់ OCA នេះ នឹងត្រូវគាំង ដែលជាការខាតបង់ឱកាសអភិវឌ្ឍន៍ដ៏ធំធេងសម្រាប់មហាគ្រួសារខ្មែរ។

តាមរយៈមូលហេតុយុទ្ធសាស្ត្រគន្លឹះ ចំនួន ៣យ៉ាង ខាងលើនេះ លោករៀល ខេមរិន្ទ្រ បានសន្និដ្ឋានថា ការអនុវត្ត និងការពារស្មារតី MOU 2001 មិនមែនគ្រាន់តែជាការចរចាព្រំដែនធម្មតានោះទេ ប៉ុន្តែវាជា «សមរភូមិបញ្ញា និងច្បាប់អន្តរជាតិ» ដើម្បីការពារផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មាតុភូមិ។ ការណ៍នេះ ទាមទារឱ្យកូនខ្មែរ គ្រប់រូប រួមទាំងយុវជន មានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាខែលការពារជាតិមួយនេះឱ្យបានគង់វង្ស និងមិនបណ្តោយឱ្យបរទេសណា មកបំពានឈ្លានពានបានឡើយ៕ កុលបុត្រ

RELATED ARTICLES