ភ្នំពេញ ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចុះបង្ក្រាបឃ្លាំងស្តុកទំនិញដ៏ធំមួយ សុទ្ធតែផលិតផលថែរក្សាសម្រស់ក្លែងក្លាយ ជាច្រើនប្រភេទ រួមទាំងម៉ាកយីហោ “នាងល្អ” ដែលគេស្គាល់ថា ជារបស់ លោកស្រី លី សុខដាឡែន ដែលជាផលិតផលថែរក្សាសម្រស់ កំពុងមានការចែកចាយ ដោយគ្មានការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ។

ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រតិបត្តិការនៃការចុះបង្ក្រាបទីតាំងផលិត ឬស្តុកទុកទំនិញក្លែងក្លាយ និងខុសច្បាប់នេះ មានការចូលរួមសហ ការរវាងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប សមត្ថកិច្ចមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ការចុះបិទឃ្លាំងនេះ មានសម្ភារនិងផលិតផលជាច្រើនមុខ ដូចជា សាប៊ូកក់សក់ ក្រែមបន្ទន់សក់ និងផលិតផលថែរក្សាស្បែកផ្សេងទៀត។
ឃ្លាំងដែលរងការបិទ មានផ្ទុកសម្ភារៈនិងផលិតផលជាច្រើនមុខ ដូចជា ៖ សាប៊ូកក់សក់ ក្រែមបន្ទន់សក់ និងផលិតផលថែរក្សាស្បែក ផ្សេងទៀត ត្រូវបានរៀបចំទុកដាក់ក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធាប់។

សមត្ថកិច្ចបានរកឃើញផលិតផលជាច្រើន ដែលពាក់ព័ន្ធការក្លែងបន្លំប្រភពនាំចូល និងគ្មានបញ្ជិកាត្រឹមត្រូវ រួមមាន ៖
១-ក្រែមបន្ទន់សក់ NEANG L’OR ពណ៌ផ្កាឈូក ចំណុះ 330ml ចំនួន៧៧កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028។
២-ក្រែមបន្ទន់សក់ NEANG L’OR ពណ៌លឿង ចំណុះ330ml ចំនួន ១២៥កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028។
៣-ក្រែមបន្ទន់សក់ NEANG L’OR ពណ៌ស្វាយ ចំណុះ 330ml ចំនួន ៥២កេស/៤៨ដប MFG: 25-10-2025 EXP:25-10-2028។
៤-សាប៊ូដុសខ្លួន NEANG L’OR ពណ៌ផ្កាឈូក ចំណុះ 800ml ចំនួន ៥៦កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028។
៥-សាប៊ូដុសខ្លួន NEANG L’OR ពណ៌លឿង ចំណុះ 800ml ចំនួន១០០កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028 ។
៦-សាប៊ូដុសខ្លួន NEANG L’OR ពណ៌ស្វាយ ចំណុះ 800ml ចំនួន៧២កេស/៣០ដប MFG: 18-09-2025 EXP:18-09-2028។
៧-សាប៊ូកក់សក់ NEANG L’OR ពណ៌លឿង ចំណុះ 500ml ចំនួន ១០៨កេស/៤៨ដប MFG: 28-10-2025 EXP:28-10-2028។
៨-សាប៊ូកក់សក់ NEANG L’OR ពណ៌ស្វាយ ចំណុះ 500ml ចំនួន ៨កេស/៤៨ដប FG: 28-10-2025 EXP:28-10-2028 ។
៩-សាប៊ូដុសខ្លួនបុប្ផា ៤ពណ៌ (ស្វាយ,ផ្កាឈូក,ទឹកក្រូច,ផ្លែប៉ោម) ចំណុះ 750ml ចំនួន២៥៧កេស/២៤ដប EXP: 17-09-2030 ។
១០-ថ្នាំដុសធ្មេញសញ្ញាក្បាលពពែ (ពណ៌ផ្លែប៉ោមបៃតង) ចំណុះ១០០ក្រាម ចំនួន ១១១កេស/១៤៤ទីប MFG: 17-10-2025 EXP:16-10-2028។
១១-សាប៊ូដុសខ្លួន BESS (ក្លិនក្រូចនិងម្នាស់) ចំនួន៩៤កេស EXP:11-01-2031។
១២-ឈុតជម្រុះកោសិកា NEANG L’OR ចំណុះ១៥ក្រាម ចំនួន១៨កេស/៤៤ប្រអប់ MFG:15-03-2024 EXP:15-03-2027។
១៣-គម្របកំប៉ុង N8 ចំនួន៤៥កេស/៥២៨ឯកតា ។
១៤-ឡេ booster white VIP ចំណុះ១៥០ក្រាម ចំនួន ៣៥១កេស/៦០កំប៉ុង MFG:25-12-2025 EXP:25-12-2028។
១៥-ផលិតផលចម្រុះ ១០០០កេស (តូច)។
១៦-សេរ៉ូមលាបមុខ THE ELF NANO ចំណុះ 60ml ចំនួន ៧៤កេស/៥០ដប MFG:11-03-2026 EXP:11-03-2028។
១៧-ក្រែមបន្ទន់សក់ FINO ចំណុះ២៣០ក្រាម ចំនួន ៨៦កេស/៣៦កំប៉ុង (គ្មានកាលបរិច្ឆេទ)។
១៨-ទឹកអប់ដាក់ក្នុងបន្ទប់ទឹក GLOBETROTTER ចំណុះ 130ml ចំនួន២កេសធំ/៤៨ដប EXP:17-08-2028 ។
១៩-ម៉ាស់បិទមុខ Dr.Jart+ ចំណុះ២៥ក្រាម ចំនួន ៣៤កេស,២៤ប្រអប់ EXP: 08-2027។
២០-ទំនិញចម្រុះ ៣២៦កេស/៤៨ដប។

គួរបញ្ជាក់ថា យោងតាមប្រភពព័ត៍មានពីក្រសួងសុខាភិបាល កន្លងទៅធ្លាប់បានបញ្ជាក់ថា ចំពោះផលិតផលថែរក្សាសម្រស់ក្លែងក្លាយ ភាគច្រើនត្រូវបានផលិតឡើងដោយគ្មានស្តង់ដារបច្ចេកទេស និងផ្ទុកទៅដោយសារ ធាតុគីមីហាមឃាត់ ដូចជា ៖ បារត ឬអ៊ីដ្រូគីណូន ដែលអាច បង្កឱ្យខូចខាតស្បែក កើតដំបៅ ឬរលាកស្បែកធ្ងន់ធ្ងរ មិនតែប៉ុណ្ណោះ វាធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរជ្រុះសក់ ឬខូចខាតស្បែកក្បាលកម្រិតធ្ងន់។
ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចស្វែងរកការបំភ្លឺពីភាគីពាក់ព័ន្ធបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕