ស្ទឹងត្រែង៖ ស្ពានអូរគួក ស្ថិតក្នុងសៀមប៉ាង ខេត្តស្ទឹងត្រែង ក្បែរព្រំដែនកម្ពុជា-ឡាវ បានបាក់ស្រុតខាងក្បាលស្ពាន ខណៈស្ពាននេះធ្វើបាន១ឆ្នាំ មិនទាន់ទាំងសម្ពោធផង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨។

តាមប្រភពបានឲ្យដឹងថា ស្ពានអូរគួកនេះ ត្រូវជំនន់ទឹកពីទំនប់វារីអគ្គិសនីនៅប្រទេសឡាវផង និងជំនន់ទឹកភ្លៀង បានវាយប្រហារ។ ទឹកជំនន់ឡើងខ្លាំងបណ្តាលឲ្យទឹកហូរបុកបាក់ច្រោះដីក្បាលស្ពានខាងកើត បាក់ស្រុតមួយកំណាត់ទាំងស្រុង។

ចំណែកឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ បានបង្ហោះសារនៅលើបណ្តាញសង្គមថា “កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ មានការបាក់ស្រុតក្បាលស្ពាន ឆ្លងទន្លេសេកុង នៅចំណុចបង្គោលលេខ78 ព្រំដែនកម្ពុជា-ឡាវ”។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា “ស្ពានឆ្លងទន្លេសេកុង (ហៅស្ពានអូរគួក) នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ កសាងដោយកំលាំងកងវិស្វកម្មរួចរាល់ជាស្ថាពរហើយ ប៉ុន្តែមិនទាន់សម្ពោធដាក់អោយប្រើប្រាស់នៅឡើយ ស្រាប់តែពេលនេះស្ពាននោះបានបាក់ស្រុតទៅវិញ៕
