Friday, November 7, 2025
Homeព័ត៌មានជាតិចាប់បង្ខាំងធ្វើ​ទារុណកម្ម បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ស​សេរ​លិខិត​ជំពាក់​ប្រាក់ សមត្ថកិច្ចចាប់បាន៤នាក់

ចាប់បង្ខាំងធ្វើ​ទារុណកម្ម បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ស​សេរ​លិខិត​ជំពាក់​ប្រាក់ សមត្ថកិច្ចចាប់បាន៤នាក់

ខេត្តព្រះសីហនុ ៖ ជនជាតិ​ចិន៤​នាក់​ ត្រូវ​នគរបាល​​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចាប់​ឃុំឃាំង​បង្ខាំង​មនុស្ស​ខុសច្បាប់​ ធ្វើ​ទារុណកម្ម​ ដោយសារតែរឿងជំពាក់លុយ ហេតុការណ៍នេះកើតឡើងនៅ​ជាន់​ទី​៤ ​សណ្ឋាគារនិង​កាស៊ីណូ​ខ្សាច់មាស​ក្នុង​ បន្ទប់​លេខ៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ។​

តាមមន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ បានឱ្យ​ដឹង​ថា ​វេលា​ម៉ោង​១៥​និង​២០​នាទី​ កាលពី​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៨​ សមត្ថកិច្ចបាន​ទទួល​ព័ត៌មាន​ថា​ នៅ​​កាស៊ីណូ​ខ្សាច់មាស​ មាន​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​ ធ្វើ​ទារុណកម្ម​។​ ពេលទទួលបានព័ត៌មានភ្លាម លោក​ឧត្តមសេនីយ៍ស្នងការបានបញ្ជាកម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ និង​កម្លាំង​ប៉ុស្តិ៍​សង្កាត់​៤​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​។​​

សមត្ថកិច្ចបាន​បន្ត​ថា ​ក្នុង​ប្រតិបត្តិការនោះ កម្លាំង​សមត្ថកិច្ច​បាន​រំដោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិន ​ចំនួន​០២​នាក់​ (ស្រីម្នាក់ ប្រុសម្នាក់)​ ទី​១-​ឈ្មោះ​ CHEN​ TI​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ចិន​ លិខិត​ឆ្លង​ដែន​លេខៈ​ ED៦៦៨០៨៤២​ ស្នាក់​នៅ​សណ្ឋាគារ​ដើម​ត្នោត​ ក្រុម​១៥​ ភូមិ​៤​ សង្កាត់​៤​ ខេត្ត​ព្រះ​សីហ​នុ​ រង​របួស​បែក​មាត់​ និង​ស្នាម​ដាច់​រលាត់​ខ្នង​ ទី​២-​ឈ្មោះ​ DAI​ YANYING​ ភេទ​ស្រី​ អាយុ​៤៤​ឆ្នាំ​ ជនជាតិ​ចិន​ លិខិត​ឆ្លង​ដែន​លេខៈ​ ED៦៦៨៩៣៨២​ ស្នាក់​នៅ​សណ្ឋាគារ​ដើម​ត្នោត​ ក្រុម​១៥​ ភូមិ​៤​ សង្កាត់​៤​ ​ខេត្ត​ព្រះ​សីហ​នុ ក្នុងនោះសមត្ថកិច្ច​ឃាត់ខ្លួន​​ជនសង្ស័យ​ជា​ជនជាតិ​ចិន ​ចំនួន​០៤​នាក់​ផងដែរ ទី​១-​ឈ្មោះ​ WU​ TAOTAO​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៤៧១១០៧៨៣​ ​,​ ទី​២-​ឈ្មោះ​ WU​ XIONGBO​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E១៨៤៨៥៥៨៨​,​ ទី​៣-​ឈ្មោះ​ WU​ XUXIANG​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៨៩៦៨៤៣២៧​ និង​ទី​៤- ​ឈ្មោះ​ REN​ JIHU​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​មិន​ពិតប្រាកដ​ លិខិតឆ្លងដែន​លេខៈ​ E៤៥៣៧០៣៤៨។ ជនសង្ស័យទាំង៤ ស្នាក់​នៅ​ជាន់​ទី​៤​ នៃ​កាស៊ីណូ​ខ្សាច់​មាស​ បន្ទប់​លេខ៤០៩​ ស្ថិត​នៅ​ក្រុម​ទី​១៥​ ភូមិ​៤​ សង្កាត់​៤​ ខេត្ត​ព្រះ​សីហ​នុ​។

ក្នុងប្រតិបត្តិការណ៍ខាងលើ សមត្ថកិច្ចបានដកវត្ថុ​តាង​ ដូចជា ​ពិល​ឆក់​ចំនួន​០២​,​រថយន្ត​០១​គ្រឿង​ ម៉ាក​ LEXUS​ RX៣០០​ ពណ៌​ស​ ស្លាក​លេខភ្នំពេញ​ 2AL-5010​។

ចំពោះ​មូលហេតុនៃការបង្ខាំងមនុស្សនេះ ដោយសារ​ជន​រង​គ្រោះ​ទាំង២នាក់បាន​ខ្ចីលុយ​ចំនួន​១០០,០០០​យាន់​ (​ ដប់​ម៉ឺន​យាន់​ )​ ពី​ក្រុម​ជនសង្ស័យ​ ដើម្បី​ឲ្យ​មិត្ត​ភក្តិយក​ទៅ​លេងល្បែង​នៅ​កាស៊ីណូ​ឆាង​យូ​។ ក្រោយពេល​មិត្តភក្តិ​ចាញ់​ល្បែងអស់គ្មានប្រាក់សង ជន​រង​គ្រោះក៏​មិនមានលុយ​សង​ក្រុម​ជនសង្ស័យ​ផងដែរ ពេលនោះក្រុមជនសង្ស័យបានចាប់​ជន​រង​គ្រោះទាំង២នាក់ ​ឃុំឃាំង​ក្នុង​បន្ទប់​ ហើយ​ធ្វើ​ទារុណកម្ម​ វាយ​ធ្វើបាប​ ប្រើ​ពិល​ឆក់​ បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ស​សេរ​លិខិត​ជំពាក់​ប្រាក់​។​

បច្ចុប្បន្ន​ ជនសង្ស័យទាមង៤នាក់​ខាងលើ​នេះ​ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ កំពុង​បន្ត​នីតិវិធីតាមផ្លូវច្បាប់​ ៕

RELATED ARTICLES