Sadio Mane បានក្លាយជាសមាជិកថ្មីមួយរូបទៀត ក្នុងបញ្ជីកីឡាកររបួសរបស់ក្លឹបហង្សក្រហម Liverpool ក្រោយមានបញ្ហារបួសបាក់ឆ្អឹងមេដៃ ក្នុងអំឡុងពេលហ្វឹកហាត់ត្រៀមលក្ខណៈប្រកួតពានរង្វាន់អាហ្រិ្វកខាប់ (Africa Cup of Nations) ប៉ះជាមួយក្រុមជម្រើសជាតិស៊ូដង់។
ខ្សែបម្រើសញ្ជាតិសេណេហ្គាល់ រូបនេះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យក្រោយមានបញ្ហាខាងលើ ហើយទំនងជាអវត្តមានក្នុងការប្រកួត Premier League ប៉ះក្លឹប Huddersfield នៅចុងសប្ដាហ៍នេះ។
Mane គឺជាសមាជិកទី៣ហើយ របស់ហង្សក្រហម ដែលមានបញ្ហារបួសជាមួយក្រុមជម្រើសជាតិ។ ខណៈខ្សែប្រយុទ្ធ Salah ដែលជាប់កាតព្វកិច្ចជាមួយអេហ្ស៊ីប ត្រូវបញ្ជូនត្រឡប់ទៅ Liverpool វិញ ក្រោយមានបញ្ហារបួសសាច់ដុំ កាលប៉ះស្វាស៊ីឡង់ និងខ្សែការពារ Virgil Van Dijk បានលេងទាំងរបួសបាក់ឆ្អឹងជំនីឲ្យក្រុមជម្រើសជាតិហូឡង់ដ៍៕