ភ្នំពេញ ៖ បុរសម្នាក់មានប្រពន្ធកូនរួចទៅហើយ បែរជាបែកគំនិតលួចលាក់ទៅសែនព្រេនប្រពន្ធថ្មី លុះក្រោយពីបង្ហោះបង្អួតរូបតាមបណ្តាញសង្គមហ្វេសប៊ុក ក៏ត្រូវស្ត្រីជាប្រពន្ធដើមប្រទះឃើញ កើតទុក្ខមិនសុខចិត្ត ប្តឹងលែងលះគ្នាឱ្យដាច់ស្រេច និងទាមទារឱ្យប្តីបង់អាហារកិច្ចចិញ្ចឹមកូនតូច២នាក់ ប៉ុន្តែបុរសជាប្តីបែរជាព្យាយាមគេចវេះមិនទទួលខុសត្រូវ។
ស្ត្រីអភ័ព្វដែលត្រូវប្តីលួចទៅសែនព្រេនប្រពន្ធថ្មី មានឈ្មោះសុខ គាថាវី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិគគីរត្បូង ឃុំគគីរ ស្រុកមេមត់ ខេត្តកំពង់ចាម។ ចំណែកបុរសជាប្តី មានឈ្មោះឆាំ ឆៃរ៉ា ហៅជាងមឿនធ្វើផ្ទះ មានស្រុកកំណើតនៅភូមិតារាជ ឃុំត្នោត ស្រុកកញ្ចៀច ខេត្តព្រៃវែង។

នាងសុខ គាថាវី បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងនិងប្តីឈ្មោះឆាំ ឆៃរ៉ា បានចាប់ចិត្ត ស្រលាញ់គ្នាដោយចិត្តនិងចិត្ត រួចក៏ត្រូវរ៉ូវគ្នា រួម រស់ជាប្តីប្រពន្ធដោយមិនបានរៀបការ ឬសែនព្រេនអ្វីទាំងអស់ តាំងពីឆ្នាំ២០១២មកម៉្លេះ ប៉ុន្តែមកដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១២ ពួកនាងក៏បានដឹកដៃគ្នាទៅសាលាឃុំធ្វើប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ ដោយមានការដឹងឮពីអាជ្ញាធរ ព្រមទាំងចាស់ទុំទាំងសងខាងផងដែរ។ ក្រោយមក ពួកនាងក៏បានរួមរស់នឹងគ្នារហូតបង្កើតបានកូនប្រុសស្រី២នាក់ ជាចំណងនិស្ស័យ ដោយក្នុងនោះ កូនស្រីច្បងសព្វថ្ងៃមានអាយុ៧ឆ្នាំហើយ ចំណែកកូនប្រុសពៅ ទើបនឹងមានអាយុជាង៣ឆ្នាំប៉ុណ្ណោះ។
នាងសុខ គាថាវី បានបន្តទាំងអួលអាក់ថា តាំងពីចាប់ដៃគ្នាមក ប្តីប្រពន្ធនាងរស់នៅល្អូកល្អិននឹងគ្នាណាស់ និងប្រឹងពួតដៃគ្នារកស៊ីតាំងពីកវែកកឆ្នាំង គ្មានលុយកាក់មួយរៀលជាប់ខ្លួន ព្រោះពេលដែលពួកនាងចាប់ដៃគ្នា គ្មានកេរអ្វីជាប់ខ្លួនដូចគ្នា។ ស្រាប់តែចូលដល់ អំឡុងពេលដែលនាងចាប់ផ្តើមមានផ្ទៃពោះកូនប្រុសទី២ នាងក៏សង្កេតឃើញថា ប្តីរបស់នាងចាប់ផ្តើមផ្លាស់ប្តូរអត្តចរិតលែងសូវយកចិត្តទុកដាក់នឹងប្រពន្ធកូន ចូលចិត្តដើរលេងផឹកស៊ី ចេញទៅធ្វើការម្តង បាត់១យប់-២យប់ ទើបត្រឡប់មកផ្ទះវិញ។ លុះដល់ថ្ងៃមួយ នាងបានទូរស័ព្ទទៅសួរប្តី ក៏ត្រូវប្តីប្រាប់ថា ជាប់រវល់ធ្វើការ តែនាងបានស៊ើបដឹងថា ប្តីកំពុងតែជួបជុំផឹកស៊ីជាមួយមិត្តភក្តិនៅហាងមួយ។ លុះនាងតាមទៅដល់កន្លែងផឹកស៊ី ប្រទះឃើញប្តីកំពុងអង្គុយផឹកឱបស្រីម្នាក់ ទើបធ្វើឱ្យផ្ទុះកំហឹងទប់មិនបាន ក៏ទាញកែវស្រាមកចាក់ស្រោចក្បាលប្តីនៅចំពោះមុខមិត្តភក្តិរបស់គេ ជាហេតុធ្វើឱ្យប្តីផ្ទុះកំហឹង ពេលចេញមកដល់ក្រៅហាងផឹកស៊ីវិញ ក៏ទាញដបទឹកអប់វាយក្បាលនាង បណ្តាលឱ្យបែកក្បាលហូរឈាម សន្លប់ស្តូកនៅតាមផ្លូវទៀតផង។ លុះពេលដែលនាងដឹងខ្លួន បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាប់តែប្តីបែរជាយកលេសដោះសាថា គេមិនបានប្រើហិង្សាវាយនាងនោះទេ តែនាងជិះម៉ូតូដួលបោកក្បាលដោយខ្លួនឯងប៉ុណ្ណោះ និងថែមទាំងឱ្យម្តាយមីងម្នាក់ចេញមុខមកធ្វើសាក្សីថា ឃើញនាងជិះម៉ូតូដួលដោយខ្លួនឯងទៀតផង។

នាងសុខ គាថាវី បានឱ្យដឹងទៀតថា ក្រោយមក កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ស្រាប់តែប្តីរបស់នាងបានលួចលាក់ទៅសែនព្រេនជាមួយនឹងស្រីថ្មី នៅឯខេត្តត្បូងឃ្មុំ ទាំងដែលនាងមិនបានដឹងអ្វីទាំងអស់។ លុះដល់ក្រោយមក ទើបនាងបានដឹងតាមរយៈឃើញគណនីហ្វេសប៊ុករបស់ប្តី បានបង្ហោះរូបភាពកៀកកើយជាមួយនឹងស្រីថ្មី ដោយអះអាងថា គេគឺជាប្រពន្ធពេញៗមាត់។ បន្ទាប់ពីដឹងថា ប្តីបានទៅលួចសែនប្រពន្ធថ្មីនោះ នាងក៏បានទៅដាក់ពាក្យបណ្តឹងឱ្យអាជ្ញាធរមូលដ្ឋាន ជួយដោះស្រាយ បំណងលែងលះជាមួយប្តីនេះឱ្យដាច់ស្រេច ពោលគឺ បើកផ្លូវឱ្យគេទៅយកស្រីថ្មីនោះពេញមុខទៅ។ ចំណែកនាងគ្រាន់តែចង់ឱ្យប្តីបង់ជាអាហារកិច្ចប្រចាំខែ ដើម្បីចិញ្ចឹមកូនប៉ុណ្ណោះ ព្រោះតាំងពីប្តីទៅសែនប្រពន្ធថ្មីមក មិនដែលផ្ញើលុយកាក់ឱ្យនាងចិញ្ចឹមកូនឡើយ ប៉ុន្តែបែរជាប្តីមិនព្រមចូលខ្លួនមកដោះស្រាយសោះ។

នាងសុខ គាថាវី បានបញ្ជាក់ថា អ្វីដែលធ្វើឱ្យនាងឆ្អែតចិត្តបំផុតនោះ គឺថាតាំងពីមានស្រីថ្មីមក ប្តីនេះបានប្លុកលេខរបស់នាងចោល ខលលែងចូលតែម្តង និងថែមទាំងបានបោះសម្តីតាមរយៈឪពុកបង្កើតរបស់នាងថា គេគ្មានប្រពន្ធ គ្មានកូនឯណា ត្រូវដោះស្រាយគ្នានោះទេ ប្រពន្ធរបស់គេមានតែម្នាក់គត់ គឺទើបនឹងសែនព្រេនយកគ្នាថ្មីៗនេះទេ។ លុះក្រោយមក ប្តីហេងស៊យរូបនេះ បានបោះសម្តីមកថា បើនាងឡើងទៅដល់ផ្ទះគេឯខេត្តព្រៃវែង នោះ គេនឹងផ្តិតមេដៃលែងលះឱ្យ ប៉ុន្តែបើឱ្យគេទៅស្រុកកំណើតរបស់នាងឯខេត្តកំពង់ចាម ដើម្បីលែងលះនោះ គេមិនទៅដាច់ខាត។ ចំណែកនាងក៏មិនព្រមទៅលែងលះនៅខាងប្តីដែរ ព្រោះប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ធ្វើនៅខាងស្រុកកំណើតរបស់នាង។

នាងសុខ គាថាវី បានអះអាងថា អ្វីដែលនាងចង់បាននៅពេលនេះ គឺឱ្យប្តីផ្តិតមេដៃលែងលះ និងបង់អាហារកិច្ចជួយចិញ្ចឹមកូនប៉ុណ្ណោះ ពោលគឺនាងមិនប្តឹងផ្តល់ប្តីវែងឆ្ងាយដល់រឿងសហាយស្មន់ ឬលួចទៅរៀបការស្រីថ្មីអ្វីនោះទេ ហើយនាងក៏មិនអាចត្រឡប់ទៅត្រូវរ៉ូវជាមួយប្តីនេះទៀតដែរ ព្រោះប្តីធ្វើដាក់នាងដល់ថ្នាក់នេះទៅហើយ នាងមិនអាចទទួលយកបានឡើយ។

ពាក់ព័ន្ធទៅនឹងរឿងរ៉ាវខាងលើនេះ “នគរធំ” មិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសជាប្តីឈ្មោះឆាំ ឆៃរ៉ា បាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕