ខេត្តកំពង់ស្ពឺ ៖ ករណីអំពើហិង្សាប្តីវាយប្រពន្ធបណ្តាលឱ្យរងរបួសយ៉ាងដំណំ រួចចាក់សោបង្ខាំងប្រពន្ធទុកក្នុងផ្ទះនេះ រហូតធ្វើឱ្យមានការផ្អើលឆោឡោដល់សាច់ញាតិ ជួយគាស់ទ្វាររំដោះស្ត្រីជាប្រពន្ធចេញមកក្រៅ និងប្តឹងសមត្ថកិច្ចចាប់ខ្លួនប្តីកំណាច យកទៅចាត់ការតាមច្បាប់ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិគោគវាយ ឃុំក្រាំងចេក ស្រុកឧដុង្គ។

ជនដៃដល់មានឈ្មោះប៊ុន ចាន់ អាយុ៥១ឆ្នាំ មុខរបរធ្វើស្រែ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះណន លៀប អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ។ ប្តីប្រពន្ធអ្នកទាំងពីរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ ប្តីនេះទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក លុះគ្រាន់តែមកដល់ផ្ទះ ក៏រករឿងឈ្លោះជាមួយគាត់ជាប្រពន្ធ ហើយបានដេញវាយគាត់នៅក្នុងផ្ទះ បណ្តាលឱ្យរងរបួសយ៉ាងដំណំ។ មិនតែប៉ុណ្ណោះ បុរសជាប្តីចិត្តកំណាច ព្រមទាំងចាក់សោទ្វារបង្ខាំងគាត់ទុកនៅក្នុងផ្ទះទៀតផង។

ក្រោយកើតហេតុ សមត្ថកិច្ច សហការជាមួយក្រមប្រឹក្សាឃុំ មេឃុំ មេភូមិ កម្លាំងប្រជាការពារ និងបងប្អូនសាច់ញាតិគ្រួសារជនបង្ក ជួយអន្តរាគមន៍ គាស់ទ្វាររំដោះយកស្ត្រីរងគ្រោះជាប្រពន្ធចេញមកក្រៅ រួចក៏ប្តឹងសមត្ថកិច្ច ចុះមកឃាត់ខ្លួនជនបង្កជាប្តី នាំយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក៕



