Saturday, July 19, 2025
Homeព័ត៌មានជាតិជិះម៉ូតូឌុបម្តាយទៅមើលល្ខោន ដល់កន្លែងស្ងាត់ លេចមុខមកទាំង៣នាក់

ជិះម៉ូតូឌុបម្តាយទៅមើលល្ខោន ដល់កន្លែងស្ងាត់ លេចមុខមកទាំង៣នាក់

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ យុវជនម្នាក់បានជិះម៉ូតូ១គ្រឿង​ដឹកម្តាយរបស់ខ្លួន​បំណងទៅមើលល្ខោនបាសាក់ ស្រាប់តែធ្វើដំណើរបានពាក់កណ្តាលផ្លូវ ដល់កន្លែងស្ងាត់ ក៏ត្រូវជនសង្ស័យ៣នាក់ ចេញមកស្ទាក់ពីមុខ រួចក៏ធ្វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្អំ ឃុំចាន់មូល ស្រុកមេមត់។ លុះស្អែកឡើង នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចក៏ធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជា បូណា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិស្រែតានង ឃុំចាន់មូល ស្រុកមេមត់ ទី២-ឈ្មោះវិត សុធា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិស្រែតានង ឃុំចាន់មូល ស្រុកមេមត់ និងទី៣-ឈ្មោះនុត ហន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជីវ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។ ចំណែកជនរងគ្រោះ២នាក់ម្តាយកូន មិនត្រូវបានស្គាល់ពីអត្តសញ្ញាណ នោះទេ គ្រាន់តែដឹងថា មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ជនរងគ្រោះ ២នាក់ម្តាយកូនខាងលើ បានជិះម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ធ្វើដំណើរចេញពីផ្ទះ បំណងទៅមើលល្ខោន បាសាក់តាមជនបទ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើដែលជាចំណុចស្ងាត់ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន៣នាក់ខាងលើ ចេញមកស្ទាក់ផ្លូវ រួចធ្វើសកម្មភាពប្លន់យកម៉ូតូពីជនរងគ្រោះទៅបាត់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ម្តាយកូន ក៏បាននាំគ្នាទៅដាក់ពាក្យបណ្តឹងដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ភ្លាមៗដែរ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកមេមត់ ចុះស្រាវជ្រាវជាបន្ទាន់ និងបានកំណត់មុខសញ្ញា តែរយៈពេល១ថ្ងៃ គឺនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក៏ឈានដល់ការចាប់ក្របួចក្រុមជនសង្ស័យទាំង៣នាក់នោះបាន ព្រមទាំងដកហូតបានម៉ូតូជនរងគ្រោះវិញផងដែរ ។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តតាម ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES