ករណីប្តីប្រើហិង្សាជះទឹកអាសុីដទៅលើប្រពន្ធកូន និងសាច់ញាតិម្នាក់ទៀត ហើយបានបើកម៉ូតូរត់គេចខ្លួន ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចនៅភូមិឬស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

ជនសង្ស័យជាប្តីកំណាចមានឈ្មោះ អ៊ុក កុម្ភៈ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិឬស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកងកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ខេត្តកំពត ជនសង្ស័យបាននៅចំណុចនៅភូមិឬស្សីដុំ ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។

ប្រភពពីសមត្ថកិច្ចបានបន្តថា បន្ទាប់ពីចាប់ខ្លួនបាន កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកអង្គរជ័យខេត្ដកំពត បានប្រគល់ខ្លួនជនសង្ស័យឲ្យសមត្ថកិច្ចខេត្ដកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ត្រីម្នាក់ដោយសារតែត្រូវប្តីវាយធ្វើបាបខ្លាំងពេក ក៏នាំកូនរត់គេចពីប្តីត្រឡប់មករស់នៅស្រុកកំណើត ធ្វើឱ្យបុរសជាប្តីខឹង ចេះតែតាមរករឿងមិនឈប់ និងគំរាមជះទឹកអាស៊ីតដាក់ទៀតផង លុះក្រោយពីទូរស័ព្ទណាត់ប្រពន្ធឱ្យមកជួបជាច្រើនដង មិនព្រមមកជួប ស្រាប់តែបុរសជាប្តីផ្ទុះកំហឹង ក៏យកទឹកអាស៊ីត ទៅតាមជះដាក់ប្រពន្ធ បណ្តាលឱ្យត្រូវចំកូនតូច រងរបួសធ្ងន់ ចំណែកស្ត្រីជាប្រពន្ធ រួមនឹងសាច់ញាតិ ម្នាក់ទៀតរងរបួសស្រាល នៅចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

ជនរងគ្រោះដែលរងរបួសដោយទឹកអាស៊ីត ទាំង៣នាក់រួមមាន ទី១-ឈ្មោះរ៉ា ស្រីនិច្ច ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិឃុំកើតហេតុខាងលើ (របួសស្រាល) ជាប្រពន្ធ។ ទី២-ឈ្មោះម៉ៃ ស្រីឡា ភេទស្រី អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅភូមិឃុំកើតហេតុ (របួសស្រាល)។ និងទី៣-ឈ្មោះណាន ឈាវភេទ ភេទប្រុស អាយុ១ខួប៦ខែ ជាកូន របួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ ចំណែកជនសង្ស័យមានឈ្មោះអ៊ុក កុម្ភៈ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករតម្លើងរោងការនៅឯភ្នំពេញ មានលំនៅឯខេត្តកំពត (ត្រូវជាប្តី)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹថា កន្លងមកឈ្មោះអ៊ុក កុម្ភៈ តែងតែប្រើប្រាស់អំពើហិង្សាវាយទៅលើប្រពន្ធឈ្មោះរ៉ា ស្រីនិច្ច ជាញឹក ញាប់ពេលទៅធ្វើការងារ និងស្នាក់នៅឯភ្នំពេញ។ ដោយទ្រាំលែងបានឈ្មោះរ៉ា ស្រីនិច្ច បានត្រឡប់មករស់នៅផ្ទះខ្លួនវិញ ឯភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។ ក្រោយមកឈ្មោះអ៊ុក កុម្ភៈ តែងតែមករករឿង និងធ្លាប់និយាយគំរាមឈ្មោះរ៉ា ស្រីនិច្ច ថានឹងជះទឹកអាស៊ីតដាក់នៅថ្ងៃណាមួយទៀតផង។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ឈ្មោះអ៊ុក កុម្ភៈ បានទូរស័ព្ទទៅឈ្មោះរ៉ា ស្រីនិច្ច ជាច្រើនដង ឱ្យទៅជួប នៅតំបន់ 7NG ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ប៉ុន្តែឈ្មោះរ៉ា ស្រីនិច្ច មិនព្រមទៅជួប ទើបធ្វើឱ្យឈ្មោះអ៊ុក កុម្ភៈ ខឹងសម្បា រហូតដល់បានបោះពាក្យសម្តីថា បើមិនទៅជួបប្រាកដជាមានរឿងហើយ។ ស្រាប់តែមកដល់វេលាម៉ោង៧យប់ថ្ងៃដដែល ឈ្មោះរ៉ា ស្រីនិច្ច ឈ្មោះម៉ៃ ស្រីឡា និងឈ្មោះណាន ឈាវ បានដើរទៅទិញម្ហូបនៅខាងកើតផ្ទះ ដោយឈ្មោះម៉ៃ ស្រីឡា ជាអ្នកពរឈ្មោះណាន ឈាវ។ ពេលទិញម្ហូបរួច ក៏ដើរត្រឡប់មកផ្ទះវិញ ស្រាប់តែភ្លាមនោះ ក៏លេចមុខឈ្មោះអ៊ុក កុម្ភៈ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ មិនចាំស្លាកលេខ ពាក់អាវពណ៌ទឹកប៊ិច ជិះពីលិចទៅកើត លុះមកដល់ ក៏បានយកទឹកអាស៊ីតជះទៅលើអ្នកទាំង៣ បណ្តាលឱ្យត្រូវមុខឈ្មោះណាន ឈាវ (ជាកូនបង្កើត) រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ឯឈ្មោះរ៉ា ស្រីនិច្ច និងឈ្មោះ ម៉ៃ ស្រីឡា រងរបួសស្រាល។

ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់ឈ្មោះអ៊ុក កុម្ភៈ បានជិះម៉ូតូរត់គេចខ្លួនបាត់៕