Monday, July 21, 2025
Homeព័ត៌មានជាតិភ្ញៀវកំពុងសប្បាយ ស្រាប់តែភ័យស្លន់ស្លោរត់ជាន់ជើងគ្នា អស់១០មុឺណដុល្លារ

ភ្ញៀវកំពុងសប្បាយ ស្រាប់តែភ័យស្លន់ស្លោរត់ជាន់ជើងគ្នា អស់១០មុឺណដុល្លារ

ខេត្តតាកែវ ៖ ក្លឹបរាត្រីមួយកន្លែង កំពុងមានភ្ញៀវចូលផឹកស៊ីរាំលេងយ៉ាងគគ្រឹកគគ្រេង ស្រាប់តែកើតមានអគ្គិភ័យឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យទាំងភ្ញៀវ ទាំងបុគ្គលិក ភ័យស្លន់ស្លោ រត់ជាន់ជើងគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចក្លឹបរាត្រី យីហោ ជុំមិត្ត១៦៨ ស្ថិតក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ។ ក្លឹបនេះមានទំហំ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ ធ្វើអំពីបេតុង ប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះសាន អ៊ាង ភេទប្រុស អាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះជា ស្រីមុំ អាយុ៤៩ឆ្នាំ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

លោកឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានបញ្ជាក់ប្រាប់ថា គ្រោះអគ្គិភ័យឆាបឆេះក្លឹបខាងលើ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ត ទើបពន្លត់បានជាស្ថាពរ។

តាមការអះអាងពីអ្នកគ្រប់គ្រងក្លឹបរាត្រីខាងលើ បានឱ្យដឹងថា គ្រោះអគ្គិភ័យមួយនេះ បានបង្កឱ្យមានការខូចខាតក្លឹបទាំងស្រុង ព្រមទាំង សម្ភារៈជាច្រើនទៀតរួមមាន ម៉ាស៊ីនត្រជាក់ចំនួន៤គ្រឿង ឧបករណ៍តន្ត្រីសម័យ (អកកាដង់) ១ឈុត សាឡុងចំនួន១០ កៅអីជ័រ កៅអី ឈើមួយចំនួន ស្រាបៀរចម្រុះមួយចំនួន និងទូរស័ព្ទដៃមួយចំនួនទៀត ជារបស់ម្ចាស់ក្លិប អ្នកបម្រើភ្លៀវ និងភ្លៀវ បានរងការខូចខាតទាំងស្រុង។ តាមការវាយតម្លៃទំហំនៃការខូចខាត ដោយគ្រោះអគ្គិភ័យខាងលើនេះ គឺបង្កឱ្យមានការខូចខាតគិតជាទឹកប្រាក់ ប្រមាណជិត១០ម៉ឺនដុល្លារឯណោះ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ច គ្រោះអគ្គិភ័យនេះសង្ស័យផ្តើចេញពីទុស្សេខ្សែភ្លើងម៉ាស៊ីនត្រជាក់។ តែយ៉ាងណា អគ្គិភ័យនេះ មិនបង្កឱ្យមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ៕

RELATED ARTICLES