តារាចម្រៀង និងសម្តែង បញ្ញា សិទ្ធិ បានស្ពាយបង្វេចហោះចេញទៅប្រទេសអូស្ត្រាលី កាលពីព្រឹកថ្ងៃទី13 ខែមីនា ឆ្នាំ2019 ដែលតាមគម្រោង បញ្ញា សិទ្ធិ ត្រូវបាត់មុខពីការច្រៀងសម្តែងក្នុងស្រុក ដល់ទៅ3ខែ។ នេះជាការចេញទៅអូស្ត្រាលី ជាលើកទី3ហើយ របស់បញ្ញា សិទ្ធិ ហើយក្រៅពីស្វះស្វែងរកលុយកសាងវត្តមួយនៅអូស្ត្រាលីនោះ បញ្ញា សិទ្ធិ ក៏ឆ្លៀតទៅជួបម្ចាស់ចិត្តនៅអូស្ត្រាលី ដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំថែមទៀត។

បញ្ញា សិទ្ធិ បានឱ្យដឹងថា “ពិតប្រាកដណាស់ ការទៅអូស្ត្រាលី ជើងនេះ ខុសពីមុនៗ ព្រោះក្រៅពីច្រៀងសម្តែងនោះ គឺត្រូវលេងឈុតកំប្លែង ដើម្បីឱ្យបងប្អូននៅទីនោះបានរីករាយផងដែរ។ ដោយឡែក ការចេញច្រៀងសម្តែងលើកទី1 នៅថ្ងៃទី16 ខែមីនា នៅរដ្ឋម៉ែលប៊ន ហើយតាមគម្រោងលោកត្រូវច្រៀងស្ទើរគ្រប់រដ្ឋទាំងអស់នៅអូស្ត្រាលី រយៈពេល2ខែ និងបន្តចេញទៅច្រៀងនៅញូវហ្សែឡែនដ៍ រយៈពេល1ខែទៀតផងដែរ”។

តារាចម្រៀងសាច់សខ្ចី មិនចាញ់តារាស្រី បញ្ញា សិទ្ធី បានឱ្យដឹងទៀតថា “សម្រាប់ប្រទេសអូស្ត្រាលី ការទៅលើកនេះ ជាលើកទី3 ចំណែកញូវហ្សែឡែនដ៍ ជាលើកទី1”។

បញ្ញា សិទ្ធិ ក៏បានឱ្យដឹងដែរថា “ចំណងស្នេហ៍លោកនិងម្ចាស់ចិត្តនៅអូស្ត្រាលី គឺនៅតែល្អធម្មតា ហើយការទៅច្រៀងលើកទី2 លោកជឿជាក់ថា គូស្នេហ៍នឹងមកមើលការសម្តែងរបស់លោក ហើយអាចរឹតចំណងស្នេហាឱ្យកាន់តែរឹងមាំថែមទៀតជាមិនខានឡើយ”។

ប៉ុន្តែទោះជាជាប់ច្រៀងសម្តែងនៅក្រៅស្រុក ដល់ទៅ3ខែមែន ក៏បញ្ញា សិទ្ធិ មិនភ្លេចសំណុំរឿងរបស់លោក ដែលបានប្តឹងបុគ្គលម្នាក់បរិហាកេរ្តិ៍លោកកាលពីខែមុនឡើយ ដោយតារាចម្រៀងរូបនេះ អះអាងថា ពេលនេះ លោកបានឱ្យមេធាវីដាក់ពាក្យប្តឹងបុគ្គលនោះ ទៅក្រសួងមហាផ្ទៃហើយ ក្នុងករណីដែលបុគ្គលនោះនៅតែមិនព្រមសុំទោសលោកជាសាធារណៈទេ គឺមានតែជួបតទល់គ្នានៅមុខតុលាការ ពេលលោកវិលត្រឡប់មកស្រុកវិញ អំឡុងពាក់កណ្តាលខែកក្កដា។

គួរបញ្ជាក់ថា មុនចេញទៅច្រៀងសម្តែងនៅអូស្ត្រាលី និងញូវហ្សែឡែនដ៍ នេះ បញ្ញា សិទ្ធិ បានថតសម្តែងរឿងភាគ2រឿង គឺរឿង “ចន្ទ្រា” របស់ទូរទស្សន៍ CTN និងរឿង “មន្តស្នេហ៍អនុសេនីយ៍”របស់ទូរទស្សន៍លេខ5៕

