ខេត្តកំពង់ចាម ៖ ករណីឃាតកម្មដ៏ព្រៃផ្សៃ សម្លាប់កាត់ក្បាលស្ត្រីចំណាស់ម្នាក់ និងចៅស្រីតូច រួចយកក្បាលទៅបោះចោលបាត់ ទុកតែដងខ្លួន បង្កឱ្យភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី០៣ ខែ មេសា ឆ្នាំ២០១៩ នៅចំណុចព្រៃចម្ការស្វាយចន្ទី ស្ថិតក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវ និងតាមរកលលាដ៍ក្បាលជនរងគ្រោះទាំង២នាក់ ឃើញហើយ បន្ទាប់ពីមានសត្វឆ្កែខាំពាំលលាដ៍ក្បាលខាងលើចូលភូមិ។

លលាដ៍ក្បាលជីដូន និងចៅស្រី ដែលត្រូវឃាតករសម្លាប់កាត់ក្បាលចោលនេះ ត្រូវបានអ្នកភូមិប្រទះឃើញ កាលពីវេលាម៉ោង៥និង៣៥នាទីល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្រោយផ្ទះរបស់ឈ្មោះប្រាក់ សេងហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពុន ស្រុកព្រៃឈរ។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចថា បានប្រទះឃើញក្បាលជនរងគ្រោះជាជីដូន នៅក្រោយផ្ទះរបស់ឈ្មោះប្រាក់ សេងហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ស្ថិតក្នុងភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ចំណែកក្បាលក្មេងស្រីរងគ្រោះជាចៅស្រី ប្រទះឃើញនៅក្នុងរបងដីចម្ការជាប់ព្រំដីរបស់ឈ្មោះប្រាក់ សេងហឿន ដែលមានចម្ងាយពីកន្លែងកើតហេតុ ប្រមាណ១៥០០ម៉ែត្រទៅ២០០០ម៉ែត្រ ស្ថិតនៅទិសខាងលិច ឆៀងខាងជើង ដោយត្រូវបានសត្វឆ្កែរបស់ម្ចាស់ផ្ទះ បានអូសយកមកដាក់ចំណុចខាងលើ។

លោកស្នងការ បានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម កម្លាំងជំនាញបានចុះធ្វើការហ៊ុំព័ទ្ធ ការពាររក្សាទុក រង់ចាំខាងជំនាញបច្ចេកទេស ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យបន្ត។ រីឯកន្លែងលាក់ទុកក្បាលសាកសពទាំងពីរនោះ សមត្ថកិច្ចនឹងបន្តរុករក និងស្រាវជ្រាវបន្តទៀត។

គួរបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ ជីដូននិងចៅស្រី ដែលត្រូវឃាតករសម្លាប់កាត់ ក្បាលយ៉ាងព្រៃផ្សៃ រួមមាន ទី១-ស្ត្រីជាជីដូន ឈ្មោះវង្ស អូន អាយុ៥៦ឆ្នាំ និងទី២-ចៅស្រីឈ្មោះខេង សាវឿន អាយុ៦ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យក្នុងសំណុំរឿងសម្លាប់កាត់ក្បាលជីដូន និងចៅស្រីនេះ មានគ្នាចំនួន២នាក់ឪពុកនិងកូន ក្នុងនោះទី១-បុរស ជាឪពុកឈ្មោះស៊ីម ខេង អាយុ៥៥ឆ្នាំ និងទី២-កូនប្រុសឈ្មោះ ស៊ីម សុខខេត អាយុ៣៦ឆ្នាំ។ ជនសង្ស័យទាំង២នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ ដែលប្រឈមមុខជាប់គុកអស់មួយជីវិត។ ហើយរហូតមកដល់ល្ងាចថ្ងៃទី០៩ ខែ មេសា ឆ្នាំ២០១៩ ជនសង្ស័យទាំង២នាក់ឪពុក និងកូន ត្រូវបានចៅក្រមចេញដីកាឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។

គួររំលឹកថា កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ មានករណីឃាតកម្មដ៏ព្រៃផ្សៃមួយ បានកើតឡើងនៅចំណុចព្រៃចម្ការស្វាយចន្ទី ខាងក្រោយផ្ទះជនរងគ្រោះ ចម្ងាយប្រមាណ៣៥០ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងបឹង ឃុំថ្មពូន ស្រុកព្រៃឈរ ដោយស្ត្រីចំណាស់ម្នាក់ រួមនឹងចៅស្រីតូច ត្រូវបានឃាតករដៃឆៅចិត្តកំណាច ធ្វើសកម្មភាពសម្លាប់យ៉ាងឃោរឃៅ ដោយកាត់ក្បាលទាំងជីដូន ទាំងចៅ រួចយកទៅគ្រវាត់ចោលរកមិនឃើញ។

តាមប្រភពពីស្ត្រីឈ្មោះដើង ថន ត្រូវជាកូនស្រីរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ នាងបានមកដល់ផ្ទះវិញ ឃើញផ្ទះបិទទ្វារចាក់សោ អត់មានមនុស្សនៅ មិនដឹងជាម្តាយ និងក្មួយស្រីទៅណា ក៏បានដើរសួរញាតិជិតខាង ប៉ុន្តែមិនមានអ្នកណាម្នាក់បានដឹងសោះ ទើបធ្វើឱ្យនាងមានការសង្ស័យ ក៏បានទៅប៉ុស្តិ៍រដ្ឋបាលថ្មពូន ដើម្បីប្តឹងសមត្ថកិច្ចឱ្យជួយតាម រកម្តាយនិងក្មួយស្រីតូច អាយុ៦ឆ្នាំ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ លោកនាយប៉ុស្តិ៍បានរាយការណ៍ជូនលោកវរសេនីយឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុក និងបានចាត់កម្លាំងសមត្ថកិច្ចតាមរកនៅជុំវិញផ្ទះ តែរកមិនឃើញសោះ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ នៅពេលតាមរក ដល់ក្រោយផ្ទះចម្ងាយប្រមាណ៣៥០ម៉ែត្រ ក៏ស្រាប់តែប្រទះឃើញសពស្ត្រីជាជីដូន បន្ទាប់មកទៀត ក៏ប្រទះឃើញសពចៅស្រីនៅក្នុងព្រៃចម្ការស្វាយចន្ទី ក្រោយផ្ទះ ដោយសពនៅឃ្លាតឆ្ងាយពីគ្នា ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងរន្ធត់ចិត្តបំផុតនោះ គឺសាកសពទាំង២នាក់ ជីដូន និងចៅស្រី សុទ្ធតែត្រូវបានឃាតករកាត់ក្បាលគ្រវាត់ចោលទាំងអស់៕