ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានដឹកនារីរូបស្រស់ម្នាក់ចេញពីក្លឹបកម្សាន្ត លុះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវក្មេងទំនើង១ក្រុម មានគ្នា៥-៦នាក់ ព្រួតដេញវាយ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ R៦ (ផ្លូវបឹងកក់) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ដោយសុំមិនបញ្ចោញឈ្មោះថា គាត់គឺជាអ្នករត់ម៉ូតូកង់បី មិនដែលមានទំនាស់ជាមួយអ្នកណា និងមិនដែលចេះរករឿងអ្នកណាទេ។ នៅមុនពេលកើតហេតុ គាត់បានទៅដឹកម៉ូយស្រីម្នាក់ចេញមកពីក្លឹបរាត្រីមួយកន្លែង នៅម្តុំក្នុងបឹងកក់ លុះពេលកំពុងធ្វើដំណើរតាមផ្លូវ ជិតដល់ស្តុបទំនប់៧០ទៅហើយ ស្រាប់តែលេចមុខក្មេងទំនើង១ក្រុម មានគ្នា៥-៦នាក់ ជិះម៉ូតូ៣គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានបើកដេញកៀរគាត់ឱ្យឈប់ រួចធ្វើសកម្មភាពព្រួតវាយ និងគប់ទៅលើរូបគាត់ និងនារីរូបស្រស់ដែលជិះលើកង់បី បណ្តាលឱ្យក្រឡាប់ម៉ូតូកង់បី រងរបួសធ្ងន់ទាំង២នាក់តែម្តង។

បុរសរងគ្រោះ បន្តថា ភ្លាមៗនោះដែរ គាត់ក៏បានរត់ទៅស្រែកហៅកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ឱ្យជួយ ប៉ុន្តែជនបង្កនាំគ្នាជិះរត់គេចខ្លួនបាត់អស់។

ដោយឡែក តាមប្រភពពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ បាននិយាយថា សង្ស័យថា ជនរងគ្រោះបើកកៀរក្មេងទំនើងទាំងនោះ ឬមួយសង្ស័យដឹកចំស្រីរបស់គេ ទើបគេយល់ច្រឡំ ទើបព្រួតដេញវាយបែបនេះ។

ក្រោយពេលកើតហេតុ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនពន្លឺ បានដឹកយកជនរងគ្រោះយកទៅព្យាបាល រឺឯម៉ូតូកង់បីរបស់ជនរងគ្រោះត្រូវបានឪពុកជិះយកទៅតាមក្រោយបាត់ទៅ៕

