ខេត្តកណ្តាល ៖ បុរសម្នាក់នៅសុខៗ ក៏ទាញដបសាំងចំនួន២ដប គប់ចូលផ្ទះអ្នកភូមិ ម្នាក់បណ្តាលឱ្យឆាបឆេះ តែសំណាងល្អ ត្រូវម្ចាស់ផ្ទះពន្លត់ទាន់ពេល លុះអ្នកភូមិម្នាក់ឃើញសកម្មភាពបែបនេះ ក៏ឃាត់ជនសង្ស័យសួរនាំ ធ្វើឱ្យកើតជាជម្លោះពាក្យសម្តី ឈានដល់ការប្រតាយប្រតប់គ្នា និងត្រូវជនសង្ស័យបានទាញដែកចុងស្រួចចាក់ទៅលើជនរងគ្រោះ បណ្តាលឱ្យធ្លុះស្មារងរបួសយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង។

ជនរងគ្រោះដែលត្រូវជនដៃដល់ចាក់ បណ្តាលឱ្យរបួសស្មា មានឈ្មោះសំណាង ពន្លឺ អាយុ២១ឆ្នាំ មុខរបរចុងភៅតុការ មានលំនៅក្នុងភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង។ ចំណែក ជនដៃដល់មានឈ្មោះសៀ តុងសេង អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិត្នោត ឃុំពារាំង ស្រុកពារាំង ខេត្តព្រៃវែង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យឈ្មោះសៀ តុងសេង បានយកសាំងចំនួន២ដបទឹកសុទ្ធ គប់សំដៅចូលទៅក្នុងផ្ទះរបស់ឈ្មោះសួង សឿង ភេទប្រុស បណ្តាលឱ្យភ្លើងឆេះឡាំងស្នោ ភ្លាមនោះត្រូវបានកូនៗឈ្មោះសួង សឿង ពន្លត់ទាន់ មិនបានបង្កឱ្យឆេះអ្វីឡើយ។ ពេលនោះ ជន រងគ្រោះឈ្មោះសំណាង ពន្លឺ ប្រទះឃើញក៏បានឃាត់ជនសង្ស័យ ដោយសួរថា ហេតុអ្វីបានជាដុតផ្ទះគេ ដឹងថាឆេះដល់ផ្ទះគេផ្សេងទៀតអត់? ស្រាប់តែជនសង្ស័យឆ្លើយថា “បើឆេះចាំគិតទៀត ជារឿងគ្រួសារអញ!” ភ្លាមនោះឈ្មោះសំណាង ពន្លឺ បានចាប់ក្របួចកអាវជនសង្ស័យ ហើយពួកគេទាំងពីរក៏បានប្រតាយប្រតប់គ្នា បន្ទាប់មកជនសង្ស័យក៏បានចាក់ទៅលើជនរងគ្រោះ (ដោយវត្ថុរឹងស្រួច) បណ្តាលឱ្យមុតត្រូវចំស្មាខាងឆ្វេង ចំនួន៤កន្លែង និងត្រូវចំឆ្អឹងជំនីរខាងឆ្វេងចំនួន ១កន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ និងឃាត់ខ្លួនឈ្មោះសៀ តុងសេង នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

