ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូដឹកស្រាបៀរ ចំនួន២កេស ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ទាំងកណ្តាលអធ្រាត្រ ស្រាប់តែអកុសល ក៏ជ្រុលចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឱ្យបោកក្បាលនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បែកក្បាលស្លាប់មួយរំពេច ស្រាប់តែភ្លាមនោះមានជនឆ្លៀតឱកាសចំនួន២នាក់ ជិះម៉ូតូមកដល់ឃើញហេតុការណ៍បែបនេះ បែរជាចុះទៅលូកហោប៉ៅខោសព យកកាបូបលុយ និងទូរស័ព្ទ១គ្រឿង រួចឡើងម៉ូតូជិះគេចចេញធ្វើព្រងើយ ពិតជាគ្មានសណ្តានជាមនុស្សបន្តិចណាសោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងជើងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រមាណ៥០០ម៉ែត្រ តាមបណ្តោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ ច្រាំងចំរះទី១ ខណ្ឌឬស្សីកែវ។
បុរសរងគ្រោះដែលជិះម៉ូតូបុករបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឱ្យបែកក្បាលស្លាប់ខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ ព្រោះ តែក្រោយកើតហេតុ ត្រូវចោរចិត្តខ្មៅលូកហោប៉ៅលួចយកកាបូបលុយបាត់ទៅហើយ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាស្កុបពី ស៊េរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HO-8788 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩៨ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន និងថែមទាំងមានដឹកស្រាបៀរ ចំនួន២កេស ដាក់នៅខាងមុខទៀតផង។ លុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាយ៉ាងម៉េច ស្រាប់តែម៉ូតូជនរងគ្រោះបានរេចង្កូតទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវ ធ្វើឱ្យជនរងគ្រោះផ្លោងទៅបោកនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បែកក្បាលស្លាប់ភ្លាមៗមួយួរំពេច។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ក៏ស្រាប់លេចមុខជនឆ្លៀតឱកាសចំនួន២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ ធ្វើដំណើរមកដល់ ឃើញសភាពបែបនេះ ក៏ឈប់ម៉ូតូមើលជនរងគ្រោះ ដោយស្មានតែជាមិត្តភក្តិ ឬអ្នកដំណើរឆ្លងកាត់ជួយឈឺឆ្អាល ទាក់ទងហៅរថយន្តសង្គ្រោះ និងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ ដឹងអី! ជនឆ្លៀតឱកាសទាំង២នាក់នោះ បែរជាចុះទៅលូកហោប៉ៅខោសពជនរងគ្រោះលួចយកកាបូបលុយ និងទូរស័ព្ទដៃចំនួន១គ្រឿង ហើយក៏នាំគ្នាឡើង ជិះម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅវិញ ធ្វើឱ្យអ្នកដែលឃើញហេតុការណ៍ បានលាន់មាត់ថា ជនឆ្លៀតឱកាសទាំង២នាក់នេះ ពិតជាគ្មានព្រហ្មវិហាធម៌ និងសណ្តានចិត្តជាមនុស្សទាល់តែសោះ ឃើញមនុស្សដេកស្លាប់ហើយ បែរជាឆ្លៀតលូកហោប៉ៅលួចលុយ និងទូរស័ព្ទរបស់សពទៀត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងបានឆែកឆេរលើខ្លួនជនរងគ្រោះ ដើម្បីរកអត្តសញ្ញាណ និងបានរកឃើញទូរស័ព្ទដៃ១គ្រឿង ម៉ាកសាំសុង ប៉ុន្តែសមត្ថកិច្ចមិនអាចឆែកទូរស័ព្ទនោះបានឡើយ ព្រោះតែជាប់លេខសម្ងាត់។

បន្ទាប់ពីធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិច្ចបានអូសយកម៉ូតូជនរងគ្រោះទៅរក្សាទុក ដើម្បីរង់ចាំសាច់ញាតិមកទទួលយក វិញ។
ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចព្យាយាមធ្វើការស្រាវជ្រាវរកសាច់ញាតិ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕